ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​កាំភ្លើង​ធ្លាក់​ចុះ ខណៈ​លោក​ប្រធានាធិបតី Trump ឡើង​កាន់​តំណែង

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី Barack Obama ជា​អ្នក​ជំរុញ​ដល់​ការ​លក់​កាំភ្លើង​ច្រើន​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក បើ​លោក​ត្រូវ​បាន​ជំនួស​ដោយ​លោកស្រី Hillary Clinton ។ ការ​លក់​កាំភ្លើង​បាន​កើនឡើង​យ៉ាង​ខ្លាំង

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី Barack Obama ជា​អ្នក​ជំរុញ​ដល់​ការ​លក់​កាំភ្លើង​ច្រើន​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក បើ​លោក​ត្រូវ​បាន​ជំនួស​ដោយ​លោកស្រី Hillary Clinton ។ ការ​លក់​កាំភ្លើង​បាន​កើនឡើង​យ៉ាង​ខ្លាំង ព្រោះតែ​អ្នកមាន​កាំភ្លើង​ភ័យ​ព្រួយ​ថា រដ្ឋាភិបាល​នឹង​មានច្បាប់​កាន់តែ​តឹង​រ៉ឹ​ង ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ទិញ ។
ប៉ុន្តែ​ខណៈ​មាន​លោក​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​មួយ​រូប​ឡើង​កាន់​តំណែង អ្នក​ខាងលើ​មិន​គិត​បែប​នេះ​ទៀត​ឡើយ ។ ការ​លក់​កាំភ្លើង និង​គ្រាប់កាំភ្លើង គឺ​កំពុង​តែ​ធ្លាក់​ចុះ ព្រម​ជាមួយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​កាំភ្លើង​ផង​ដែរ ។

តាំងពី​ថ្ងៃ​បោះ​ឆ្នោត​មក ក្រុមហ៊ុន​ផលិត​កាំភ្លើង​ដែល​ធ្វើ​ពាណិជ្ជកម្ម​សាធារណៈ Sturm Ruger និង American Outdoor Brand បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគហ៊ុន​ដល់​ទៅ​២០%​ឯណោះ ។

ការ​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឡើង​ដោយ FBI សម្រាប់​ការ​ទិញ​កាំភ្លើង​ភាគច្រើន​បាន​ធ្លាក់​ចុះ​២០%​ក្នុង​ខែមករា បើ​ធៀប​នឹង​ឆ្នាំ​មុន ។ វា​ក៏​បាន​ធ្លាក់​ចុះ​១៦%​ផង​ដែរ​កាលពី​ខែធ្នូ ។ រីឯ​ការ​លក់​គ្រាប់កាំភ្លើង ក៏​កំពុង​ធ្លាក់​ចុះ​ដូច​គ្នា ។

តម្រូវការ​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​អាច​ផលិត​ទាន់ ប៉ុន្តែ​ក្រុមហ៊ុន Olin ជា​ម្ចាស់​របស់ Winchester Ammunition បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ការ​លក់​គ្រាប់កាំភ្លើង​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​២០%​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​មុន បើ​ធៀប​នឹង​ត្រីមាស​ទី​៣ ។

យោង​តាម​ការិយាល័យ​គ្រឿង​ស្រវឹង ថ្នាំជក់ កាំភ្លើង និង​គ្រាប់​ផ្ទុះ​ឲ្យ​ដឹង​ថា ផលិតកម្ម​កាំភ្លើង​បាន​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​ទៅ​ទៀត​ពេល​លោក Obama កាន់​តំណែង ។ ជាក់ស្តែង FBI បាន​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​មនុស្ស​ច្រើន​ជាង​២៧​លាន​នាក់​ក្នុង​ឆ្នាំ​២០១៦ ។

ក្រុមហ៊ុន​ផលិត​កាំភ្លើង Vista Outdoor និង Sig Sauer បាន​ចាប់ផ្តើម​ផលិត​គ្រាប់កាំភ្លើង ដោយសារ​តម្រូវការ​កើនឡើង​កាលពី​ឆ្នាំ​មុន​។ បើ​ទោះជា​ការ​លក់​គ្រាប់កាំភ្លើង​កំពុង​អន់​ថយ​ក្តី វា​ជា​ផលិតផល​ដែល​អាច​ប្រើ​អស់ និង​ត្រូវការ​ទិញ​បំពេញ​ឡើង​វិញ ។

ចំណែក​កាំភ្លើង​អាច​មាន​អាយុកាល​ជា​ច្រើន​ឆ្នាំ ឬ​ជំនាន់ ។ ដូច្នេះ​ហើយ​ក្រុមហ៊ុន​ផលិត​កាំភ្លើង និង​អ្នកលក់​ត្រូវ​ពឹងផ្អែក​លើ​អ្នក​ដើរ​ប្រមូល​កាំភ្លើង ដោយ​ទិញ​កាំភ្លើង​ច្រើន​ជាង​១​ដើម និង​អតិថិជន​ទិញ​កាំភ្លើង​ដំបូង ។

លោក Louis Frutuoso ម្ចាស់​ក្រុមហ៊ុន​ផលិត​កាំភ្លើង Standard Manufacturing និយាយ​ថា ៖ « ស្ថានភាព​កាំភ្លើង​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងក្លា ។ ក្រុមហ៊ុន​ផលិត​សង្ឃឹមថា លោកស្រី Hillary នឹង​ឡើង​កាន់​តំណែង ទើប​ពួក​គេ​ផលិត​កាំភ្លើង​ជា​ច្រើន ប៉ុន្តែ​លោក​ប្រធានាធិបតី Trump បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ទៅ​វិញ ហើយ​ពេល​នេះ​ប្រជាជន​គ្មាន​គំនិត​ចង់​ទិញ​កាំភ្លើង​ទេ ព្រោះ​រដ្ឋាភិបាល​គាំទ្រ​ការ​ប្រើប្រាស់​កាំភ្លើង » ៕