ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​បាល់ទះ​ពានរង្វាន់​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ឆ្នាំ​នេះ ​មាន​25​ក្រុម​ចូលរួម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាបាល់ទះ​យុវ​សិស្ស​វិទ្យាល័យ​ដណ្ដើម​ពានរង្វាន់សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ឆ្នាំ​នេះ​មាន​២៥​ក្រុម​ចូលរួម ដែល​មក​ពី​តាម​វិទ្យាល័យ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​បើក​ឆាក​ដំបូង​នា

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាបាល់ទះ​យុវ​សិស្ស​វិទ្យាល័យ​ដណ្ដើម​ពានរង្វាន់សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ឆ្នាំ​នេះ​មាន​២៥​ក្រុម​ចូលរួម ដែល​មក​ពី​តាម​វិទ្យាល័យ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​បើក​ឆាក​ដំបូង​នា​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ទីលាន​បាល់ទះ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ បន្ទាប់​ពី​នោះ ​គឺ​ធ្វើ​ឡើង​នៅ​តាម​វិទ្យាល័យ​ដែល​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​បាន​កំណត់​ទុក ។

លោក តែ ឡូ​រិ​ន សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ កន្លង​មកនេះ​ថា កម្មវិធី​ប្រកួត​នេះ​មាន​ការ​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​បំផុស​ចលនា​យុវជន​ចូលរួម​លេង​កីឡា​ឱ្យ​បាន​ច្រើន ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ដើម្បី​សុខភាព​ប៉ុណ្ណោះ ។

លោក ស្រេង សេង ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រកួត​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ការ​ប្រកួត​ត្រូវ​អនុវត្ត​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ ហើយ​អ្នក​ដែល​ចូលរួម​ប្រកួត​ត្រូវ​មាន​អាយុ​ចាប់ពី​១៩​ឆ្នាំ​ឡើង ។ ចំពោះ​រូបមន្ត​ប្រកួត​វិញ ​ក្រុម​ទាំង​២៥​ត្រូវ​បែងចែក​ជា​៤​ពូ​ល ​(A B C D)​ ក្នុង​មួយ​ពូ​ល​មាន​៦​ក្រុម​ ដោយឡែក​ពូ​ល ​D​ មាន​៧​ក្រុម ។

ចំណែក​ប្រាក់​រង្វាន់​វិញ ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​១០​លាន​រៀល លេខ​២ ​ទទួល​បាន​៦​លាន​រៀល លេខ​៣​ ទទួល​បាន​៤​លាន​រៀល និង​លេខ​៤ ​ទទួល​បាន​៣​លាន​រៀល។

លោក តែ ឡូ​រិ​ន បានឱ្យ​ដឹង​ទៀត​ថា លោក​មាន​បំណង​ចង់​បង្កើន​ប្រាក់​រង្វាន់​ឱ្យ​បាន​ច្រើន​ជាង​នេះ ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​បណ្ដា​ដៃគូ​ឧបត្ថម្ភ​នានា បើ​មាន​បំណង​ចង់​ចូលរួម​លោក​នឹង​ស្វាគមន៍​ជា​និច្ច ព្រោះថា ​ការ​ប្រកួត​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ។ ដូច្នេះ ដើម្បី​ឱ្យ​ដំណើ​ការ​ប្រកួត​កាន់តែ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន​កាន់តែ​ច្រើន​នោះ លោក​សំណូមពរ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក៏​ដូច​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ ត្រូវ​ផ្ដល់​ពិន្ទុ​ឱ្យ​មាន​ភាព​សុក្រឹត និង​យុត្តិធម៌​បំផុត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស្រេង សេង​ បានឱ្យ​ដឹង​ថា ភាព​ចម្រូងចម្រាស​ដែល​តែងតែ​កើត​មាន​ឡើង​ច្រើន​តែ​ក្រុម​ដែល​ចាញ់​ប៉ុណ្ណោះ ។

ដូច្នេះ​ដើម្បី​ឱ្យ​ការ​ប្រកួត​ប្រកបដោយ​ភាព​រលូន​ល្អ មាន​តែ​គ្រប់​ក្រុម​ទាំង​ត្រូវ​ប្រកាន់​យក​នូវ​គោលការណ៍ Fair Play ៕