ខ្សែប្រយុទ្ធវ័យក្មេងប្រចាំក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Neymar នឹងគ្មានសិទ្ធិចូលរួមប្រកួតដណ្តើមពានរង្វាន់អេស្ប៉ាញខាប់ជើងទី២ នៅរាត្រីនេះទេ ព្រោះតែកីឡាកររូបនេះជាប់បម្រាមចំនួន១ប្រកួត ដោយសារតែទទួលបានកាតលឿងចំនួន៣រួចមកហើយនាពេលប្រកួតកន្លងមក ។
ជាមួយគ្នានេះដែរ កីឡាករសំខាន់ៗបីរូបទៀត ដូចជា Messi, Umtiti និង Jordi Alba ក៏អាចនឹងអវត្តមានផងដែរ សម្រាប់ការប្រកួតវគ្គបន្ទាប់ ប្រសិនបើពួកគេភ្លាត់ស្នៀតបង្កឱ្យមានកំហុសទទួលបានកាតលឿង១បន្ថែមទៀត ក្នុងការប្រកួតជើងទី២នេះ ព្រោះថា ពួកគេទទួលបានកាតលឿងចំនួន២រួចហើយ អំឡុងការប្រកួតពីមុនៗមក ។
ក្នុងការប្រកួតជើងទី២ នៅរាត្រីនេះ ក្រុម Barcelona នឹងស្វាគមន៍ក្រុមភ្ញៀវ Atletico នៅពហុកីឡដ្ឋាន Camp Nou ។ បើទោះជា Barcelona បានត្រឹមស្មើជាមួយ Atletico ក្តី ក៏ក្រុមម្ចាស់ផ្ទះនេះ អាចឡើងទៅវគ្គផ្តាច់ព្រ័ត្របានដដែល ដោយសារតែការប្រកួតកាលពីជើងទី១ Barcelona បានយកឈ្នះ Atletico ២-១ ៕
ចែករំលែកព័តមាននេះ