ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ក្រុម​អង្គការ​ជជុះ​ទាំង​៥​នាក់​ទៅ​កាន់តុលាការខេត្ត

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប្រធាន​អង្គការ​បរិស្ថាន និង​ការពារ​សិទ្ធិ​ពលរដ្ឋ​មួយ​រូប និង​បក្ខពួក​៤​នាក់ ផ្សេង​ទៀត​ដែល​ពលរដ្ឋ​ចោទ​ថា ជា​ក្រុម​កុងត្រូលជជុះ​ខុសច្បាប់​តែងតែ​ធ្វើ​សកម្មភាព​

ខេត្តក្រចេះ ៖ ប្រធាន​អង្គការ​បរិស្ថាន និង​ការពារ​សិទ្ធិ​ពលរដ្ឋ​មួយ​រូប និង​បក្ខពួក​៤​នាក់ ផ្សេង​ទៀត​ដែល​ពលរដ្ឋ​ចោទ​ថា ជា​ក្រុម​កុងត្រូលជជុះ​ខុសច្បាប់​តែងតែ​ធ្វើ​សកម្មភាព​ដើរ​ជំរិត​ទារប្រាក់​ពី​ក្រុម​អ្នក​រកស៊ី​ប្រៀប​ដូច​ចោរប្លន់​នោះ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​នេះ ជាប់​សង្ស័យ​ពី​បទ​កំហែង​យក មាន​ស្ថាន​ទម្ងន់ទោស និង​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន និង​បញ្ជូន​ខ្លួន​ជន​ដែល​តាំងខ្លួន​ថា​ជា​មន្ត្រី​អង្គការ​ជជុះ​ដែល​តែងតែ​ដើរ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ដាក់​បណ្តុំ​កុងត្រូលជជុះ ប្រដេញ​ឡាន​ស្ទាក់​កាក់​ទារប្រាក់​ពី​ពលរដ្ឋ​ដែល​រកស៊ី​ដឹកឈើ និង​ដឹកអុស​ពី​ជន​ទាំង​៥​នាក់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​មេ​កូន​ទាំង​៥​នាក់ បាន​ធ្វើ​សកម្មភាព​ឃាត់​ទុក​រថយន្ត​ដឹក​ក្តារ និង​សរសរ​ផ្ទះ​១​គ្រឿង​នៅ​នឹង​ផ្ទះ​របស់​ពួក​គេ​ក្នុងភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ  ដើម្បី​ជំរិត​ទារប្រាក់ កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ខ​ណះ​ដែល​ឡាន​ដឹកឈើ​មួយ​គ្រឿង​នេះ មិន​បាន​ចូល​បង់ប្រាក់​ឲ្យ​ទៅ​ពួក​គេ​ដូច​ទៅ​តាម​តម្រូវការ​ដែល​ពួក​គេ​បាន​កំណត់​នោះ​។

ជាមួយនឹង​ការ​ចាប់ខ្លួន​ក្រុម​ជនល្មើស​ដែល​តាំងខ្លួន​ថា ជា​មន្ត្រី​អង្គការ​ខុសច្បាប់​ទាំង​៥​នាក់ ពី​កម្លាំង​សមត្ថកិច្ច​នា​ថ្ងៃ​នោះ ក៏​នៅ​មាន​ជន​៣​នាក់​ផ្សេង​ទៀត​ដែល​ជា​ម្ចាស់​រថយន្ត ដឹក​ក្តារ និង​សរសរ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដូច​គ្នា​។ ដោយ​គ្រាន់តែ​ជន​៣​នាក់​ជា​ម្ចាស់​រថយន្ត និង ឈើ​គឺ​ត្រូវ​ស្ថាប័ន​មេព្រៃ​ជា​អ្នក​បន្ត​នីតិវិធី ចំណែកឯ​ក្រុម​បុគ្គលិក​អង្គការ​ជជុះ​មេ និង​កូន​៥​នាក់​នេះ គឺ​នគរបាល​ស្រុក​សំបូរ​ជា​អ្នក​អនុវត្ត​។

អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា ជន​ទាំង​៥​នាក់​ដែល​ចាប់ខ្លួន​នឹង​បញ្ជូន​ខ្លួន​នេះ​មានឈ្មោះ ស៊ឹង គឹ​ម​ស៊ា មាន​តួនាទី​ជា​ប្រធាន អង្គការ​បរិស្ថាន និង​ការពារ​សិទ្ធិ​ពលរដ្ឋ​នៅ​ខេត្តក្រចេះ និង​កូនចៅ​ចំនួន​៤​នាក់​ផ្សេង​ទៀត មាន​១.​ឈ្មោះ រាជ ប្រកប ទី​២.​ឈ្មោះ ថៃ ណា​ង ទី​៣.​ឈ្មោះ ប៊ុ​ន ចាន់​ថ្លា ទី​៤.​ឈ្មោះ ឡៃ សេង​ហ៊ា​ប ជន​ដែល​ជា​បក្ខពួក និង​ជា​កូនចៅ​ទាំង​៤​នាក់​នេះ​ជំនាញ​ខាង​ប្រដេញ​ឡាន​នៅ​ផ្លូវជាតិ និង​ជំរិត​ទារប្រាក់​ពី​រថយន្ត ឬ​រ៉ឺ​ម៉ក និងរ​ទះ​ដឹកឈើ​ដែល​ឆ្លងកាត់​ផ្លូវជាតិ​នៅ​តំបន់​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​លើ​រថយន្ត​របស់​ពួក​គេ​ដែល​ជិះ​ធ្វើ​សកម្មភាព​ខុសច្បាប់ ដែល​ពលរដ្ឋ​ចាត់​ទុក​ថា សកម្មភាព​មិន​ខុស​ពី​ចោរប្លន់​នោះ ក៏​នៅ​មាន​អាវុធ​ខុសច្បាប់​ជា​ច្រើន​ដូច​ជា​ដាវ និង​កាំបិត​ផង​ដែរ​។

បើ​តាម​សេចក្តីរាយការណ៍​នានា​ពី​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​ដែល​តាំង ខ្លួន​ជា​ប្រធាន​អង្គការ​ឈ្មោះ ស៊ឹង គឹ​ម​ស៊ា បាន​ជ្រើសរើស​កូនចៅ​របស់​ខ្លួន​ជា​ច្រើន​នាក់ និង​បាន​បោះទីតាំង​ស្នាក់​ការ​ខុសច្បាប់​ឈរជើង​នៅ​ចំណុច​ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ធ្វើ​សកម្មភាព​ខុសច្បាប់ ជា​កុងត្រូលជជុះ​នៅ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ ដោយ​សកម្មភាព​របស់​ពួក​គេ​ធ្វើ​ឡើង​ប្រៀប​ដូច​ចោរប្លន់​ជំរិត​ទារប្រាក់​ពី​រថយន្ត រ៉ឺ​ម៉ក និងរ​ទះ​ដឹកឈើ​របស់​ពលរដ្ឋ​។

មាន​ពេល​ខ្លះ​ពួក​គេ​ត្រូវ​ឡើង​លើ​រថយន្ត​រើ​កកាយ​ឆែកឆេរ​ខុសច្បាប់ នៅ​ពេល​គេ​ប្រដេញ​ស្ទាក់​ជាប់​ដោយ​សង្ស័យ​ថា មាន​ដឹកឈើ​ល្មើសច្បាប់ និង​មិន​បង់ប្រាក់​ទៅ​ឲ្យ​ពួក​គេ​នោះ​។ មិនតែប៉ុណ្ណោះ​កន្លង​មក​ពួក​គេ​បាន​បង្ក​ភាព​អនាធិបតេយ្យ​លើ​ផ្លូវជាតិ ដូច​ជា​បង្ក​គ្រោះថ្នាក់​ចរាចរ ជា​ញឹកញាប់​ដល់​អ្នក​ធ្វើ​ដំណើរ បង្ក​ឡើង​ដោយ​ការ​ប្រដេញ​ឡាន​កាក់​ទារ​លុយ​របស់​ក្រុម​ជន​ទាំងនោះ តែ​យ៉ាងណា​សំណុំរឿង​របស់​ពួក​គេ​ត្រូវ​រួច​ផុត​ពី​ទោសទណ្ឌ​រហូត ដោយសារ​តែ​តុលាការ​មិន​ចាត់ការ​។

ជាមួយនឹង​ការ​ចាប់ខ្លួន​ក្រុម​ជន​ទាំងនេះ​ពលរដ្ឋ​សម្តែង​ការ​សាទរ​លើ​វិធានការ​របស់​សមត្ថកិច្ច និង​ក៏​រំពឹង​ថា សមត្ថកិច្ច​នឹង​មាន​ចំណាត់ការ​លើ នីតិវិធី​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ក្រុម​ជន​បង្កចលាចល​ក្នុង​សង្គម​ទាំងនេះ​៕