ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ក្របី​៣​ក្បាល ស្រាប់​តែ​ប្រទះឃើញ​ក្នុង​ឡាន

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់​ក្របី​៣​ក្បាល តាំងពី​ថ្ងៃ​ទី​១៩ មក​រា មក​ម្ល៉េះ ដោយ​គាត់​បាន​ដើរ​រក​គ្រប់​ទីកន្លែង តែ​មិនឃើញ​ទាល់តែ​សោះ ។

ខេត្តពោធិ៍សាត់​៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់​ក្របី​៣​ក្បាល តាំងពី​ថ្ងៃ​ទី​១៩ មក​រា មក​ម្ល៉េះ ដោយ​គាត់​បាន​ដើរ​រក​គ្រប់​ទីកន្លែង តែ​មិនឃើញ​ទាល់តែ​សោះ ។

រហូត​មក​ដល់​វេលា​ម៉ោង​១៧ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ កុម្ភៈ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ក្របី​ទាំងនោះ​រៀបចំ​បញ្ជូន​ដាក់​លើ​រថយន្ត​មួយ​គ្រឿង ស្ថិត​ត្រង់​ចំណុច​ក្នុងភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ហើយ​ភ្លាម​ៗ​នោះ ម្ចាស់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យមក​ជួយ​រំដោះ ។ 

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ម្ចាស់​ក្របី​ខាងលើ​ឈ្មោះ ចែ​ម ពៅ អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដូង​ជ្រុំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ។

បើ​តាម​លោក​វរៈសេនីយ៍ទោ ម៉ូ លី​ដា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​កោះសន្តិភាព​ដឹង​ថា កម្លាំង​របស់​លោក​បាន​ទៅ​ដល់​គោលដៅ​ភ្លាម​ៗ ហើយ​ក៏​បាន​រក​ឃើញ​ក្របី​៣​ក្បាល និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ផង​ដែរ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។ ក្នុង​ការ​ត្រួតពិនិត្យ​នេះ ឃើញ​មាន​លិខិត​លក់​ទិញ​សត្វពាហនៈ ដែល​មាន​ស្នាម​មេដៃ និង​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ត្រឹមត្រូវ​ពី​មេ​ភូមិ​ត្រាំ​ពែរ និង​មេឃុំ​ស្នាម​ព្រះ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ។

ក្នុង​លិខិត​បាន​បញ្ជាក់​ថា ក្របី​ទាំង​៣​ក្បាល​នេះ​គឺ​ត្រូវ​បាន​ឈ្មោះ កែវ ធី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ដង​ឡង ឃុំ​កោះ​ជុំ ស្រុក​កណ្ដៀង បាន​ទិញ​ពី​ឈ្មោះ គឿ​ម កន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ពែរ ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​ក្នុង​តម្លៃ​៦​លាន​៨០​ម៉ឺន​រៀល ។

លោក​ក៏​បាន​បន្ត​ទៀត​ថា នៅ​ពេល​ឈ្មោះ ចែ​ម ពៅ និយាយ​ថា ក្របី​ទាំង​៣​ក្បាល​នេះ​មាន​មេ​២​និង​ឈ្មោល​១ ។ ដែល​ក្របី​ទាំងនេះ​ជា​របស់​គាត់​ដែល​បាន​បាត់​តាំងពី​ថ្ងៃ​ទី​១៩ មក​រា មក​ម្ល៉េះ​កាលពី​វេលា​ម៉ោង​១៤​រសៀល ព្រមទាំង​បាន​ចង្អុលបង្ហាញ​ប្រាប់​ពី​ស្នាម​ក្រយៅ​នៅ​ត្រង់​ណា​ៗ​ទៀត​ផង ។

ដោយសារ​តែ​ម្ចាស់​ក្របី​ស្គាល់​ច្បាស់​ថា ជា​ក្របី​របស់​ខ្លួន​នោះ ពួក​គេ​ក៏​បាន​ប្រាប់​ថា ទៅ​យក​ឯកសារ​មក​បញ្ជាក់​បន្ថែម ហើយ​ក៏​ទៅ​បាត់​រហូត​តែ​ម្ដង ។ ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ទោ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​តាម​មើល​ពួក​គេ ប៉ុន្តែ​មិនឃើញ​ទៅ​ផ្ទះ​​វិញ​ទេ ។ ចំណែក​ឈ្មោះ គឿ​ម កន នៅ​ភូមិ​ត្រាំ​ពែរ​ដែល​ជា​អ្នកលក់​ក្របី​នោះ​ក៏​គេចខ្លួន​បាត់​ស្រមោល​ផង​ដែរ ។