ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យ​បានឆាបឆេះ​ផ្ទះ​​៣ខ្នង​​នៅក្រុម​​៥ ភូមិ​ចំការ​​កៅស៊ូ ​ឃុំជើង​គោ ស្រុក​ព្រៃនប់ ​​យប់​មិញ​នេះ

15 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ សំឡេង​​ស្រែកទ្រហោ​យំ​​ទួញសោកទាំង​កណ្តាល​រាត្រី ​លាយឡំ​នឹង​​សំឡេងផ្ទុះ​ផែះផស់​ដោយ​សារ​តែ​​ព្រះអគ្គី​​​​​​ប្រឹង​លេបត្របាក់​លំនៅ​ឋាន​​៣ខ្នង ដែល​សង់​នៅ​ក្បែរ​គ្នា ​​ធ្វើ​ឱ្យ​មនុស្ស​ម្នា​រាប់​រយ​នាក់​នាំគ្នា​​ផ្អើល​​​ឆោ​ឡោ​​ទាំង​កណ្តាល​​អធ្រាត្រ​ងងឹត​​ឈឹង កាលពី​វេលា​​ម៉ោង​​១២​និង​​​៣០នាទី​​ឈាន​ចូល​ថ្ងៃទី​​​​​២៤ មីនា ២០១១ ​ស្រប​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​​៤ ត្រង់ចំណុច​​ក្រុម​ទី​​​៥ ភូមិ​ចំការ​​កៅស៊ូ ឃុំ​​ជើងគោ ស្រុក​​ព្រៃនប់​​​ ។

​លំនៅ​ឋាន​​ប្រជា​​ពល​រដ្ឋ​​ទាំង​​៣ខ្នង​​នេះ​ត្រូវ​បាន​​ព្រះ​​​អគ្គីបំផ្លាញ​​ទាំង​ស្រុង​គ្មានសល់ សូម្បីតែ​​សម្លៀកបំពាក់​​ ​ក៏​យក​មិន​ទាន់ដែរ ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​​មនុស្ស​​​ណាម្នាក់​​រង​របួស​ឡើយ ។ ​គ្រួសារ​ជនរងគ្រោះ​​មាន​​១​​-ឈ្មោះ​​​ទន់ ប៊ុន ភេទ​ប្រុស អាយុ​​​​​៤៨​ឆ្នាំ ​ផ្ទះ​​​ខ្ពស់​​៣ខ្នង​​ ជញ្ជាំង​ក្តារ ប្រក់​​ស័ង្កសី ទំហំ​​៧ម៉ែត្រ​គុណ​​​​១៣ម៉ែត្រ ​​ឆេះ​ទាំង​ស្រុង​​ ២-ឈ្មោះ​​​ទន់ កៅ ភេទប្រុស ​អាយុ​​៨១​ឆ្នាំ ​ផ្ទះដូចគ្នា​​​ឆេះ​ទាំង​ស្រុង​​ និង​៣-ឈ្មោះ​​ទី គៀត ​ភេទប្រុស អាយុ​​៥០​ឆ្នាំ ​ផ្ទះដូចគ្នា ឆេះ​ទាំងស្រុង​…​ផ្ទះរបស់​​​ឈ្មោះ​ទន់ ​កៅ និង​​ផ្ទះរបស់​ឈ្មោះ​ទី គៀត​ នេះ​គឺ​​មានជញ្ជាំង​​តែ​មួយ​មាន​ទទឹង​​បណ្តោយ​​ដូចគ្នា​​ទាំង​៣គ្រួសារ ។​

ព័ត៌​មាន​ជំហាន​ដំបូង​​​ពុំ​​មាននរណា​ដឹង​ពី​​មូល​ហេតុ​​ពិតប្រាកដ​នៃ​ការ​ឆាប​ឆេះ​នោះ​ទេ គ្រាន់តែ​​ដឹង​ថា ភ្លើង​​ឆេះ​ចេញពី​​ផ្ទះរបស់​ឈ្មោះ​​​ទី គៀត ​ផ្នែកខាង​​លើ ​គេ​សង្ស័យ​​​​តៗគ្នាថា​ បណ្តាលមកពី​​​​ទុស្សេ​​​ខ្សែ​ភ្លើង ។ ភ្លាមៗ​នោះ​ ​គេឃើញ​មាន​រថយន្ត​ពន្លត់​​អគ្គីភ័យ​​របស់​អធិ​ការ​ដ្ឋាន​​ប៉ូលិស​​​ស្រុក​​ទៅជួយ​បាញ់​​ទឹក​ពន្លត់​​​​​ តែពុំអាច​ជួយបាន ព្រោះអំណា​ចភ្លើង​​​ឆេះ​ខ្លាំង ហើយ​​ម្យ៉ាងវិញទៀត ​​លំនៅ​ឋាន​​នៅ​នឹង​​ចំណុចឆេះ​នោះ​មាន​ចំនួន​​​៥ខ្នង​​​នៅជាប់​ៗ​គ្នា ចន្លោះ​​តែ​២​ទៅ​៣​ម៉ែត្រ​​កន្លះ​​ពីគ្នា​ប៉ុណ្ណោះ ដែលធ្វើ​ឱ្យ​​ងាយស្រួល​​ឆេះ​រាលដាល ៕​