ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាកប្រយុទ្ធ​ស៊ីសាច់ហុតឈាម ! ភ្ញៀវ​រត់​ប្រសាច​ពេញ​រោងការ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ឆាកប្រយុទ្ធ​ដ៏​ស៊ីសាច់ហុតឈាម​រវាង​ភ្ញៀវ​ខាង​កូនកំលោះ​និង​ភ្ញៀ​ង​ខាង​កូនក្រមុំ​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​បណ្ដាល​ឲ្យ​ភ្ញៀវ​ដែល​មក​ចូលរួម​រត់​ប្រសាច …

ខេត្តកណ្តាល ៖ ឆាកប្រយុទ្ធ​ដ៏​ស៊ីសាច់ហុតឈាម​រវាង​ភ្ញៀវ​ខាង​កូនកំលោះ​និង​ភ្ញៀ​ង​ខាង​កូនក្រមុំ​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​បណ្ដាល​ឲ្យ​ភ្ញៀវ​ដែល​មក​ចូលរួម​រត់​ប្រសាច​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ប្រភព​ពី​ភ្ញៀវ​ដែល​ទៅ​ចូលរួម​ពិធី​មង្គលការ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្ញៀវ​កិត្តិយស​ចូលរួម​ពិសារ​អាហារ​យ៉ាងច្រើន​កុះករ លុះ​យប់​បន្តិច​ពិធី​រាំ​លេង​កម្សាន្ត​ក៏​ចាប់ផ្ដើម​យ៉ាង​សប្បាយ​រីករាយ ។ ខណៈ​កំពុង​រាំ​លេង​យ៉ាង​សប្បាយ​រីករាយ​ហុយ​ដី​ទ្រលោម​នោះ ភ្ញៀវ​ខាង​កូនកំលោះ​និង​ភ្ញៀវ​ខាង​កូនក្រមុំ​បាន​រាំ​ប៉ះ​គ្នា​បណ្ដាល​ឲ្យ​ផ្ទុះ​ជម្លោះ​គ្នា​មួយ​ប្រាវ​តែ​ត្រូវ​ម្ចាស់​ដើមការ​សម្របសម្រួល​ស្ងប់ស្ងាត់​វិញ ។

ប្រភព​បន្ត​ថា ប្រហែល​២០​នាទី​ក្រោយ ស្រាប់តែ​ភ្ញៀវ​ខាង​កូនកំលោះ​ដើរទៅ​សួរ​ភ្ញៀវ​ខាង​កូនក្រមុំ​ថា ពួក​ហ្អែ​ង​អាណា​គប់​ផ្លែ​ស្រកានាគ និង​ដប​ទឹក​សុទ្ធ​ទៅ​តុ​អញ ពេល​នោះ​ភ្ញៀវ​ខាង​កូនក្រមុំ​ប្រាប់​ថា សូមទោស​បង​ពួក​ខ្ញុំ​អត់​បានដឹង​ទេ ស្រាប់តែ​ភ្ញៀវ​ខាង​កូនកំលោះ​ម្នាក់​ទៀត​ស្ទុះ​មក​និយាយ​ថា អញ​មិន​ទទួលទោស​ពួក​អ្ហែង​ទេ គឺ​អញចង់​វ៉ៃ​ពួក​អ្ហែង ។ ខណៈនោះ​ដោយសារ​ភាគី​ទាំង​សងខាង​ពោរពេញ​ដោយ​អំណាច​ស្រា​ក្នុង​ខ្លួន​ផង ដោយ​ភាគី​ខាង​ភ្ញៀវ​កូនកំលោះ​មាន​គ្នា​ជាង​១០​នាក់ ឯ​ភាគី​ភ្ញៀវ​ខាង​កូនក្រមុំ​មាន​គ្នា​ជិត​២០​នាក់​បាន​ផ្ទុះ​ហិង្សា​យក​កែវ ចាន​ដេញ​វាយ និង​គប់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​កំពុង​រាំ​លេង​យ៉ាង​សប្បាយ​នោះ​រត់​ប្រសាច​ពេញ​រោងការ ទោះបីជា​នគរបាល​ប៉ុស្តិ៍​៣-៤​នាក់​ចូល​អន្តរាគមន៍​ក៏​ដោយ ។

ប្រភព​បន្ត​ទៀត​ថា ដោយសារ​អន្តរាគមន៍​មិន​បាន​នគរបាល​ប៉ុស្តិ៍​បាន​សុំ​ជំនួយ​ពី​លោក​អធិការ ហើយ​លោក​អធិការ​បញ្ជា​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​ចុះ​មក​ជួយ​អន្តរាគមន៍ និង​បាញ់​គំរាម​ឡើង​លើ​៤-៥​គ្រាប់​ទើប​ភាគី​ទាំង​សងខាង​រត់​បែក​ហ្វូង​គ្នា ។

លោក រស់ ចាន់​ថា អធិការ​នគរបាល​ស្រុក បាន​ឲ្យ​ដឹង​ថា ករណី​នេះ​គឺ​ម្ចាស់​ដើមការ​គេ​អត់​ប្តឹង​ទេ នៅ​តែ​ភាគី​បង្ក​ទាំង​សងខាង​ដែល​មាន​របួស​ស្នាម​បន្ដិចបន្តួច​ដូច​គ្នា លោក​បាន​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ធ្វើ​របាយការណ៍​រយៈពេល​២​ថ្ងៃ​ហើយ ។

លោក ស៊ឹ​ម សា​រិ​ន អធិការរង ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​លើក​ដែក បាន​ឲ្យ​ដឹង​ដែរ​ថា ជម្លោះ​នេះ​វា​មាន​ទៅ​មាន​មក ហើយ​បង្ក​ឲ្យ​រង​របួស​បែកក្បាល​បែក​ម៉ាត់ និង​ដងខ្លួន​ទាំង​សងខាង ដោយ​ភ្ញៀវ​ខាង​កូនកំលោះ​រង​របួស​៤​នាក់ ភ្ញៀវ​ខាង​កូនក្រមុំ​របួស​៣​នាក់ ហើយ​ឥឡូវ​ពាក្យបណ្តឹង​មក​ដល់​ដៃ​លោក​ទាំង​សងខាង និង​កំពុង​ហៅ​មក​សាកសួរ​ម្នាក់​ម្តង តើ​ភាគី​ទាំង​ពីរ​សម្របសម្រួល​ដោះស្រាយ​គ្នា​យ៉ាងណា នៅ​មិន​ទាន់​ដឹង​ទេ តែបើ​ចាប់​គឺ​ត្រូវ​តែ​ចាប់​ទាំង​សងខាង មិន​អាច​ចាប់​តែ​ម្ខាង​បាន​ទេ ។

ទោះជា​យ៉ាងណា លោក​អធិការរង​មិន​បាន​ប្រាប់​ពី​ឈ្មោះ​ក្រុម​ជន​បង្ក​ទាំង​សងខាង​ដែល​រង​របួស និង​អ្នក​មក​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ដោយ​ប្រាប់​ថា ទាល់តែ​មាន​បទបញ្ជា​ពី​មេ​ទើប​ហ៊ាន​បញ្ចេញ​ឯកសារ ឬ​រូបភាព​ឲ្យ​ទៅ​អ្នក​សារព័ត៌មាន​ព្រោះ​ខ្លាច​ត្រូវមាត់​មេ ៕