ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនដី​គោក​បើក​រថយន្ត​ចាក់គួរជ្រុល​ទៅបុកកាមរីខ្ទេចមុខ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហុង​ដាចង្កូត​​ស្តាំ​បើកក្នុងល្បឿន​លឿន​លុះ​ដល់​ចំណុច​​កែង​មហាវិថី​​ព្រះមុនីវង្ស និងវិថី​ហ្សាល​ដឺ​ហ្គោល ​(ភ្លើង​ស្តុប​​សណ្ឋាគារ​ស) ​ស្ថិត​ក្នុង​សង្កាត់អូរ​ឫស្សី​​ទី​​៤​ ខណ្ឌ​​​៧​មករា បានចាក់​កួរ​បង្អួត​ស្រី​ស្នេហ៍​​ហើយ​ជ្រុលទៅបុក​​រថយន្តកាមរី​​គូទ​ស្វិត​​ចំ​ពាក់​កណ្តាល​​រថយន្ត​​កាលពីវេលាម៉ោង​​​២​និង​​១០នាទី​រំលង​អ​ធ្រាត្រ​​​ឈាន​ចូលថ្ងៃទី​៣១ មីនា ​២០១១ ។ នៅ​ក្នុង​ហេតុការណ៍​នេះមិន​មាន​មនុស្ស​ណា​ម្នាក់ស្លាប់ ឬ​រង​របួស​នោះទេ គ្រាន់​តែ​ខូច​ខាត​​រថយន្ត​ទាំង​​​២​គ្រឿង​​ធ្ងន់ប៉ុណ្ណោះ​។​

ប្រភពព័ត៌​មាន​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​​​​​សមត្ថ​កិច្ច​ដឹង​ថា មុនពេលកើតហេតុ​​​មានរថយន្ត​​​២គ្រឿង បើក​ប្រដេញ​គ្នា​​លើ​កំណាត់​មហាវិថី​ព្រះ​​មុនីវង្ស ឆ្ពោះទៅ​​ទិស​ខាង​ត្បូង លុះ​មក​ដល់​កែង​វិថី​ហ្សាល​​ដឺ​ហ្គោល (ភ្លើង​​ស្តុប​​អតីត​សណ្ឋាគារ​ស) ​ស្ថិតក្នុង​​សង្កាត់អូរ​ឫស្សី​​ទី​៤ ខណ្ឌ​៧​មករា ​ស្រាប់​តែ​​​រថយន្ត​ម៉ាក​​ហុងដា​ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ ​បាត់ដំបង 2A-3817 ទំនង​ចង់​បង្អួត​ស្រី​ស្នេហ៍​​បានចាក់​គួរ​បត់​​ទៅទិស​ខាងកើត ស្រប​ពេល​នោះ​​មាន​រថយន្ត​​មួយគ្រឿងទៀត​​​​ម៉ាក​​កាមរី​គូទ​​ស្វិត ពាក់​ស្លាកលេខ ភ្នំពេញ 2B-5866 បើក​តាម​​វិថី​ហ្សាល​​ដឺ​ហ្គោល ទៅទិស​ខាងកើត បណ្តាល​ឱ្យ​​បុក​ចំ​ពាក់កណ្តាល​​​រថយន្ត​​​កាមរីលាន់​​​ដូច​រន្ទះ​បាញ់​​​​ខែ​ប្រាំង ។ ក្រោយពី​​​រថយន្តទាំង​​​២​ចង​​កំហឹង​​គ្នា​​​​ខូចខាត​​ទៅមុខលែង​រួច ​គេ​ឃើញ​ភាគី​​ខាង​រថយន្ត​​ហុងដា បានបើកទ្វារ​​​រថយន្ត​​ចេញ​មក​ក្រៅ​​មានស្រី​​ មាន​ប្រុស​​​​៤-៥​នាក់ ​ជា​​ជន​ជាតិ​ចិនដី​គោក​​នាំគ្នា​ស្រែក​ហ៊ោកញ្ជ្រៀវ​ តែ​មិន​មានអ្នក​​ណា​​ម្នាក់​របួស​នោះទេ ​ទំនង​បាន​ពោង​ការពារ​សុវត្ថិភាព​ជួយ រី​ឯ​ភាគី​​ខាង​រថយន្ត​កាមរីគូទ​​ស្វិត​វិញ​​មានគ្នា​​​៣­-៤​នាក់​សុទ្ធតែ​ប្រុស​ៗ ហើយ​​ជួប​សំណាង​ល្អ​​ក៏​មិន​មាន​​អ្នក​រង​របួស​
ដែរ​ ។​

សមត្ថកិច្ច​​​ជំនាញ​​មិន​បានអះអាង​​ថា ភាគី​ខាង​ណា​ខុស​ ឬ​ត្រូវ​នោះទេ ក្រោយពី​​ធ្វើការ​​វាស់​វែង​​រួច​គ្រាន់​​តែ​បញ្ជាក់​ថា​ រថយន្ត​​ម៉ាកហុង​ដា​​ខូច​​ផ្នែក​​ខាង​មុខ​ធ្ងន់​​ និង​ផ្ទុះ​​ពោង​ការពារ​សុវត្ថិភាព​ទាំ​ង​​២​ រីឯ​រថយន្ត​​​កាមរី​ខូចទ្វារ​​ចំហៀង​​ទាំង​២។​​រថយន្ត​​ទាំង​​២គ្រឿង​​​ត្រូវ​បាន​ស្ទូច​​យកទៅ​រក្សា​ទុក​​​នៅការិយាល័យ​​នគរបាល​​ចរាចរណ៍​​ផ្លូវ​គោក​​​​នៃ​ស្នង​ការ​​ដ្ឋាន​នគរបាល​​រាជធានីភ្នំពេញ ៕​