ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ស៊យ ចោះ​ដំបូលផ្ទះ​លួច​លុយ​ចំណងដៃ​ បាក់​ឮ​សូរ​ប្រាវ​! ធ្លាក់​ចោរ​ចូល​ក្នុង​បន្ទប់

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ចោរ​ជួប​ថ្ងៃ​ស៊យ​ម្នាក់​បាន​អស់លក្ខណ៍ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឡើង​ចោះ​ទម្លុះ​ដំបូលផ្ទះ​អ្នកស្រុក​បំណង​ចូល​លួច​លុយ​ចំណងដៃ​មង្គលការ ចៃដន្យ​អាក្រក់

ខេត្តព្រៃវែង ៖ ចោរ​ជួប​ថ្ងៃ​ស៊យ​ម្នាក់​បាន​អស់លក្ខណ៍ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឡើង​ចោះ​ទម្លុះ​ដំបូលផ្ទះ​អ្នកស្រុក​បំណង​ចូល​លួច​លុយ​ចំណងដៃ​មង្គលការ ចៃដន្យ​អាក្រក់​ដំបូលផ្ទះបាន​បាក់​ធ្លាក់​ចោរ​រូប​នេះ​ចូល​ក្នុង​បន្ទប់​ក៏​ដឹងដល់​ម្ចាស់ផ្ទះ​ស្ទុះ​ទៅ​ចាក់សោ​ពី​ខាងក្រៅ​ជាប់​ចេញ​ទៅ​ណា​មិន​រួច ទើបត្រូវ​ប៉ូលិស​ចាប់​បំពាក់​ខ្នោះដៃ​កណ្តាល​យប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ កុម្ភៈ នៅផ្ទះ​ឈ្មោះ ធួន ឃី ដែល​កំពុង​រៀប​មង្គលការ​ស្ថិត​ក្នុងភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ហ៊ី វ៉ា​រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

លោក ស៊ឹ​ម កុសល អធិការ​នគរបាល​ស្រុក​ពារាំង​បាន​ប្រាប់​ឱ្យ​ដឹង​ថា តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ធួន ឃី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ថា នៅ​ល្ងាច​មុន​ពេល​កើតហេតុ ផ្ទះ​គាត់​មាន​រៀបចំ​ពិធី​មង្គល​ការកូន ។ ក្រោយ​ពី​ភ្ញៀវ​ចូលរួម​មង្គលការ​ត្រឡប់​ទៅ​វិញ​អស់​គាត់​ជា​ម្ចាស់​ដើមការ​បាន​យក​លុយ​ចំណងដៃ ទៅ​ទុក​ក្នុង​បន្ទប់​ក្នុងផ្ទះ​រួច​ចេញ​មក​ផឹកស៊ី​សប្បាយ​បន្ត​ជាមួយ​បងប្អូន​សាច់ញាតិ​នៅ​ខាងក្រៅ ។ រហូត​ដល់​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ស្រាប់តែ​ឮ​សំឡេង​ធ្លាក់​ប្រាវ​នៅ​ក្នុងផ្ទះ ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​មើល​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ដាក់​ចំណងដៃ​នោះ ទើប​ចាក់សោ​ពី​ខាងក្រៅ​ជាប់ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យមក​ចាប់ខ្លួន​តែ​ម្តង ។

ជនសង្ស័យ​ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​មាន​បំណង​ចូល​ទៅ​លួច​លុយ​ចំណងដៃ​នោះ​មែន ដោយ​បាន​ឡើង​លើដំបូល​ផ្ទះ​បំណង​ចោះ​ទម្លុះ​ដំបូល​ចូល​ទៅ​លួច​លុយ​នោះ ។ ប៉ុន្តែ​ចៃដន្យ​អាក្រក់​ពេល​កំពុង​ចោះ​ដំបូល​នោះ ស្រាប់តែ​បាក់​ដំបូល​ធ្លាក់​ទាំង​រូបគេ​ចូល​ទៅ​ក្នុង​បន្ទប់​តែ​ម្តង ទើប​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​នាំ​គ្នារ​ត់ទៅ​បិទទ្វារ​ចាក់សោ​ជាប់​ចេញ​ទៅ​ណា​លែង​រួច ។

បច្ចុប្បន្ន ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

គួរ​បញ្ជាក់​ថា សម្រាប់​ខេត្តព្រៃវែង រឿង​ចោរលួច​លុយ​ចំណងដៃ​មង្គលការ​នេះ មិនមែន​ទើបតែ​កើត​មាន​ជា​លើក​ទី​១​នោះ​ទេ កាលពីមុន​ក៏​មាន​មហាចោរ​លួច​លុយ​ចំណងដៃ​ម្នាក់​ដែរ​ឈ្មោះ ឡាយ ផៃ ។ មេចោរ​ម្នាក់​នេះ​ល្បីឈ្មោះ​ខ្លាំង​ណាស់​ខាង​លួច​លុយ​ចំណងដៃមង្គល​ការកូន​អ្នកស្រុក​នៅ​ព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ កំពង់ចាម ហើយ​អ្នក​ណា​ក៏​ខ្លាចរអារដែរ ប៉ុន្តែ​ទីបំផុត​ជន​នោះ​ក៏​មាន​ថ្ងៃ​អស់លក្ខណ៍ដែរ ។ អស់លក្ខណ៍​គឺ​បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​លួច​លុយ​ចំណងដៃ​ក្នុង​ពិធី​មង្គលការ​១​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ តែ​រត់​មិន​រួច​ត្រូវ​អ្នកស្រុក​និង​សមត្ថកិច្ច​សហការ​គ្នា​ចាប់​បាន​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ។

ពេល​នេះ​កើត​មាន​ចោរលួច​លុយ​ចំណងដៃ​ទៀត​ហើយ ប៉ុន្មាន​វាសនា​ចោរ​ម្នាក់​នេះ​ក៏​មិន​ខុស​ពី​មហាចោរ ឡាយ ផៃ ដែរ គឺ​ត្រូវ​តែ​ចូល​ទៅ​ដេក​ក្នុង​គុក​ដូច​គ្នា ៕