ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿងញៀ.ន​នៅ​ភ្នំពេញ​1​ខែ​ជិត​1​ពាន់​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រយៈពេល​១​ខែកុម្ភៈ​នេះ សមត្ថកិច្ច​រាជធានី​ប្តេជ្ញា​បង្ក្រាប និង​លុប​បំបាត់​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រយៈពេល​១​ខែកុម្ភៈ​នេះ សមត្ថកិច្ច​រាជធានី​ប្តេជ្ញា​បង្ក្រាប និង​លុប​បំបាត់​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​ឲ្យ​អស់ និង​មាន​ទិស​ដៅ​បន្ត​ទៅ​បោសសំអាត​នៅ​តំបន់​ប៊ូល​ឌិ​ញ ទួល​សង្កែបុរី​កីឡា តំបន់​ជ្រោយចង្វា និង​តំបន់​ស្មុគស្មាញ​មួយ​ចំនួន​ទៀត សម្រាប់​ជំហាន​បន្ត​ទៀត ។

លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា ក្រោយ​ផែនការ​ដាក់ចុះ​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង  ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ករណី​គ្រឿងញៀន​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ដល់​ថ្ងៃ​ទី​៣១ មក​រា បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២៨៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧២៩​នាក់ (​ស្រី​១០១​នាក់​) ។

លោក​បន្ត​ថា ដោយឡែក​សម្រាប់​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៥ កុម្ភៈ សមត្ថកិច្ច​បង្ក្រាប​បាន​៦០​ករណី ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣៩​នាក់ (​ស្រី​១៧​នាក់​) ។ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ ស្ថិត​ក្រោម​វត្តមាន​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ផ្តោត​លើ​ការ​ដាក់​ផែនការ​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ទាំងអស់​ឲ្យ​បាន​ខ្លាំងក្លា​ក្នុង​ខណ្ឌ​ទាំង​១២ បន្ទាប់​ពី​មានការ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​ប្រកបដោយការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង  ប្រធាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ទៀត​ថា គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ស្នើ​ឲ្យ​គណៈ​ក​ម្មាធិ​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខណ្ឌ​ទាំង​១២​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​បានព្រម​ៗ​គ្នា​នៅ​ក្នុង​យុទ្ធនាការ​នេះ ក្នុង​នោះ​ត្រូវ​កំណត់​ទីតាំង​ដែល​មានការ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​បន្ត​កិច្ចសហការ​ស្រាវជ្រាវ​មុខសញ្ញា​ថ្មី​ដែល​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​បង្ក្រាប ។

លោក បន្ត​ថា អាជ្ញាធរ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់​គោលដៅ​ងាយ​រង​គ្រោះ និង​មាន​វិធានការ​រដ្ឋបាល​ចំពោះ​ទីតាំង​ប្រកប​អាជីវកម្ម​ណា​ដែល​មិន​សហការ និង​ត្រូវ​បង្កើន​ផែនការ បង្កើន​កម្លាំង និង​កសាង​បណ្តាញ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ចុះ​តាមដាន និង​ក្តាប់​សភាពការណ៍​ពិសេស​តំបន់​កម្សាន្ត និង​កន្លែង​ស្មុគស្មាញ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី​១​ប្រចាំ​ខែមករា ២០១៧ និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ចំ​ៗ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បំបែកសម្បុក​គ្រឿងញៀន​នៅ​បឹង​ឈូក​ឲ្យ​បាន​ក្នុង​រយៈពេល​១​ខែកុម្ភៈ​នេះ ។

សូម​រំលឹក​ដែរ​ថា តំបន់​បឹង​ឈូក ខណ្ឌ​សែន​សុខ គឺជា​ទីតាំង​ដែល​មាន​ភាព​ល្បីល្បាញ ដែល​សម្បូរ​ទៅ​ដោយ​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខ្លាំងក្លា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ហើយ​កន្លង​មក​តំបន់​មួយ​នេះ​ទោះជា​មានការ​ចុះ​បង្ក្រាប​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​បន្តបន្ទាប់​ក៏​ដោយ​គឺ​នៅ​តែ​មាន​ដដែល​ហាក់ដូចជា​មិន​ទាន់​មាន​ប្រសិទ្ធភាព​សោះ ៕