ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា ចេញ​ទៅ​ជប៉ុន​ តែ​ប្រកាស​ជួយ​ការងារ​ទូត​សុច្ឆន្ទៈ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ចប់​ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​ឡាវ​ ជាមួយ​ក្រុម​បឹង​កេ​ត​អង្គរ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​ឆ្នើម​លោក ចាន់ វឌ្ឍនាកា នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​ហើយ ដើម្បី​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ចប់​ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​ឡាវ​ ជាមួយ​ក្រុម​បឹង​កេ​ត​អង្គរ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​ឆ្នើម​លោក ចាន់ វឌ្ឍនាកា នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​ហើយ ដើម្បី​ទៅ​លេង​ជា​លក្ខណៈ​ខ្ចី​ជើង​ឱ្យ​ក្រុម ​Fujieda MYFC ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​លី​គ​លំដាប់​ទី​៣ ​ជប៉ុន​រយៈពេល​១​ឆ្នាំ ។ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ថា ​លោក​ត្រឡប់​មក​វិញ​ពេល​ណា​នោះ​ទេ ដោយ​គ្រាន់តែ​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ថា លោក​នឹង​នៅ​តែ​ឆ្លៀតពេល​ជួយ​ការងារ​សង្គម​ក្នុង​នាម​ជា​ទូត​​សុច្ឆន្ទៈ ដោយ​មិន​រួញរា​ឡើយ បន្ទាប់​ពី​លោក​បាន​យល់ព្រម​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ឱ្យ​អង្គការ ​Save The Children កាលពីដើម​ខែកុម្ភៈ ។

យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង កីឡាករ ចាន់ វឌ្ឍនាកា នឹង​ឡើង​យន្តហោះ​នៅ​ថ្ងៃអាទិត្យ ទី​១២ កុម្ភៈ នេះ​ហើយ ដោយ​ការ​ចាកចេញ​របស់​លោក​ត្រូវ​គេ​អះអាង​ថា ​មាន​អ្នក​គាំទ្រ​​ច្រើន​នាក់​ទៅ​ជូន​ដំណើរ ។ ការ​ចាកចេញ​របស់​លោក​ គឺ​បន្ទាប់​ពី​ការ​ប្រកួត​របស់​ក្លិប​បឹង​កេ​ត​អង្គរ​ជាមួយ​មួយ​ក្រុម​ឡាវ​ត្រូវ​បាន​បញ្ចប់ ហើយ​ក៏​ត្រូវ​ចំ​ពិធីបុណ្យ​ជីតា​របស់​លោក​​ដែល​បាន​ចែក​ឋាន​ត្រូវ​បាន​រួចរាល់ ។ លោក បែរ មក​រា ជា​មេក្រុម​បាល់ទាត់​បឹង​កេ​ត​អង្គរ​បាន​ថ្លែង​បញ្ជាក់​ថា ដោយសារ​តែ​ហេតុផល ​ចាន់ វឌ្ឍនាកា មានរឿង​ជីតា​ទទួល​មរណភាព​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​ចេញ​ទៅ​ប្រកួត​ជាមួយ​ឡាវ​ នៅ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍​ក្រោយ​គេ ដោយ​ទើបតែ​ឡើង​ទៅ​ដល់​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ គឺ​មុន​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ឡាវ​ចាប់ផ្ដើម​តែ​ប៉ុន្មាន​ម៉ោង ។

តែ​លោក​ថា កីឡាករ​ឆ្នើម​រូប​នេះ នៅ​តែ​ជួយ​ដល់​ក្រុម​បាន​ល្អ ដោយ​លោក​បាន​ចាត់​ទុក​ថា ​ចាន់ វឌ្ឍនាកា បែងចែក​អារម្មណ៍​គ្រួសារ​មានទុក្ខ និង​ការ​ប្រកួត​របស់​ក្រុម​ឱ្យ​ដាច់​ចេញពី​គ្នា​នោះ​ផង ។ លោក​ថា ចាន់ វឌ្ឍនាកា នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​លោក​គឺជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ​ដែល​មានសំណាង​ត្រូវ​បាន​ក្លិប​ជប៉ុន​កុងត្រា​ខ្ចី​យក​ទៅ​លេង​ពេញ​រយៈពេល​មួយ​ឆ្នាំ ដោយ​ឱ្យ​ចុះ​មក​ប្រកួត​នៅ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ និង​នៅ​ពេល​ក្រុម​មានការ​ប្រកួត​ចាំបាច់ ។ លោក​ថា​ តម្លៃ​ខ្លួន​របស់​​ចាន់ វឌ្ឍនាកា មាន​កម្រិត​ខ្ទង់​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្លិប​មិន​អាច​បញ្ចេញ​ព័ត៌មាន​បាន​ទេ ដោយសារ​តែ​នោះ​គឺជា​រឿង​សម្ងាត់ ។ ក្នុង​នោះ លោក​ក៏​បាន​ប្រកាស​ពី​អវត្តមាន​របស់​កីឡាករ​ឆ្នើម​រូប​នេះ​ក្នុង​ក្រុម​ថា​ នឹង​មិន​ធ្វើ​ឱ្យ​ក្រុម​មានការ​ប៉ះពាល់​សម្រាប់​ការ​ប្រកួត​របស់​ខ្លួន​នោះ​ផង ដោយសារ​តែ​ក្រុម​ក៏​បាន​ត្រៀម​ជើង​កីឡាករ​ល្អ​ៗ​លេង​ជំនួស​នៅ​ពេល​ចាន់ វឌ្ឍនាកា ជាប់ជើង​ទាត់​ឱ្យ​ជប៉ុន ។

មុន​ការ​ចាកចេញ ចាន់ វឌ្ឍនាកា បាន​យល់ព្រម​ចុះហត្ថលេខា​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ដល់​អង្គការ​ក្មេង​កំព្រា Save The Children ដោយ​លោក​ប្រកាស​ថា បើ​ទោះជា​ត្រូវ​ជាប់​ភារៈ​ប្រកួត​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​ឱ្យ​តែ​ក្មេង​ៗ​ត្រូវការ​នោះ​លោក​នឹង​ចុះ​មក​ភ្លាម ។ លោក​ក៏​ប្រកាស​ពី​ជំហរ​ជ្រោមជ្រែង​ឱ្យ​កុមារ​នៅ​ក្នុង​អង្គការ​នោះ​បាន​ក្លាយជា​កីឡា​ករ​អាជីព​សម្រាប់​អ្នកមាន​ទេព​កោសល្យ និង​គ្រោង​ដើរតួ​ជា​អ្នក​រៃ​អង្គាសប្រាក់ ​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍​ជួយ​ដល់​អង្គការ​ក្មេង​មួយ​នេះ​ផង ។ លោក​ថា លោក​មាន​ការងារ​ត្រូវ​ប្រកួត និង​ហ្វឹកហាត់​បាល់​ច្រើន​ តែ​លោក​នៅ​តែ​ឆ្លៀតពេល​ឱ្យ​បាន​ច្រើន​ជួយ​ជា​ប្រយោជន៍​ដល់​ក្រុម​អង្គការ​ដែល​លោក​បាន​សម្រេចចិត្ត​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​មុន​ការ​ចាកចេញ​ទៅ​​កាន់​ប្រទេស​ជប៉ុន ។ លោក​ក៏​មាន​គម្រោង​ជួយ​បំផុស​ឱ្យ​ក្រុម​អ្នកមាន​ទឹកចិត្ត​សប្បុរសធម៌ ជា​ពិសេស​គឺ​ក្រុមហ៊ុន​ធំ​ៗ​ផ្ដល់​ជា​ប្រយោជន៍​ជួយ​ដល់​ក្មេង​ៗ​ទាំងនោះ ដោយ​លោក​​ប្រកាស​ថា នឹង​ទទួល​ធ្វើ​ឱ្យ​អស់ពី​លទ្ធភាព​ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ក្មេង​ៗ​ដែល​ពឹងពាក់​លោក ។ ជាមួយនឹង​ការ​ប្រកាស​ជួយ​ដល់​អង្គការ​ Save The Children បើ​ទោះ​ជា​ត្រូវ​មានការ​ងារ​ត្រូវ​បំពេញ​នៅ​ក្នុង​ប្រទេស​ជប៉ុន ក៏​លោក​ប្រកាស​ថា នឹង​ប្រឹងប្រែង​ប្រកួត​ជា​លក្ខណៈ​ខ្ចី​ជើង​នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ឱ្យ​អ្នកគាំទ្រ​នៅ​កម្ពុជា​សប្បាយ​ចិត្ត​ផង​ដែរ ។

យ៉ាងណាមិញ មានការ​បញ្ជាក់​ថា លោក​ចាកចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី​១២ កុម្ភៈ គឺ​មិនសូវ​សប្បាយចិត្ត​អស់​ពី​ពោះ​ប៉ុន្មាន​ទេ ដោយសារ​តែ​ពេល​ជីតា​ស្លាប់​ លោក​ថា ខ្លួន​មិន​បាន​នៅ​ជួយ​ឱ្យ​ពេញដៃពេញជើង ព្រោះ​ជីតា​ខូច​ចំ​ពេល​ក្រុម​បឹង​កេ​ត​អង្គរ​ត្រូវ​ត្រៀម​ប្រកួត​ជាមួយ​ឡាវ​នៅ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍​។ ជាមួយ​គ្នា​នេះ ​លោក​ក៏​អន់ចិត្ត​មិន​តិច​ដែរ ដែល​ខ្លួន​មិន​មាន​ពេល​សូ​ម្បី​សម្រាប់​ខ្លួនឯង និង​គ្រួសារ​ចាប់តាំងពី​ក្លាយជា​កីឡាករ​បាល់ទាត់ ។ លោក​ថា បាល់ទាត់​ជា​អាជីព ជា​បេះដូង ប៉ុន្តែ​ពេល​ខ្លះ​លោក​ក៏​រាង​នឿយណាយ​ ហើយ​ចង់​ដកខ្លួន​ម្ដង​ៗ​ដែរ ។ ទោះបី​យ៉ាងណា លោក​ថា​ មិន​អាច​នោះ​ទេ ដោយសារ​តែ​លោក​ត្រូវធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​លោក​សប្បាយចិត្ត​ក្នុង​ឱកាស​ដែល​លោក​​បាន​ចេញ​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​លក្ខណៈ​ខ្ចី​ជើង និង​ត្រូវ​ប្រឹងប្រែង​ជួយ​ដល់​ក្មេង​ៗ​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​ច្រើន​ទៀត ។ 

លោក Jun Koyama ប្រធាន​ក្លិប​បាល់ទាត់ ​Fujieda MYFC បាន​អះអាង​ថា ទម្រង់​លេង​របស់​ចាន់ វឌ្ឍនាកា លេង​ល្អ​ ទើប​ធ្វើ​ឱ្យ​ក្លិប​របស់​លោក​ចាប់អារម្មណ៍​ខ្ចី​ជើង​យក​ទៅ​លេង ដោយ​គ្រោង​នឹង​បណ្ដុះ​ឱ្យ​លោក​ក្លាយជា​កីឡាករ​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​តំបន់​តែ​ម្ដង​នា​ពេល​អនាគត ។ ក្លិប​ក៏​មាន​គម្រោង​ចុះ​កុងត្រា​យក​លោក​សម្រាប់​ឆ្នាំ​ទី​២ ​ផង​ដែរ ប្រសិនបើ​ការងារ​ជំហាន​ដំបូង​ទទួល​បាន​ជោគជ័យ​ក្រោយ​ ចាន់ វឌ្ឍនាកា ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ ៕