ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កកាយ​ដី​កូនភ្នំ​ ដឹក​លក់​គគ្រឹកគគ្រេង ធ្លាក់​រាយ​ប៉ាយខូចផ្លូវ​សា​ធារណៈ

1 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លំ​មួយ​កន្លែង បាន​រាយការណ៍ និង​ធ្វើការ​រិះគន់​ទៅ​លើ​ក្រុម​ឈ្មួញ ដែល​បាន​យក​គ្រឿងចក្រ ​ទៅ​ជីក​កកាយ​ដី​កូនភ្នំ​ ដឹក​លក់​ក្នុង​ក្រុងប៉ៃលិន យ៉ាងគគ្រឹកគគ្រេង ជា​ពិសេស​នៅ​ពេល​មេឃ​កំពុង​ភ្លៀង​រួច​ភ្លាម​ៗ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លំ​មួយ​កន្លែង បាន​រាយការណ៍ និង​ធ្វើការ​រិះគន់​ទៅ​លើ​ក្រុម​ឈ្មួញ ដែល​បាន​យក​គ្រឿងចក្រ ​ទៅ​ជីក​កកាយ​ដី​កូនភ្នំ​ ដឹក​លក់​ក្នុង​ក្រុងប៉ៃលិន យ៉ាងគគ្រឹកគគ្រេង ជា​ពិសេស​នៅ​ពេល​មេឃ​កំពុង​ភ្លៀង​រួច​ភ្លាម​ៗ មិន​ទាន់​ស្ងួត​ដី​នៅឡើយ ធ្វើ​ឲ្យខូច​ផ្លូវ និង​ជ្រុះ​អាចម៍ដី​រាយ​ប៉ាយ​តាម​ផ្លូវ ជា​ហេតុ​ធ្វើ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ជួនកាល​ធ្វើ​ឲ្យដួល​ម៉ូតូ​រង​របួស ខណៈ​ម្ចាស់​គ្រឿងចក្រ​ បាន​អះអាង​ថា រូបគេ​បាន​សុំ​ច្បាប់​ពី​មន្ត្រី​ពាក់ព័ន្ធ​រួចរាល់​អស់ហើយ រីឯ​ម្ចាស់​ដី​ក៏​មាន​ប្លង់​ត្រឹមត្រូវ​អស់ហើយ​ដែរ ​។

ហេតុការណ៍​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង បណ្តាលឲ្យជ្រុះ​អាចម៍ដី​ពេញ​ផ្លូវ និង​ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​សាធារណៈ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋរស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឲ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ គេសង្កេត​ឃើញ​ឈ្មួញ​ខាងលើ បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ​ទៅ​ជីក​កកាយ​ដី​កូនភ្នំ​ខាងលើ​ ដឹក​លក់​យ៉ាងគគ្រឹកគគ្រេង អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃខែ​មក​ហើយ ខណៈ​គ្រឿងចក្រ​មួយ​ចំនួន ដែល​ឈ្មួញ​ធ្លាប់​ជីក​កកាយ​ដី​ភ្នំ ​នៅ​តាម​ព្រំដែន ត្រូវ​បាន​គេ​ចាប់​ឃាត់​គ្រឿងចក្រ និង​ឃាត់ខ្លួន​ម្ចាស់​មិន​ទាន់​ចេញ​មក​ក្រៅ​វិញ​នៅឡើយ​ទេ ហើយ​អ្នកខ្លះ​ ក៏​ត្រូវ​បង់​ផាកពិន័យ​អស់​មិន​តិច​នោះ​ទេ​ ។ តែ​ចំណែក​គ្រឿងចក្រ និង​រថយន្ត​ទាំងអស់​ខាងលើ​នេះ បាន​យក​ទៅ​ជីក​កកាយ​ដី​ភ្នំ​ ដឹក​លក់​យ៉ាង​រលូន គ្មាន​បញ្ហា​អ្វី​នោះ​ទេ ពោល​គឺ​ស្ទើរតែ​អស់​ដី​ភ្នំ​មួយ​ចំហៀង​ទៅ​ហើយ​ ។

ទោះបីជា​យ៉ាងណា ការ​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​នេះ ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវថ្នល់​សាធារណៈ ខណៈ​ភ្លៀង​ធ្លាក់​ថ្មី​ៗ មិន​ទាន់​ស្ងួត អាច​ធ្វើ​ឲ្យស្រុត និង​ក្លាយទៅជា​ជង្ហុក​តូច​ធំ ពិសេស​ជ្រុះ​កំពប់​កម្ទេច​ពេញ​តាម​ដងផ្លូវ​លំ និង​ផ្លូវជាតិ ជា​ហេតុ​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ។ ពួក​គាត់​សំណូមពរ​ឲ្យមន្ត្រី​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​មើល​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ខាងលើ ហើយ​ធ្វើការ​អប់រំ​ណែនាំ ឲ្យ​ចេះ​មើល​ពី​ស្ថានភាព​ផ្លូវ និង​រក្សា​ដី​ក្នុង​រថយន្ត កុំឲ្យ​ជ្រុះ​ប្រឡាក់​ផ្លូវថ្នល់​ដូចនេះ​ទៀត​ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ បុរស​ម្នាក់ ឈ្មោះ ឡេ​ង វី​ន​ណា អះអាង​ថា​ខ្លួន ជា​ម្ចាស់​គ្រឿងចក្រ បានឲ្យដឹង​ថា ៖ រូបគេបាន​សុំ​ច្បាប់​នៅ​ច្រក​ចេញចូល​តែ​មួយ​ក្រុងប៉ៃលិន ក៏​បាន​រត់​ច្បាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​លើ​អស់ហើយ មិន​មាន​ខ្វះចន្លោះ​កន្លែង​ណា​នោះ​ទេ​។ ចំណែក​អាចម៍ដី ដែល​ជ្រុះ​ខាងលើ​មិនមែន​មក​ពី​រថយន្ត​របស់​ខ្លួន​នោះ​ទេ គឺជា​រថយន្ត​ផ្សេង​ទៀត ដែល​កំពុង​ដឹក​ដី​នៅ​ក្បែរ​នោះ​ដែរ ​។

បើ​តាម​បុរស​ម្នាក់ ឈ្មោះ វី​ន ជា​ម្ចាស់​ដី​ បានឲ្យដឹង​ដែរ​ថា ដី​របស់​គេ​មាន​ប្លង់​ត្រឹមត្រូវ ហើយ​មុន​នឹង​ឲ្យ​គ្រឿងចក្រ​ចូល​ទៅ​ជីក​កកាយ​ដឹក​លក់ គឺ​គេ​បាន​សុំ​ច្បាប់​ដល់​មន្ត្រី​មូលដ្ឋាន​រួចរាល់​អស់ហើយ ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឲ្យដឹង​ថា ៖ ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​នេះ ខាង​លោក​នឹង​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល ដោយ​មិន​ទាន់​ដឹង​ថា គ្រឿងចក្រខាងលើ មានច្បាប់ ឬ​អត់​នោះ​ទេ ខាង​លោក​នឹង​ទាក់ទង​ទៅ​សួរនាំ​ទៅ​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ច្បាស់​ថា​មានច្បាប់​ ឬ​អត់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ