ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​យោបល់​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​រំលោ.ភ​តុលាការ​បាន​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចង់​ឲ្យ​មានការ​ពិភាក្សា​ដោះស្រាយ​នយោបាយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចង់​ឲ្យ​មានការ​ពិភាក្សា​ដោះស្រាយ​នយោបាយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត រវាង​គណបក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥ​សាន បាន​ឆ្លើយ​តប​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អាច​រំលោភច្បាប់ រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ​នីតិរដ្ឋ ដោយ​បំពាន​សមត្ថកិច្ច​របស់​តុលាការ​ឡើយ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​រយៈ​តេ​ឡេ​ក្រាម​ថា «​សូម​ស្វាគមន៍ បំណង​ដ៏​ល្អ​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែលចង់​ឲ្យ​កម្ពុជា​មានការ​ស្រុះស្រួល​ជាតិ មាន​សុខដុមរ​មនា​នៅ​ក្នុង​សង្គម​កម្ពុជា ចង់​ឲ្យ​មាន​បរិយាកាស​នយោបាយ​ល្អ ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​» ។

លោក​បញ្ជាក់​ថា ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​កម្ពុជា មិន​អាច​រំលោភច្បាប់ រំលោភគោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ ដោយ​បំពាន​សមត្ថកិច្ច​របស់​តុលាការ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ប្រទេស​ហត្ថលេខី​ទាំង​១៨​ជា​អ្នក​ចង្អុលបង្ហាញ ។

ប​ច្ចប្ប​ន្ន​នេះ មិន​មាន​ទំនាស់​រវាង​គណបក្ស​នយោបាយ​ទេ ជា​ពិសេស​គ្មាន​ទំនាស់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។

លោក សុខ ឥ​សាន លើក​ឡើង​ថា បញ្ហា​ដែល​កើត​មាន គឺ​កើត​ចេញពី​អំពើ​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​អ្នកនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ គណបក្ស​ទាំង​ពីរ​មិន​បាន​បង្ខិតបង្ខំ​បុគ្គល​ទាំងនោះ​ឲ្យ​ប្រព្រឹត្ត​ខុសច្បាប់​ទេ ។ បើ​បុគ្គល​ប្រព្រឹត្ត​ខុសច្បាប់ ហើយ​ឲ្យ​គណបក្ស​ចេញ​មុខ​ចរចា​ដោះស្រាយ ទៅ​មិន​រួច​ជា​ដាច់ខាត ។ ការ​ប្រព្រឹត្ត​ខុសច្បាប់​របស់​បុគ្គល មិន​ប៉ះពាល់​ដល់​គណបក្ស​ទេសព្វថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ធ្វេ​ី​សកម្មភាព​នយោបាយ​ដោយ​សេរី​ស្រប​តាម​ច្បាប់​។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួលយក​អនុសាសន៍​ណា​ដែល​នាំ​ដល់​ការ​ធ្វើ​ខុសច្បាប់ រំលោភ​បំពាន​តួនាទី​និង​សមត្ថកិច្ច​របស់​តុលាការ ដែល​ផ្ទុយ​នឹង​គោល
ការណ៍​នីតិរដ្ឋ​ទ្បើ​យ ។ បើ​អត់​ពី​បុគ្គល​ម្នាក់​ពីរ​នាក់ ឬ​គណបក្ស​មួយ​ឬ​ពីរ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ មិន​មាន​ន័យ​ថា​នៅ​កម្ពុជា​ខ្វះ​ឬ​អត់​ប្រជាធិបតេយ្យ​នោះ​ទ្បើ​យ ។

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ គឺ​បន្ទាប់​ពី​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​អំពាវនាវ​ថា លោក​ចង់​ឃើញ​អ្នកនយោបាយ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ទាំង​មក​ពី​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង ធ្វើការ​ផ្សះផ្សា​ជាតិ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ។

ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក William A. Heidt គឺ​បន្ទាប់​ពី​កាលពី​ស​ប្តា​ហ៍​មុន​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា ន​យោបាយ​នៅ​កម្ពុជា​បាន​ឡើងក​ម្តៅ​ខ្លាំង ពោល​គឺ​បន្ទាប់​ពី​មានការ​ព្រមាន​សា​ជា​ថ្មី​ដោយ​គណបក្សកាន់អំណាច តាម​រយៈ​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​ទំនងជា​អាច​ឈាន​ទៅ​ដល់​រំលាយ​តំណែង​លោក សម រ​ង្ស៊ី ចេញពី​ប្រធាន​គណបក្សប្រឆាំង ។

យោង​តាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកលោក William A. Heidt ត្រូវ​បាន​គេហទំព័រវី​អូ​ឌី (VOD)​ស្រង់​សម្តី​ផ្សាយ​ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន អ្នកនយោបាយ​កម្ពុជា​គួរតែ​វិល​រក​វប្បធម៌​សន្ទនា​និង​រួបរួម​គ្នា ដើម្បី​អ្វី​ដែល​លោក​ថា គឺ​តប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់បាន ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ប្រធានបទ​ផ្សះផ្សា​ជាតិ ។ ចុងបញ្ចប់​ផ្សះផ្សា​ជាតិ មាន​ន័យ​ថា វា​ដូច​ជា​កម្លាំង​នយោបាយ​ធ្វើ​ប្រ​តិប​ត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា​អ៊ី​ចឹ​ង ! ហើយ​ការបំបែក​មនុស្ស​ចេញពី​ការ​ប្រកួត ការ​ដក​គណបក្ស ការ​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង ឬ​ជំទាស់ ជា​ជាង​វិល​មក​រក​ការ​សន្ទនា​គ្នា ការ​ធ្វើ​បែប​នេះ ខ្ញុំ​មិន​គិត​ថា​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចង់បាន​នោះ​ទេ​!» ។

លោក​បន្ត​ថា ការ​បន្ត​ប្រើប្រាស់​យន្តការ​បែប​នេះ គឺ​មិន​អាច​ជួយ​អភិវឌ្ឍន៍​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ទេ ។ បន្ទាប់​ពី​រដ្ឋសភា​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​មិន​ឲ្យ​ប្រធាន​-​អនុប្រធាន​គណបក្ស ជា​អ្នកទោស​នោះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​អនុម័ត​ច្បាប់​ទាំងឡាយ គឺជា​ការ​ពង្រឹង​លទ្ធិ ប្រជាធិបតេយ្យនៅ​កម្ពុជា ។

លោក សុខ ឥ​សាន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ថា ច្បាប់​ទាំង​ទ្បា​យ​ដែល​ត្រូវ​បាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​អនុម័ត និង​ដាក់​ឲ្យ​ប្រើប្រាស់ គឺ​ស្រប​ទៅ​នឹង​សភាពការណ៍​បច្ចុប្បន្នភាព ។ នៅ​ពេល​អនុម័ត​នោះ បើ​មានការ​ព្យាករ​ក៏​មិន​អាច​ប៉ាន់ស្មាន​បាន​រយៈពេល​វែង​ទៅ​មុខ​ដែរ​លុះត្រាតែ​ឆ្លងកាត់​ការ​អនុវត្ត​ជាក់ស្តែង​មួយ​រយៈ​ទើប​លេច​ចេញ​នូវ​បញ្ហា​មួយ​ឬ​ច្រើន ដែល​លែង​ស្រប​តាម​សភាពការណ៍​ថ្មី ដែល​ជា​សំណូមពរ​ចាំបាច់​ទាមទារ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​បញ្ហា​ទាំងនោះ ។

លោក សុខ ឥ​សាន បញ្ជាក់​ថា «​នៅបណ្តា​ប្រទេស​លើ​ពិភពលោក ក៏​គេ​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​ប្រទេស​គេ​ដែរ ។ ដូច្នេះ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឲ្យ​ស្រប​តាម​សភាពការណ៍ គឺជា​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋ ហើយក៏​ជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែរ » ។

ទាក់ទង​នឹង​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ត្រូវ​បាន​លោក អេ​ង ឆៃ​អ៊ា​ង  មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ជា​យុទ្ធវិធី​របស់​គណបក្សកាន់អំណាច និង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ។

លោក អេ​ង ឆៃ​អ៊ា​ង បញ្ជាក់​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ខ្លី​ថា «​យុទ្ធវិធី​ចង់​បញ្ចប់ជីវិត​នយោបាយ​លោក​ប្រធាន សម រ​ង្ស៊ី តាម​រយៈ​ការ​កែ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គ្មាន​ន័យ​និង​គ្មាន​ប្រសិទ្ធភាព ព្រោះ​ប្រជាប្រិយភាព​និង​ឥទ្ធិពល​នយោបាយ​របស់​លោក​ប្រធាន សម រ​ង្ស៊ី បាន​មក​ពី​ប្រជាពលរដ្ឋ មិនមែន​បាន​មក​ពី​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នោះ​ទេ»​។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប បាន​សម្រេច​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ប្រការ​៤៨​ថ្មី​(​បី​) ដោយ​លុប​បំបាត់​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគច្រើន ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង និង​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគតិច ដឹកនាំ​ដោយ​លោក កឹ​ម សុខា ។​ នៅ​ក្នុង​សម័យប្រជុំ​សភា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​ស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​លុប​បំបាត់​កុំ​ឲ្យ​មាន​ប្រធាន​-​អនុប្រធាន​គណបក្ស​ជា​អ្នកទោស ។

ចំពោះ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្សនយោបាយ​នេះ ត្រូវ​បាន​លោក សុខ ឥ​សាន ថ្លែង​ថា សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ប្រមូល​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ ក៏​ត្រូវ​បាន​លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អ្នក​មានទោស​មិន​អាច​ធ្វើ​ជា​ប្រធាន​-​អនុប្រធាន​គណបក្ស​នយោបាយ​បាន ហើយ​បើ​ទោស​ធ្ងន់ធ្ងរ​នឹង​អាច​រំលាយ​គណបក្ស​ថែម​ទៀត​ផង ។

លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​គេហទំព័រ​ក្នុងស្រុក​មួយ​ស្រង់​ប្រសាសន៍​ថា «​នៅ​កម្ពុជា គួរតែ​មានច្បាប់​នេះ គឺ​អ្នក​ដែល​មានទោស​មិន​អាច​ធ្វើ​ជា​ប្រធាន​ឬ​អនុប្រធាន​គណបក្ស​បាន​ទេ ហើយ​នៅ​ប្រទេស​ថៃ ក៏​មានច្បាប់​នេះ​ដែរ​» ។

លោក​បាន​លើក​ឡើង​ថា កន្លង​មក​លោក​ក៏​ធ្លាប់​ទាមទារ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ គឺ​បើសិនជា​មាន​គណបក្ស​ណាមួយ​រំលោភ​ទៅ​លើ​ច្បាប់បោះឆ្នោត ។ បើ​មានច្បាប់​នេះ ប្រហែលជា​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​ប្រព្រឹត្ត​ខុស ប្រយ័ត្នប្រយែង​មិន​ធ្វើ​ឲ្យ​ខុស និង​គួរតែ​អនុវត្ត ច្បាប់​ហ្នឹង​ឲ្យ​បាន​តឹង​រ៉ឹ​ង​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រព្រឹត្ត​ខុស​ចេះ​តែ​រួចខ្លួន ។

លោក ញ៉ឹក ប៊ុ​ន​ឆៃ បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​មិន​បាន​ល្អ​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់ ហើយ​សម្រាប់​លោក គឺ​លោក​គាំទ្រ​ចំពោះ​ការ​ដាក់​ទោសទណ្ឌ​អ្នក​ដែល​ធ្វើ​ផ្ទុយ​នឹង​ច្បាប់បោះឆ្នោត​របស់​យើង ។ នៅ​ពេល​ដែល​ច្បាប់​ចេញ​មក​ហើយ កាលណា​តម្រូវ​ថា​មេ​បក្ស​មិន​ត្រូវ​មានទោស ប៉ុន្តែ​បើ​យើង​មានទោស​មិន​អាច​ទៅ​ដឹកនាំ​គណបក្ស​បាន​ទេ ៕