ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Isuzu ប្រើ​យុទ្ធសាស្ត្រ អ្វី​ដើម្បី​វាយលុក​ទីផ្សារ​រថយន្ដ​នៅ​កម្ពុជា ?

7 ឆ្នាំ មុន

ការ​ធ្វើ​អាជីវកម្ម​ត្រូវ​តែ​មាន​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​វាយលុក​ទីផ្សារ​គោលដៅ​ដើម្បី​ទទួល​ជោគជ័យ ។ ចំពោះ​អាជីវកម្ម​ដែល​ជ្រៀតចូល​ទីផ្សារ​ក្រោយ​គេ មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ក្នុង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ តែ​

ការ​ធ្វើ​អាជីវកម្ម​ត្រូវ​តែ​មាន​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​វាយលុក​ទីផ្សារ​គោលដៅ​ដើម្បី​ទទួល​ជោគជ័យ ។ ចំពោះ​អាជីវកម្ម​ដែល​ជ្រៀតចូល​ទីផ្សារ​ក្រោយ​គេ មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ក្នុង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ តែ​ក៏​ជា​រឿង​ងាយស្រួល​បំផុត ប្រសិនបើ​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​មាន​ប្រវត្តិ​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ តាម​រយៈ​អតិថិជន​បាន​ផ្ដល់​ទំនុកចិត្ត​ទៅ​លើ​គុណភាព​នៃ​ផលិតផល ការ​បម្រើ​សេវាកម្ម និង​ការ​ចូលរួម​សកម្មភាព​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផ្សេង​ៗ ។

ងាក​មក​មើល​ទីផ្សារ​រថយន្ដ​Isuzu​នៅ​កម្ពុជា​វិញ ទើបតែ​នាំ​ចូល​ជា​ផ្លូវការ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦​ទេ តែ​ការ​លក់​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ព្រមទាំង​រំពឹង​ថា ក្នុង​ឆ្នាំ​២០១៧​នេះ នឹង​ជំរុញ​ការ​លក់​ឲ្យ​មាន​កំណើន​ទ្វេ​ដង​ថែម​ទៀត ដោយ​ផ្អែក​លើ​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ក្នុង​រង្វង់​៧%​ជា​រៀង​រាល់​ឆ្នាំ​របស់​កម្ពុជា ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​មាន​មហិច្ឆតា​ចង់​បង្កើត​រោងចក្រ​ដំឡើងរថយន្ដ​នៅ​កម្ពុជា​ផង​ដែរ ។ ដូច្នេះ តើ​ក្រុមហ៊ុន​ផ្អែក​លើ​យុទ្ធសាស្ត្រ អ្វី​ដើម្បី​ជា​គ្រឹះ​ឈរជើង​ក្នុង​ទីផ្សារ​រថយន្ដ​នៅ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​រថយន្ដ​ល្បី​ៗ​លើ​ពិភពលោក​ជា​ច្រើន ក៏​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​តូច​មួយ​នេះ​ផង​ដែរ ។ តើ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​បែប​ណា​ដើម្បី​យកឈ្នះ​ចិត្ត​អតិថិជន​ឲ្យ​ងាក​មក​ប្រើប្រាស់​រថយន្ដ​របស់​ខ្លួន បើ​រថយន្ដ​មួយ​ទឹក​ក្នុង​មួយ​ឆ្នាំ​ៗ​នាំ​ចូល​រាប់​ម៉ឺន​គ្រឿង​បែប​នេះ ?

តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ ក៏​ដូច​ជា​ផ្ដល់​បទ​សម្ភាសន៍​នានា​ពី​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ទ្រី ផេ​ដ អីុ​ស៊ូ​ហ្សុ សេល ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ និង​ការ​អង្កេត​មើល​សកម្ម ភាព​​បម្រើ​សេវាកម្ម​ក្រោយ​ការ​លក់​, ការ​សាកល្បង​ពី​គុណភាព និង​អានុភាព​នៃ​រថយន្ដ​Isuzu, ការ​ចុះ​ពិនិត្យ​រោងចក្រ​ផលិត និង​ខ្សែ​សង្វា​ក់​ដំឡើងរថយន្ដ ព្រមទាំង​បាន ឃើញ ​តួលេខ​អ្នក​កក់​រថយន្ដ​ដោយ​ផ្ទាល់ គឺជា​ភស្ដុ​តាង​សបញ្ជាក់​ថា រថយន្ដ​Isuzu ពិតជា​ស័ក្ដិសម​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ​ចំណែក​ទីផ្សារ​រថយន្ដ​នៅ​ប្រទេស​ថៃ ដូច​អ្វី​ដែល​បាន​លើក​ឡើងជា​រឿយ​ៗ​យ៉ាង​ពិតប្រាកដ ។ ជាមួយ​គ្នា​នេះ តាម​រយៈ​«​ទី​»​ទាំង​៤​ខាងក្រោម លោក​អ្នក​ពិតជា​អាច​វាយតម្លៃ​ដោយ​ខ្លួនឯង​បាន ។

១-​ទីផ្សារ​រថយន្ដ​នៅ​ប្រទេស​ថៃ
តាម​តួលេខ​ក្នុង​បទ​បង្ហាញ​ដោយ​លោកស្រី Panatda Chennavasin អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ទ្រី ផេ​ដ អីុស៊ូ​ហ្ស៊ុ សេល បាន​ឲ្យ​ដឹង​ថា រថយន្ដ​ជប៉ុន​បាន​គ្របដណ្ដប់​លើ​ទីផ្សារ​ក្នុង​ប្រទេស​ថៃ​ស្ទើរតែ​១០០% ចាប់ពី​ឆ្នាំ​១៩៨៥​មក ក្នុង​នោះ​នៅ​ឆ្នាំ​២០១៦ រថយន្ដ​ប្រភេទ​ភី​ក​អាប់​មាន​ចំណែក​ទីផ្សារ​ខ្ពស់​ជាងគេ​រហូត​ដល់​៧៥,៨% ស្រប​ពេល​ដែល​រថយន្ដ​ប្រើ​ប្រេងម៉ាស៊ូត​បាន​វាយលុក​រហូត​ដល់​៩៩,៣%​។ ចំណែក​រថយន្ដ​ភី​ក​អាប់​របស់​Isuzu ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ជុំវិញ​ពិភពលោក​ច្រើន​ជាងគេ និង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ឆ្នាំ​២០០២ ។

២-​ទីតាំង​ផលិត​រថយន្ដ Isuzu
«​អីុ​ស៊ូ​ហ្ស៊ុ​ហ្គេ​ត​វ៉េ​យ៍​» ជា​មូលដ្ឋាន​ផលិត​រថយន្ដ​មួយ​ក្នុង​ចំណោម​មូលដ្ឋាន​ចំនួន​៣ ក្រោម​ទុន​វិនិយោគ​ទឹកប្រាក់​៦.៥០០​លាន​បាត ក្នុង​តំបន់ឧស្សាហកម្ម​ហ្គេ​ត​វ៉េ​យ៍​ស៊ី​ធី ក្នុង​ខេត្ត​ឆាក់​ឆឺង​សៅ ដែល​មាន​ផ្ទៃដី​ទំហំ​៦០​ម៉ឺន​ម៉ែត្រក្រឡា ព្រមទាំង​មាន​បទដ្ឋាន​ផលិត​ទាន់សម័យ និង​សម្បូរ​បែប ធ្វើ​ឲ្យ​អីុ​ស៊ូ​ហ្ស៊ុ​អាច​បន្ថែម​សក្ដានុពល​ក្នុង​ការ​ផលិត​រថយន្ត​ភី​ក​អាប់​សរុប​ចំនួន ៤០​ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ និង​ផលិត​រថយន្ត​ដឹក​ទំនិញ​ខ្នាត​មធ្យម និង​ខ្នាត​ធំ​បាន​សរុប​ចំនួន​៣០​ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ដល់​អតិថិជន​ទូ​ទាំង​ប្រទេស​ថៃ និង​នៅ​ក្រៅប្រទេស ។

ចំណែក​ការ​ដំឡើង​តួ​រថយន្ត​ដោយ​ប្រើប្រាស់​មនុស្ស​យន្ត​ទាន់សម័យ​បំផុត​នៅ​ក្នុង​ការ​ផ្គុំ​បំណែក​ផ្សេង​ៗ​នៃ​តួ​រថយន្ត និង​បច្ចេកវិទ្យា​ដំឡើង​ខ្ពស់​បំផុត បាន​ធ្វើ​ឲ្យ​តួ​រថយន្ត​មាន​លក្ខណៈ​ជាប់​ធន់​បាន​យូរអង្វែង ។ ដើម្បី​ឱ្យ​រថយន្ត​អីុ​ស៊ូ​ហ្ស៊ុ​មានគុណ​ភាពល្អ​បំផុត ក្រុមហ៊ុន​អីុ​ស៊ូ​ហ្ស៊ុ​ម៉ូ​ទ័​រ (​ប្រទេស​ថៃ​) បាន​បង្កើត​រោងចក្រ​បាញ់ថ្នាំ និង​លាបថ្នាំ ដោយ​ផ្អែក​លើ​ទស្សនវិស័យ​៣​សំខាន់​ៗ​គឺ គុណភាព​ល្អ​បំផុត ប្រសិទ្ធភាព​ខ្ពស់​បំផុត និង​បរិយាកាស​ការងារ​ល្អ​បំផុត​។ អីុ​ស៊ូ​ហ្ស៊ុ ធ្វើ​សកម្មភាព​តាម​ប្រព័ន្ធ​គ្រប់គ្រង​ការ​ផលិត​ដ៏​លេចធ្លោ​ហៅ​ថា ​IMM ឬ​ Isuzu Manufacturing Management ដែល​ជា​សកម្មភាព​គ្រប់គ្រង​ការ​ផលិត​របស់​ក្រុម​អាជីវកម្ម​អីុ​ស៊ូ​ហ្ស៊ុ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​នាំ​យក​រថយន្ត​មិន​មាន​បទដ្ឋាន​ត្រឹមត្រូវ​ចូល​ទៅ​កាន់​ទីផ្សារ ដោយ​សកម្មភាព IMM និង​ដំណើរការ​ពិនិត្យ​គុណភាព​ក្នុង​សង្វា​ក់​ផលិតកម្ម ដើម្បី​ពិនិត្យ​គុណភាព​គ្រឿង​បរិក្ខារ​នីមួយ​ៗ​មុន​ពេល​ដំឡើង ធ្វើ​ឲ្យ​អាច​ទុកចិត្ត​បាន​ចំពោះ​ការ​គ្រប់គ្រង​គុណភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ផលិត​របស់​អីុ​ស៊ូ​ហ្ស៊ុ ។

៣-​ទីលាន​បើក​សាកល្បង
ក្រុមហ៊ុន​បាន​បង្កើត​ទីលាន​បើកបរ​មួយ​ឈ្មោះ​ថា «​ទីលាន​បើកបរ​រថយន្ត Four Wheel Drive អីុ​ស៊ូ​ហ្ស៊ុ ប៉ា​តា​យ៉ា​» ដែល​បាន​ចាប់ផ្ដើម​បើក​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩២ ជាទី​សាកល្បង​រថយន្ត​ប៉ុង​ពីរ (Four Wheel Drive) ធំ​ជាងគេ​បំផុត ល្អ​ជាងគេ​បំផុត និង​សម្បូរ​បែប​ជាងគេ​បំផុត​ក្នុង​ប្រទេស​ថៃ ដែល​បាន​បំពេញ​តួនាទី​ជា​សាលា​បណ្ដុះបណ្ដាល​ពី​វិធី​ប្រើប្រាស់​រថយន្ត Four Wheel Drive យ៉ាង​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​បំផុត​ដល់​អ្នក​ប្រើប្រាស់​រថយន្ត ។ ដោយ​ក្នុង​នោះ​មាន​អ្នក​មក​ចូលរួម​ពី​ផ្នែក​រដ្ឋ និង​ឯកជន ហើយ​ត្រូវ​បាន​កត់ត្រា​ថា ជា​សកម្មភាព​មួយ​ដើម្បី​សង្គម តាម​ទស្សនវិស័យ​របស់​ស្ថាប័ន «​វិ​ថី​អីុ​ស៊ូ​ហ្ស៊ុ​» ។

ការ​បើក​សាកល្បង​នៅ​ទីលាន​នេះ ប្រៀប​បាន​នឹង​ការ​បើកបរ​ផ្សងព្រេង​ក្នុង​ស្ថានភាព​ផ្លូវ​ដ៏​លំបាក​ដូច​ជា ផ្លូវ​រលាក់​មាន​ទួល​រដិបរដុប​, ផ្លូវ​រលាក់​មាន​ជង្ហុក​រណ្ដៅ​ធំ​ៗ, ផ្លូវ​ទួល​ខ្ពស់​ឡើង​ចុះ​ៗ​កម្ពស់​១០​ម៉ែត្រ​, ផ្លូវ​ទួល​សំ​យ៉ុ​ង​ចុះ​ក្រោម​, ផ្លូវ​ថ្ម​រលាក់​, ផ្លូវ​តូច​ចង្អៀត​, ផ្លូវ​ពាក់កណ្ដាល​គោក ពាក់កណ្ដាល​ទឹក​, ផ្លូវ​ឆ្លងកាត់​ខ្សាច់​, ផ្លូវ​ស្នាមភ្លោះ​វែង​គួរ​ឲ្យ​រន្ធត់​, ផ្លូវ​ជ្រោះ​ជ្រៅ​គួរ​ឲ្យ​រន្ធត់​, ស្ពាន​ឆ្លង​អាកាស​, ជំនះ​ទំនាញផែនដី និង ទួល​ផ្អៀង​ស្រៀវ​ឆ្អឹងខ្នង ជាដើម ។

៤-​ទីផ្សារ​យុទ្ធសាស្ត្រ
តាម​ការ​អះអាង​ពី​លោកស្រី Panatda Chennavasin ក្រុមហ៊ុន​អីុ​ស៊ូ​ហ្ស៊ុ​មិន​យក​តម្លៃ​ធ្វើ​ជា​យុទ្ធសាស្ត្រ ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​នោះ​ទេ តែ​ក្រុមហ៊ុន​នៅ​តែ​ទទួល​បាន​ជោគជ័យ​ដោយ​ផ្ដោត​លើ​កា​រចនា​ម៉ូ​ដ​, គុណ​ភាពរឹងមាំ ធន់​គ្រប់​ស្ថានភាព​ផ្លូវ​, បច្ចេកវិទ្យា​នៃ​ម៉ាស៊ីន​ប្រើ​ម៉ា​ស៊ូ​ត កម្លាំង​ខ្លាំង តម្លៃ​នៃ​ការ​លក់​ឡើង​វិញ​, ការ​ផ្ដល់​សេវាកម្ម​ក្រោយ​ពេល​លក់ គ្រឿងបន្លាស់​សម្បូរ​បែប និង​បណ្ដាញ​ភ្នាក់ងារចែកចាយ​លក់ ។

គន្លឹះ​ដែល​ក្រុមហ៊ុន​អីុស៊ូ​ហ្ស៊ុ បាន​ទទួល​ជោគជ័យ​នៅ​ប្រទេស​ថៃ រួម​មាន ៖ ផលិតផល​ឆ្នើម​, អ្នកលក់​ឆ្នើម និង​គោលដៅ​ទីផ្សារ​ឆ្នើម ដោយ​ក្នុង​នោះ​មាន​កំណត់​ពី​ភាព​ខុស​គ្នា​នៃ​ដៃគូ​ប្រកួតប្រជែង ទីផ្សារ​ភាព​ស្មោះត្រង់ និង​ភាព​ខ្លាំង​នៃ​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ ។

មិន​ត្រឹមតែ​គិត​ពី​ភាព​ជោគជ័យ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​អីុ​ស៊ូ​ហ្ស៊ុ​ ក៏​បាន​ចូលរួម​សកម្មភាព​សង្គម​ផង​ដែរ ដែល​ហៅ​ថា «​គម្រោង​ផ្ដល់​ទឹក​ស្អាត​អីុ​ស៊ូ​ហ្ស៊ុ​» ដោយ​ផ្ដោត​សំខាន់​លើ​សហគមន៍ និង​សាលារៀន ព្រមទាំង​សកម្មភាព​ផ្សេង​ៗ​ទៀត ។

ដោយសារ​តែ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​រថយន្ដ​នៅ​ប្រទេស​ថៃ និង​សមិទ្ធផល​ជា​ច្រើន​របស់​ក្រុមហ៊ុន ទើប​អីុ​ស៊ូ​ហ្ស៊ុ​ទទួល​បាន​ពានរង្វាន់​ចំនួន​៥​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ក្នុង​នោះ «Asia Responsible Entrepreneurship Awards 2014» ជា​ពានរង្វាន់​អន្តរជាតិ និង​ពានរង្វាន់​ក្នុងស្រុក​ចំនួន​៤​ផ្សេង​ទៀត ។

តាម​គោលការណ៍​របស់​ក្រុមហ៊ុន​ទ្រី ផេ​ដ អីុ​ស៊ូ​ហ្ស៊ុ សេល គឺ​ត្រូវ​ផលិត​រថយន្ត​ដ៏​ល្អ​ឥត​ខ្ចោះ «Premier» របស់​ម៉ាក ​Isuzu ​នៅ​កម្ពុជា ដោយ​ប្ដេជ្ញា​បន្ត​អនុវត្ត​តាម​ទស្សនៈ​នៃ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ដែល​បាន​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​អស់​រយៈពេល​៦០​ឆ្នាំ​កន្លង​មក​នៅ​ប្រទេស​ថៃ មក​អនុវត្ត​ដើម្បី​ជោគជ័យ​នៅ​កម្ពុជា​បន្ដ​ទៀត ។ ទស្សនៈ​នេះ​ត្រូវ​បាន​ហៅ​ថា «Isuzu spririt» ពោល​គឺ «​ផ្ដល់​សុភមង្គល និង​វិបុលភាព​ដល់​អ្នក​ប្រើប្រាស់ ព្រមទាំង​រួមចំណែក​ដល់​សង្គម​ជាតិ​» ៕