ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​រៀបចំ​ប្រកួត​ថតរូប​សែ​ល​ហ្វី​ពេល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ប្រកួតប្រជែង​ការ​ថតរូប​សែ​ល​ហ្វី​នៅ​មុខ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ដែល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ ដែល​នឹង​កើត​មាន​២​ដង​ក្នុងឆ្នាំនេះ ។

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ប្រកួតប្រជែង​ការ​ថតរូប​សែ​ល​ហ្វី​នៅ​មុខ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ដែល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ ដែល​នឹង​កើត​មាន​២​ដង​ក្នុងឆ្នាំនេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ​នេះ ក្រសួង​នឹង​រៀបចំ​ការ​ប្រកួត​ប្រជែង​​ថតរូប​សែ​ល​ហ្វី​ជា​លើក​ទី​២ ក្រោម​ប្រធានបទ «Selfie អង្គរ​អច្ឆរិយ​» ដោយ​ជ្រើសរើស​រូបថត​ដែល​មានការ​គាំទ្រ​ច្រើន​ជាងគេ ចាប់ពី​លេខ​១ ដល់​លេខ​៣ ដើម្បី​ទទួល​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួងទេសចរណ៍ និង​រង្វាន់​លើកទឹកចិត្ត​លេខ​១ ចំនួន​១​លាន​រៀល​, លេខ​២ ចំនួន​៨០​ម៉ឺន​រៀល និង​លេខ​៣ ចំនួន​៥០​ម៉ឺន​រៀល ។

ក្នុង​លិខិត​ដដែល​ឲ្យ​ដឹង​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា កើតឡើង​ចំនួន​២​ដង​រៀង​រាល់​ឆ្នាំ ដោយ​លើក​ទី​១ ក្នុង​ខែមីនា និង​លើក​ទី​២ ក្នុង​ខែ​កញ្ញា​។ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​នេះ គឺ​ស្តែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទ​អង្គរ ដែល​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​យើង​កសាង​ដោយ​មានការ​គិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​យ៉ាង​ច្បាស់លាស់​គួរ​ឲ្យ​ស្ញប់ស្ញែង ។

នៅ​ឆ្នាំ​នេះ ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត អាច​នឹង​កើតឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២០ ដល់​២១ ខែមីនា និង​ចន្លោះ​ពី​ម៉ោង​៥ ដល់​ម៉ោង​៧​ព្រឹក ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) លោកស្រី ឆាយ ស៊ី​វលី​ន ថ្លែង​ថា ព្រឹត្តិការណ៍​នេះ​តែងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា ច្រើន​ជាង​ពេល​ធម្មតា ប៉ុន្តែ​កន្លង​មក ការ​ផ្សព្វផ្សាយ​របស់​ក្រសួងទេសចរណ៍​មាន​ភាព​កៀក​នឹង​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​ប្រាសាទ​អង្គរ​ពេក ដែល​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​មិនសូវ​មាន​ភាព​ទូលំទូលាយ ។

លោកស្រី​បន្ត​ថា ៖ « ក្រសួងទេសចរណ៍​គួរ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​យូរ និង​មុន​ពេលវេលា​បន្តិច ដើម្បី​ឲ្យ​ភ្ញៀវ​អន្តរជាតិ​បានដឹង​ទូលំទូលាយ ហើយ​ក្រុមហ៊ុន​ទេសចរណ៍​នានា​នឹង​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ផង​ដែរ​ដើម្បី​ផលប្រយោជន៍​ទាំងអស់​គ្នា » ៕