ព្រឹត្តិការណ៍​ស្ត្រី​ និង​កីឡា​រត់ ​ដើម្បី​សេចក្តី​ស្រឡា​ញ់​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ


រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃអាទិត្យ ទី​១២ កុម្ភៈ ខាង​មុខ​នេះ គណៈកម្មការ​ស្ត្រី​ និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ នឹង​រៀបចំ​ព្រឹត្តិការណ៍​រត់​កម្សាន្ត​សប្បាយ​មួយ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ​ដើម្បី​ចូលរួម​ចំណែក​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​យុវវ័យ​ដែល​ច្រឡំ​ថា ​ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ​នោះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ល្ងាច​ថ្ងៃ​ទី​៦ កុម្ភៈ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ស្ត្រី ​និង​កីឡា​រត់​ដើម្បី​សេចក្ដី​ស្រឡាញ់​ គឺជា​កម្មវិធី​ចែករំលែក​សេចក្ដី​ស្រឡាញ់​របស់​គ្រួសារ​កីឡា ការ​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​កីឡា ពិសេស​ការ​ប្រមូល​មូលនិធិ​ ដើម្បី​ទិញ​សម្ភារ​សិក្សា និង​កីឡា យក​ទៅ​ចែក​ជូន​នៅ​តាម​សាលារៀន​ដែល​កំពុង​តែ​មានការ​ខ្វះខាត ។ កម្មវិធី​នេះ​ ក៏​មានការ​ចូលរួម​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ស្មា​ត​ផង​ដែរ ដែល​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ច​សន្យា​​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡា​រហូត​ដល់​ឆ្នាំ​២០១៩ ។

លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ជាង​២​ពាន់​នាក់​ហើយ ដោយ​សំបុត្រ​មាន​តម្លៃ​៣​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​រក​ទិញ​បាន​នៅ​ទីស្នាក់ការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​នៅ​ក្រុមហ៊ុន​ស្មា​ត ។ ព្រឹត្តិការណ៍​នេះ​ មាន​រត់​៥​គីឡូម៉ែត្រ​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ រត់​៥គីឡូម៉ែត្រ​អាយុ​១៨​ឆ្នាំ ។ គួរ​បញ្ជាក់​ថា សម្រាប់​វិញ្ញាសា​រត់​៥​គីឡូម៉ែត្រ​មាន​រត់​ឆ្លងកាត់​ចំណុច​អាថ៌​កំបាំង​ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​ដៃគូ​ឧបត្ថម្ភ​បាន​រៀបចំ​ឡើង​។ ​ចំពោះ​វិញ្ញាសា​១០០​ម៉ែត្រ​ ចងជើង
និង​១០០​ម៉ែត្រ កៀប​ប៉េងប៉ោង​ក្បាល​ទល់​ក្បាលនោះ ​គឺជា​ការ​លេង​កម្សាន្ត​សុទ្ធសាធ ។

លោក​ជំទាវ​ម៉ក់ វណ្ណ​ស៊ី​ថា ប្រធាន​គណៈកម្ម​ការ​ស្ត្រី និង​កីឡា​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា នេះ​ជា​យុទ្ធនាការ​កែប្រែ​ឥរិយាបទ​យុវវ័យ​តាម​រយៈ​កីឡា ។ យើង​ព្យា​យាម​​កែប្រែ​សកម្មភាព​មួយ​ចំនួន ​ដើម្បី​កុំឱ្យ​ពួក​គេ​ផុងខ្លួន​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ការ​ភ័ន្តច្រឡំ​នេះ ។ គោលបំណង​សំខាន់​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​និង​គណៈ​កម្មការ​ស្ត្រី​ និង​កីឡា​ដែល​រៀបចំ​កម្មវិធី​នេះ​ឡើង​មិន​សំដៅ​ទៅ​លើ​ការ​ចាញ់​ឈ្នះ​ ឬ​ចំណាត់ថ្នាក់​នោះ​ទេ ​តែ​គិត​ទៅ​លើ​ការ​ចូលរួម និង​កែប្រែ​ចរិត​យុវវ័យ​របស់​យើង និង​ស្វែង​រក​​មូលនិធិ​ជួយ​ដល់​កុមារ​ក្រីក្រ​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ