ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់​បឺត អា​ញ​ស្តា​ញ «​អច្ឆរិយបុគ្គល​ផ្លាស់​ប្តូរ​វិទ្យាសាស្ត្រ​ពិភពលោក​»

7 ឆ្នាំ មុន

អាល់​បឺត អា​ញ​ស្តា​ញ ជា​កំពូល​អ្នក​វិទ្យាសាស្ត្រ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​មក​លើ​វិស័យ​វិទ្យាសាស្ត្រ​សម័យ​ថ្មី ។ គាត់​គឺជា​មនុស្ស​ដែល​មាន​ភាព​ជា​មិត្ត ស្រឡាញ់​សន្តិភាព

អាល់​បឺត អា​ញ​ស្តា​ញ ជា​កំពូល​អ្នក​វិទ្យាសាស្ត្រ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​មក​លើ​វិស័យ​វិទ្យាសាស្ត្រ​សម័យ​ថ្មី ។ គាត់​គឺជា​មនុស្ស​ដែល​មាន​ភាព​ជា​មិត្ត ស្រឡាញ់​សន្តិភាព ស្ងៀមស្ងាត់ ចេះ​ឱនលំទោន សុភាព​រាបសា មិន​ក្រអឺតក្រទម មាន​អារម្មណ៍​ស្រស់ស្រាយ ចូល​ចិត្ត​លេង​វី​យូ​ឡុ​ង និង​មាន​និស្ស័យ​លេងសើច​ដូច​ជា​កូន​ក្មេង​ផង​ដែរ ។ តាម​សៀវភៅ​«​បុគ្គល​ខ្លាំង​អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​»​រៀបរៀង​ដោយ​លោក​គឹ​ម ចាន់​ណា លើក​ឡើង​ថា ទ្រឹស្តី​ដែល​អា​ញ​ស្តា​ញ​រក​ឃើញ បាន​បង្កើត​ឱ្យ​មានការ​រក​ឃើញ​ទ្រឹស្តី​រូបវិទ្យា​ក្វា​ន់​ត័​ម​(Quantum Physics) និង​វត្ថុ​ច្នៃប្រឌិត​យ៉ាងច្រើន​លើសលប់​នៅ​ជុំវិញ​ខ្លួន​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​មីក្រូហ្វូន កាំរស្មីឡាស៊ែរ និង​កាំរស្មី​អិុច​ជាដើម ដែល​ចាត់​ទុក​ថា អា​ញ​ស្តា​ញ​នឹង​ស្ថិត​នៅ​ក្បែរ​យើង​ជា​រៀង​រហូត​ដរាបណា​លោក និង​ចក្ក​វាល​នេះ​នៅ​តែ​មាន​ចលនា​ស្រប​ទៅ​តាម​ទ្រឹស្តី​របស់​គាត់ ។

ប្រវត្តិ​ការ​សិក្សា និង​ការងារ
អាល់​បឺត អា​ញ​ស្តា​ញ កើត​ក្នុង​ឆ្នាំ​១៨៧៩ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ បើ​យើង​គិត​ពី​សញ្ជាតិ​ទៅ​តាម​ទីកន្លែង​កំណើត អា​ញ​ស្តា​ញ ជា​ប្រជាពលរដ្ឋ​អា​ល្លឺ​ម៉​ង់ តែបើ​គិត​តាម​ពូជ​អម្បូរ​វិញ​គាត់​មាន​បុព្វបុរស​ជា​ជនជាតិ​ជ្វី​ហ្វ ។ ហេតុនេះ​ហើយ ទើប​ក្រោយ​ពេល​អីុទ្លែ​រ​ឡើង​កាន់កាប់​អំណាច អា​ញ​ស្តា​ញ និង​គ្រួសារ​ចាំបាច់​ត្រូវ​តែ​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស ។ នៅ​ក្នុងអំឡុងពេល​រៀន​ថ្នាក់​បឋម និង​មធ្យម អា​ញ​ស្តា​ញ រស់នៅ​ក្នុង​ទីក្រុង​មុ​យ​និ​ច​(Munich)​ប្រទេស​អា​ល្លឺ​ម៉​ង់ ប៉ុន្តែ​រៀន​មិន​ទាន់​ចប់​ថ្នាក់​មធ្យម​ផង​ក៏​ត្រូវ​ផ្លាស់​ទីលំនៅ​តាម​គ្រួសារ​ទៅ​រស់នៅ​ប្រទេស​អីុ​តា​លី​វិញ ហើយ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ហ្ស៊ូ​រិច​(University of Zurich)​នៃ​ប្រទេស​ស្វុ​ី​ស ជា​ប្រទេស​ដែល​គាត់​ចាក់​ឫសគល់ និង​បង្កើត​ស្នាដៃ​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​ច្រើន ។

ត្រីវិស័យ​នាំ​ផ្លូវ​ទៅ​រក​វិទ្យាសាស្ត្រ
តើ​អ្នក​ណា​នឹង​នឹក​ស្មាន​បាន​ថា ត្រីវិស័យ​មួយ​គ្រឿង គឺជា​ចំណុច​ចាប់ផ្តើម​ធ្វើ​ឱ្យ​កើត​អ្នក​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​ម្នាក់​នេះ ?
ពេល​មាន​អាយុ​៥​ឆ្នាំ ឪពុក​បាន​ទិញ​ត្រីវិស័យ​ឱ្យ​ក្នុង​ថ្ងៃកំណើត​សម្រាប់​ជា​របស់​លេង ។ អា​ញ​ស្តា​ញ យក​ត្រីវិស័យ​មក​ផ្អៀងផ្អង​ពិនិត្យ សញ្ជឹងគិត​ថា​ហេតុ​អ្វី​បានជា​ទ្រនិច​របស់​វា​បែរ​ទៅ​រកតែ​ទិស​ខាងជើង​ដូច្នេះ ? នេះ​ហើយ​ជា​ប្រភព​ដែល​នាំ​មក​នូវ​ការ​រក​ឃើញ​អាថ៌​កំបាំង ផ្សេង​ៗ​នៅ​ពេល​ក្រោយមក​នោះ ។

អា​ញ​ស្តា​ញ តែងតែ​ធុញទ្រាន់​នឹង​វិធី​បង្រៀន​ដោយ​បង្ខិតបង្ខំ​របស់​គ្រូ​នៅ​ក្នុង​សាលា ថែម​ទាំង​ត្រូវ​គ្រូ​ស្តីបន្ទោស​ជា​ញឹកញាប់ ។ តែ​សំណាងល្អ​ដែល​មាន​ឪពុកធំ​ជួយ​បង្រៀន​មុខ​វិជ្ជា​គណិតសាស្ត្រ ធ្វើ​ឱ្យ​អា​ញ​ស្តា​ញ​សប្បាយ​ចិត្តនឹង​ការ​រៀន រួច​ក៏​ខំ​រក​សៀវភៅ​មក​រៀន​ថែម​ខ្លួនឯង​រហូត​ដល់​ចំណុច​ខ្លះ​គេ​ចេះ​ច្រើន​ជាង​គ្រូ​ទៅ​ទៀត ។

អា​ញ​ស្តា​ញ តែងតែ​រៀន​ផ្លោះ​ថ្នាក់​ជា​ញឹកញាប់​ទីបំផុត​ក៏​បាន​មក​ធ្វើ​ជា​បុគ្គលិក​ប្រភេទ​ទី​៣​នៃ​ការិយាល័យ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​វត្ថុ​ច្នៃប្រឌិត​នៃ​ប្រទេស​ស្វ៊ី​ស ។ គឺ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើការ​នៅ​ទីនោះ​ហើយ ជា​រយៈពេល​ដ៏​សំខាន់​ដែល​គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​របស់​សំខាន់​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក និង​ត្រូវ​ចារឹក​ឈ្មោះ​អា​ញ​ស្តា​ញ​ជា​អមតៈ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ លោក ។

បាតុភូត​ហ្វូ​តូ​អេ​ឡិច​ទ្រិ​ក​-​ទទួល​រង្វាន់​ណូបែល
ស្នាដៃ​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឱ្យ​អា​ញ​ស្តា​ញ​ទទួល​រង្វាន់​ណូបែល និង​ធ្វើ​ឱ្យ​ក្រុម​អ្នក​រូបវិទ្យា​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នោះ គឺ​បាតុភូត​ហ្វូ​តូ​អេ​ឡិច​ទ្រិ​ក​(Photoeclectric Effect)​ដែល​គាត់​បាន​សរសេរ​ចុះ​ផ្សាយ​ថា ពន្លឺ​ពុំ​មែន​គ្រាន់តែ​ជា​រលក​ធាតុ​អគ្គិសនី​ប៉ុណ្ណោះ​ទេ តែ​ជា​ដុំ​ថាមពល​មួយ​ដែល​ពេល​ណា​វា​ប៉ះ​នឹង​សារធាតុ ឬ​អាតូម​របស់​លោហៈ វា​នឹង​មានមុខ​ងារ​ទាំង​រលក​ធាតុ​អគ្គិសនី និង​បំណែក​ក្វា​ន់​ត័​ម ។ វត្ថុ​ប្រើប្រាស់​កើត​ចេញពី​ទ្រឹស្តី​នេះ ដែល​ឃើញ​មាន​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​បង្គោល​ភ្លើង​ម្ខាង ដែល​នឹង​បិទ​បើក​បាន​ដោយ​ស្វ័យ​ប្រវត្តិ ព្រោះ​គេ​បាន​ដាក់​ឧបករណ៍​ត្រួត​ចាប់​ពន្លឺ​ហៅ​ថា​«​ហ្វូ​តូ​អេ​ឡិច​ទ្រិ​ក សែ​ល​» (Photo Eclectric Cell) និង​ក្រៅពី​នេះ​មាន​ម៉ាស៊ីន​ថត​ឯកសារ​(Photocopie) និង​ឧបករណ៍​​សិន​ស៊័​រ​(Censor) ដែល​ប្រើ​សម្រាប់​ផ្តល់​សញ្ញា​ថា​មាន​មនុស្ស​ចេញចូល ដើម្បី​បិទ​បើកទ្វារ​ជាដើម ដែល​សុទ្ធតែ​មាន​មូលដ្ឋាន​មក​ពី​បាតុភូត​ហ្វូ​តូ​អេ​ឡិច​ទ្រិ​ក​ទាំង​អស់នោះ​ឯង ។ របកគំហើញ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ទទួល​រង្វាន់​ណូបែល ។

ទ្រឹស្តី​សម្ព័ន្ធភាព​ពិសេស
ទ្រឹស្តី​សម្ព័ន្ធភាព​ពិសេស​ជា​ទ្រឹស្តី​មួយទៀត​របស់​អា​ញ​ស្តា​ញ ដែល​ទាត់​ចោល​ជំនឿ​ពី​ដើម​របស់​មនុស្ស​ដែល​ថា​«​រយៈពេល និង​ពេល​មិន​អាស្រ័យ​លើ​ស្ថានភាព​របស់​បុគ្គល​ទេ» (​រយៈពេល​មាន​តម្លៃ​ថេរ​) ។ ប៉ុន្តែ​អា​ញ​ស្តា​ញ បាន​លើក​ទ្រឹស្តី​ថា​«​មិន​ថា​ពេលវេលា ឬ​រយៈ​ចម្ងាយ​នោះ​ទេ វា​អាស្រ័យ​លើ​ល្បឿន​របស់​អ្នក​សង្កេត ហើយ​ត្រូវ​មាន​សម្ព័ន្ធ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ​»​ឧទាហរណ៍​ដូច​ជា​ពេល​យើង​កំពុង​ជិះ​លើ​រថយន្ត​ពេល​រថយន្ត​មួយទៀត​បើក​ក្នុង​ល្បឿន​ស្មើគ្នា​ជាមួយ យើង​ៗ​នឹង​ឃើញ​ថា រថយន្ត​នោះ​ហាក់ដូចជា​នៅ​ស្ងៀម ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឈរ​សម្លឹង​ពី​ក្បែរ​ថ្នល់​ទើប​គេ​មើលឃើញ​ថា រថយន្ត​ទាំង​ពីរ​បើក​ដោយ​ល្បឿន​លឿន ។ ម្យ៉ាងទៀត​ប្រសិនបើ យើង​ធ្វើ​ដំណើរ​កាន់តែ​លឿន នាឡិកា​សម្រាប់​វាស់​ពេលវេលា​របស់​យើង​ក៏​នឹង​កាន់តែ​ដើរ​យឺត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពេលវេលា​ក្នុង​ដួងតារា នីមួយ​ៗ​របស់​ចក្រវាល​មិន​ស្មើគ្នា ដែល​វា​ខុស​ទៅ​នឹង​ទ្រឹស្តី​របស់​ញូ​វ​តុ​ន​ដែល​លើក​ឡើង​ថា​«១​វិនាទី​នៅ​លើ​ភព​ព្រះ​អង្គារ​ស្មើនឹង​១​វិនាទី នៅ​លើ​លោក​យើង​នេះ​» ។ រឿង​មួយទៀត​ដែល​ផ្ទុយ​នឹង​ទ្រឹស្តី​របស់​ញូ​វ​តុ​ន គឺ​ញូ​វ​តុ​ន​ពោល​ថា​«​យើង​អាច​រត់​ទាន់​ល្បឿន​របស់​ពន្លឺ​» ដោយ​ប្រៀប​ពន្លឺ​ទៅ​នឹង​រថយន្ត​ប្រណាំង​ដែល​យើង​អាច​ដេញ​តាម​ទាន់ ។ ប៉ុន្តែ​អា​ញ​ស្តា​ញ​បែរជា​ពោល​ថា​…«​ទោះបីជា​យើង​ធ្វើ​ចលនា​ដោយ​ល្បឿន​លឿន​ប៉ុនណា​ក៏​ដោយ​តែបើ​យើង​វាស់​ល្បឿន​របស់​ពន្លឺ​គឺ​នៅ​តែ​ដដែល​» ។ បាតុភូត​មួយទៀត​ដែល​អា​ញ​ស្តា​ញ​រក​ឃើញ​គឺ​«​នៅ​ពេល​ដែល​វត្ថុ​បន្លាស់​ទី​ដោយ​ល្បឿន​លឿន​ប្រវែង​របស់​វត្ថុ​នោះ​ក៏​នឹង​កាន់តែ​ខ្លី​» ។

ទ្រឹស្តី​សម្ព័ន្ធភាព​ទូទៅ
ទ្រឹស្តី​សម្ព័ន្ធភាព​ទូទៅ ដែល​គាត់​រក​ឃើញ​បន្ថែម​នៅ​ពេល​ក្រោយ ជា​ទ្រឹស្តី​ដែល​ជួយ​បំពេញ​ទ្រឹស្តី​សម្ព័ន្ធភាព​ពិសេស​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ពេញលេញ​គ្រប់គ្រាន់ ព្រោះ​ទ្រឹស្តី​សម្ព័ន្ធ​ភ ា​ព​ពិសេស មិន​បាន​ពោល​ដល់​«​អានុភាព និង​ប្រភព​»​របស់​កម្លាំង​ទំនាញ​នោះ​ទេ ។ តែ​ទ្រឹស្តី​សម្ព័ន្ធភាព​ទូទៅ​បាន​ពោល​ដល់​រឿង​ទាំង​អស់នេះ​ថា ទោះបីជា​អ្នក​ចាំ​សង្កេត​នោះ ធ្វើ​ចលនា​ក្នុង​ប្រព័ន្ធ​ដែល​មាន​អានុភាព​ឬ​ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​ក៏​មិន​ខុស​គ្នា​អ្វី​ដែរ ។ ម្យ៉ាងវិញទៀត ទ្រឹស្តី​សម្ព័ន្ធភាព​ទូទៅ​បាន​លើក​ថា​«​ពេលវេលា និង​អវកាស​មាន​សភាព​វៀច​ក្រ​ងេ​វ​»​ដែល​ទ្រឹស្តី​នេះ អាច​បកស្រាយ​អំពី​អវកាស​បាន​ច្រើន​បែប ដូច​ជា​ការ​ធ្វើ​ចលនា​របស់​ផែនដី​នៅ​ជុំវិញ​ព្រះអាទិត្យ អា​ញ​ស្តា​ញ​បាន​បកស្រាយ​ថា​«​តាម​ពិត​ផែនដី​ដែល​ធ្វើ​ចលនា​ជុំវិញ​ព្រះអាទិត្យ គឺ​ពុំ​មែន​ដោយ​កម្លាំង​ទំនាញ​របស់​ព្រះអាទិត្យ​នោះ​ទេ តែ​ដោយសារ​ម៉ាស់​របស់​ដួងព្រះអាទិត្យ​មាន​ទំហំ​ធំ​អនេក ទើប​ធ្វើ​ឱ្យ​អវកាស និង​ពេលវេលា​ដែល​នៅ​ជុំវិញ​ព្រះអាទិត្យ​វៀច​កោង ហើយ​ផែនដី​ក៏​ធ្វើ​ចលនា​ផ្លាស់​ទី​ត្រង់​បរិវេណ​ដែល​កោង​នោះ​ដោយ​ខ្លួនឯង​ទៅ​» ។ ក្រៅពី​នេះ​ទ្រឹស្តី​នេះ​អាចយ​កមក​បកស្រាយ​អំពី​រឿង​«​រណ្តៅ​ខ្មៅ​»​និង​«​ប៊ិក​ប៊ែ​ង​»​បាន​ផង​ដែរ ។

E=mc2 សមីការ​ដែល​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ
សមីការ​នេះ​ជា​សមីកា​ដ៏​ល្បីល្បាញ​បំផុត​របស់​អា​ញ​ស្តា​ញ ព្រោះ​វា​ជា​សមីការ​ដែល​ប្រើ​ក្នុង​ការ​គណនា​ថាមពល​ដែល​អង្គធាតុ​មួយ​បញ្ចេញ​មិន​ថា​ជា​ការ​បញ្ចេញ​ថាមពល​របស់​គ្រាប់បែកបរមាណូ ឬ​ការ​បញ្ចេញ​ថាមពល​របស់​ព្រះអាទិត្យ ។ តែ​សមីការ​នេះ​តែ​ម្យា​៉ា​ង​ពុំ​បាន​ជួយ​ឱ្យ​រក​ឃើញ​គ្រាប់បែកបរមាណូ​បាន​សម្រេច​នោះ​ទេ ព្រោះ​វា​គ្រាន់តែ​ប្រើ​ក្នុង​ការ​គណនា​ថាមពល​ដែល​ចេញពី​គ្រាប់បែក​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​សំខាន់ អា​ញ​ស្តា​ញ​មិន​បាន​រួមចំណែក​ក្នុង​ការ​ស្រាវជ្រាវ​បង្កើត​គ្រាប់បែក​នេះ​ទេ តែ​ក៏​មិនមែន​បាន​ន័យ​ថា អា​ញ​ស្តា​ញ​មិនដឹង​ឮ​រឿង​នេះ​ដែរ ។

ក្តី​ឈឺចាប់ និង​មរណភាព
ក្តី​ឈឺចាប់​ដែល​បង្កប់​នៅ​ក្នុង​បេះដូង​របស់​អា​ញ​ស្តា​ញ​កើតឡើង​នៅ​ពេល​ដែល​មិត្តភក្តិ​ជា​អ្នក​វិទ្យាសាស្ត្រ​ដូច​គ្នា​ម្នាក់​ឈ្មោះ​លេ​អូ ស៊ី​ឡា​ដ៍ (Leo Szilard)​បាន​សំណូមពរ​ឱ្យ​គាត់​ចូលរួម​ចុះហត្ថលេខា​ស្នើ​ទៅ​លោក​ប្រធានាធិបតី​ហ្វ្រែ​ង​គ្លី​ន រូ​សឺ​វ៉ែ​ល នៃ​សហរដ្ឋអាមេរិក​ឱ្យ​គាំទ្រ​ដល់​កម្មវិធី​ស្រាវជ្រាវ​ផលិត​គ្រាប់បែកបរមាណូ ។

គម្រោង​ផលិត​គ្រាប់បែកបរមាណូ​នោះ​ព្រោះ​គេ​ទទួល​ព័ត៌មាន​ថា​ហៃ​សិន​បឺ​ក​(Heisenberg)​អ្នក​រូបវិទ្យា​សំខាន់​របស់​អា​ល្លឺ​ម៉​ង់​កំពុង​តែ​ស្រាវជ្រាវ​រឿង​នេះ​ដែរ និង​ប្រសិនបើ​ពួក​គេ​ធ្វើ​បាន​សម្រេច​នោះ វា​នឹង​ក្លាយជា​រឿង​មួយ​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​មនុស្សជាតិ​ទាំងមូល ។ អា​ញ​ស្តា​ញ​ក៏​សុខចិត្ត​ចុះ​ឈ្មោះ​ជួយ​គាំទ្រ​។ ប៉ុន្តែ​ក្រោយមក​ពេល​ដឹង​ពិតប្រាកដ​ថា ហៃ​សិន​បឺ​ក ពុំ​បាន​ធ្វើ​គម្រោង​នេះ​ទេ ព្រោះតែ​វា​បង្កក្តី​វិនាស​អន្តរាយ​ដ៏​ធ្ងន់​ពេក ទើប​អា​ញ​ស្តា​ញ​នឹក​ខុសខ្លួន និង​មានការ​សោកស្តាយ​ជា​ខ្លាំង ។ នៅ​ពេល​អា​មេ​រិ​ក​ប្រើ​គ្រាប់បែកបរមាណូ​នៅ​ប្រទេស​ជប៉ុន ដើម្បី​បញ្ចប់សង្គ្រាម​លោក​លើក​ទី​២​អា​ញ​ស្តា​ញ​តែង​ពោល​សុំ​ទោស និង​សម្តែង​ការ​សោកស្តាយ​ចំពោះ​ជនជាតិ​ជប៉ុន​ជា​និច្ច​ពី​រឿង​នេះ ។ បន្ទាប់​ពី​នោះ​មក អា​ញ​ស្តា​ញ​បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​សាង​សន្តិភាព​រហូត​ដល់​ថ្ងៃ​អស់​ជីវិត​នៅ​ឆ្នាំ​១៩៥៥ នៅ​ឯ​មន្ទីរពេទ្យ​មួយ​នៃ​ក្រុង​ត្រេ​ន​តុ​ន រដ្ឋ​ញូ​វ​ជើ​ស៊ី សហរដ្ឋអាមេរិក ។

ព្រឹត្តិការណ៍ សំខាន់​ៗ​របស់​អា​ញ​ស្តា​ញ
-​កើត​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​១៨៧៩ ។
-​ឆ្នាំ​១៨៩១ ចាប់ផ្តើម​រៀន​គណិតសាស្ត្រ ពេល​មាន​អាយុ​ប្រហែល​១២​ឆ្នាំ ។
-​ឆ្នាំ​១៨៩៥ សរសេរ​អត្ថបទ​និពន្ធ​ផ្នែក​វិទ្យាសាស្ត្រ​ជា​លើក​ដំបូង ។
-​ឆ្នាំ​១៩០០ បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា ។
-​ឆ្នាំ​១៩០២ ចាប់ផ្តើម​ធ្វើការ​ក្នុង​ផ្នែក​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ប្រទេស​ស្វ៊ី​ស ។
-​ឆ្នាំ​១៩០៥ រក​ឃើញ​ទ្រឹស្តី​សម្ព័ន្ធភាព​ពិសេស ។
-​ឆ្នាំ​១៩១៦ រក​ឃើញ​ទ្រឹស្តី​សម្ព័ន្ធភាព​ទូទៅ ។
-​ឆ្នាំ​១៩២១ ទទួល​រង្វាន់​ណូបែល ។
-​ឆ្នាំ​១៩២៥ ចុះ​សន្ធិសញ្ញា​ជាមួយនឹង​មហា​ត្មៈ​គ​ន្ធី ទាមទារ​ឱ្យ​លុប​ចោល​ច្បាប់​ធ្វើ​កំណែន​ទាហាន​។
-​ឆ្នាំ​១៩៣៥ ចាប់ផ្តើម​សរសេរ​បទ​វិភាគ​អំពី​ទ្រឹស្តី​ក្វា​ន់​ត័​ម រួម​ជាមួយនឹង​បូ​រី​ស ប៉ូ​តូ​វ​ស្គី និង​ណា​ថា​ន រូ​សេន ។
-​ឆ្នាំ​១៩៣៩ រួម​ចុះ​ឈ្មោះ​ស្នើ​សុំ​ឱ្យ​ប្រធានាធិបតី​រូ​ស្វែ​លត៍​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​បង្កើត​គ្រាប់បែកបរមាណូ ។
-១៤ កម្ភៈ ១៩៥០ មាន​មតិ​ប្រឆាំង​នឹង​ការ​ប្រើ​គ្រាប់បែកបរមាណូ​ក្នុង​កិច្ចប្រជុំ​សិក្ខាសាលា​នាទី​ក្រុង​ព្រិ​ន​ស្តុ​ន ។
-​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​១៩៥៥ ក្នុង​អាយុ​៧៦​ឆ្នាំ ៕