ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Isuzu មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា​កាន់តែ​ខ្លាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ក្នុង​រង្វង់​៧% ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ផ្អែក​លើ​កំណើន​ប្រកបដោយ​ស្ថិរភាព​បែប​នេះ ក៏​ដូច​ជា​សុវត្ថិភាព​សង្គម និង​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ក្នុង​រង្វង់​៧% ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ផ្អែក​លើ​កំណើន​ប្រកបដោយ​ស្ថិរភាព​បែប​នេះ ក៏​ដូច​ជា​សុវត្ថិភាព​សង្គម និង​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ចូល​មក​បណ្ដាក់ទុន​កាន់តែ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ កត្ដា​ទាំងនេះ ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Isuzu Motors Limited សម្លឹង​ឃើញ​ទីផ្សារ​រថយន្ដ​នៅ​កម្ពុជា​ផង​ដែរ ដោយ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ទ្រី ផេ​ដ  អ៊ី​ស៊ូ​ហ្ស៊ុ សេល ខូ​អិល​ធី​ឌី នាំ​ចូល​មក​ចែកចាយ ។

ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ជា​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​៦០​ឆ្នាំ​កន្លង​មក បាន​នាំ​ចូល​រថយន្ដ «Isuzu D-Max» និង «Isuzu MU-X» មក​ចែកចាយ​នៅ​កម្ពុជា និង​ឡាវ ដោយហេតុ​ថា ប្រទេស​ទាំង​ពីរ​នេះ កំពុង​តែ​មាន​សក្ដានុពល​ទីផ្សារ​រថយន្ដ​ដ៏​អស្ចារ្យ ដោយសារ​មាន​កំណើន GDP ៧% នៅ​កម្ពុជា និង ៦% នៅ​ឡាវ ។ កំណើន​នៃ GDP នេះ​ហើយ​ដែល​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​អាស៊ាន ។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​ឱកាស​ប្រារព្ធ​ខួប​៦០​ឆ្នាំ នៃ​ភាព​ជោគជ័យ​លើ​ទីផ្សារ​រថយន្ដ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ លោក AKIRA ODAGAKI ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទីផ្សារ​រថយន្ដ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន​នេះ កំពុង​តែ​មាន​សក្ដានុពល​ខ្លាំង ដោយ​ផ្អែក​លើ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​ភាពរឹងមាំ​ក្នុង​រង្វង់​៧% ជា​ច្រើន​ឆ្នាំ​មកនេះ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ធូរធារ និង​មាន​លទ្ធភាព​ជាង​មុន ហើយ​អាច​ឲ្យ​ក្រុមហ៊ុន​មើលឃើញ​ឱកាស​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម ពិសេស​សម្រាប់​ទីផ្សារ​រថយន្ដ ។ យ៉ាងណា​ក៏​ដោយ ទីផ្សារ​មួយ​នេះ កំពុង​តែ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ការ​លក់​រថយន្ដ​ក្រុមហ៊ុន Isuzu នៅ​កម្ពុជា នៅ​តែ​រីក​ចម្រើន​ទៅ​មុខ​លើ​ទីផ្សារ ព្រោះថា ចំនួន​លក់​គឺ​មានការ​កើន​ឡើងជា​បន្ដបន្ទាប់ បើ​ទោះបីជា​ក្រុមហ៊ុន​ទើបតែ​ចាប់ផ្ដើម​ជ្រៀតចូល​ទីផ្សារ​នៅ​កម្ពុជា​ជា​ផ្លូវការ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​មុន​ក្ដី ។

លោក​ថ្លែង​ថា ៖ « ចំណុច​ពិសេស​របស់​រថយន្ដ Isuzu គឺ​រថយន្ដ​ភី​ក​អាប់ ដែល​ល្អ​បំផុត​សម្រាប់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត គួប​ផ្សំ​នឹង​គុណភាព​របស់​រថយន្ដ Isuzu មាំ ធន់​ល្អ ពិសេស​យើង​មាន​សេវាកម្ម​ថែទាំ​រថយន្ដ​ជូន​ដល់​អតិថិជន​ក្រោយ​ពេល​លក់​យ៉ាង​ដិត​ដល់ ហើយ​នេះ​ជា​ចំណុច​ពិសេស​ដែល​យើង​យកឈ្នះ​លើ​ដៃគូ » ។

« កាលពី​ឆ្នាំ​២០១៦ យើង​លក់​រថយន្ដ​បាន​ចំនួន​១៥៣​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ​២០១៥ គឺ​កើនឡើង​គុណ​នឹង​២​ដង ក្នុង​នោះ​រថយន្ដ Pick Up និង SUV លក់ដាច់​ជាងគេ​បំផុត ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ យើង​សង្ឃឹមថា ការ​លក់​នឹង​មាន​កំណើន​ថែម​ទៀត » ។ នេះ​បើ​តាម​ប្រធាន​គ្រប់គ្រង​ទូទៅ​រូប​នេះ​បាន​បញ្ជាក់ ។

ប្រទេស​ថៃ គឺជា​បេះដូង​ដ៏​សំខាន់​នៃ​មូលដ្ឋាន​ផលិត​រថយន្ត​ភី​ក​អាប់ ដ៏​សម្បូរ​បែប​បំផុត​របស់ Isuzu ចាប់តាំងពី​ក្រុមហ៊ុន​នេះ បាន​សម្រេច​ផ្លាស់​មូលដ្ឋាន​ផលិត​រថយន្ត​ភី​ក​អាប់​ពី​ប្រទេស​ជប៉ុន​មក​កាន់​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០០២​មក ។

បច្ចុប្បន្ន អ៊ី​ស៊ូ​ហ្ស៊ុ មាន​រោងចក្រ​ផលិត​រថយន្ត​ភី​ក​អាប់​ចំនួន​២​កន្លែង គឺ រោងចក្រ​អ៊ី​ស៊ូ​ហ្ស៊ុ សំរោង ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន និង​រោងចក្រ​អ៊ី​ស៊ូ​ហ្ស៊ុ ហ្គេ​ត​វ៉េ​យ៍ ក្នុង​ខេត្ត​ឆាក់​ឆឺង​សៅ ដោយ​មាន​កម្មករនិយោជិត​ក្នុង​រោងចក្រ​ទាំង​ពីរ​សរុប​ជាង​៥.៥០០​នាក់ និង​មាន​កម្លាំង​ផលិត​ខ្ពស់​រហូត​ដល់​៤០​ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ ។

តាម​របាយការណ៍​លក់​របស់​ក្រុមហ៊ុន​បង្ហាញ​ថា ការ​លក់​រថយន្ដ «Isuzu D-Max» ក្នុង​ប្រទេស​ថៃ នៅ​ឆ្នាំ​២០០២ មានការ​កក់​ទិញ​ជាង​១​ម៉ឺន​គ្រឿង ក្នុង​រយៈពេល​១០​ថ្ងៃ​នៃ​ការ​ដាក់​បង្ហាញ​ក្នុង​ទីផ្សារ និង​លក់​ចេញ​ជាង​១​លាន​គ្រឿងក្នុង​រយៈពេល​៧​ឆ្នាំ (​ឧសភា ២០០២-​កញ្ញា ២០១០) ។ ក្នុង​ឆ្នាំ​២០១១ រថយន្ត​ភី​ក​អាប់ «All-new Isuzu D-Max» បាន​បង្កើត​ភាព​លេចធ្លោ​សា​ជា​ថ្មី ដោយ​មានការ​កក់​ពី​អតិថិជន​រហូត​ដល់​១,៥​ម៉ឺន​គ្រឿងក្នុង​រយៈពេល​៣​ថ្ងៃ ។ ក្នុង​ឆ្នាំ​២០១៣ «Isuzu MU-X» ដែល​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​ដ៏​ល្អ​ប្រណីត​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ និង​លក់​ចេញ​ចំនួន​៥​ពាន់​គ្រឿងក្នុង​រយៈពេល​១០​ថ្ងៃ ហើយ​ការ​លក់​ប្រចាំឆ្នាំ​មាន​ចំនួន​២​ម៉ឺន​គ្រឿង ដែល​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ផ្នែក​រថយន្ត​ដឹក​អ្នកដំណើរ ។ នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ រថយន្ត​ភិ​ក​អាប់ «New Isuzu D-Max Blue Power» បាន​បង្កើត​ភាព​លេចធ្លោ​មួយ​ក្នុងអំឡុងពេល​សេដ្ឋកិច្ច​នៃ​ទីផ្សារ​រថយន្ត​ប្រទេស​ថៃ​មានការ​ថយ​ចុះ ។ បន្ទាប់​មក ក្នុង​ខែមីនា ឆ្នាំ​២០១៦ ក៏​មានការ​ចេញ​ម៉ូ​ដែល​ថ្មី​មួយទៀត គឺ «Isuzu MU-X Blue Power» ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​យ៉ាងច្រើន​លើសលប់​កាន់តែ​ពេញ​ចិត្តនឹង​រថយន្ត​នេះ រហូត​មក​ដល់​សព្វថ្ងៃ ។

ក្រៅពី​ការ​កសាង​កេរ្តិ៍ឈ្មោះ «Isuzu» ឲ្យ​មាន​ភាពរឹងមាំ ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ក៏​បាន​ចូលរួម​សកម្មភាព​សង្គម​ជា​ច្រើន តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​តាម​សហគមន៍ និង​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ទៀត ស្រប​តាម​គោលការណ៍​របស់​ខ្លួន ដែល​មិន​ត្រឹមតែ​ជា​អ្នក​ជួយ​ដឹក​ជញ្ជូន​ទំនិញ និង​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ដឹក​ជញ្ជូន​នូវ​ក្ដី​សង្ឃឹម និង​ជោគជ័យ​ជូន​ដល់​មនុស្ស​ទូ​ទាំង​ពិភពលោក ឲ្យ​បាន​ទទួល​សេចក្ដីសុខ​ពី​ការ​ប្រើប្រាស់​រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ ថែម​ទៀត ដោយ​អនុលោម​តាម​ទស្សនវិស័យ​របស់​ខ្លួន​ដែល​ចែង​ថា «​អ្នក​ប្រើប្រាស់​សប្បាយចិត្ត ចំណូល​កើនឡើង ជួយ​ឲ្យ​សង្គម​អភិវឌ្ឍន៍​» ឬ​ហៅ​ថា «​វិ​ថី​អ៊ី​ស៊ូ​ហ្ស៊ុ » ៕