ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធុរកិច្ច​មាន​សុទិដ្ឋិនិយម​លើ​ការ​ពង្រីក​ពាណិជ្ជកម្ម​រវាង​កម្ពុជា មី​យ៉ា​ន់​ម៉ា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ធុរកិច្ច​នានា​នៅ​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា និង​មី​យ៉ា​ន់​ម៉ា​អាច​ធ្វើ​កិច្ចសហការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ស្រប​ពេល​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា

រាជធានី​ភ្នំពេញ ៖ អ្នក​ធុរកិច្ច​នានា​នៅ​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា និង​មី​យ៉ា​ន់​ម៉ា​អាច​ធ្វើ​កិច្ចសហការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ស្រប​ពេល​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៦ កុម្ភៈ នេះ​។

លោក អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​បាន​បោះទុន​វិនិយោគ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​នាម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២ កុម្ភៈ​ថា ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​ព្រំដែន​នៅ​ឆ្ងាយ​ពី​គ្នា ទើប​ធ្វើ​ឲ្យ​ការ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​មានការ​លំបាក ប៉ុន្តែ​កម្ពុជា​អាច​សហ​ប្រតិ​បត្តិការ​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា លើ​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ភ្ញៀវ​ទេសចរ​ពី​ខេត្តសៀមរាប ទៅ​កាន់​ប្រាសាទ​បា​ហ្កា​ន ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​របស់​មី​យ៉ា​ន់​ម៉ា ។

លោក​បន្ត​ថា ៖ « ឱកាស​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា គឺ​វិស័យ​ទេសចរណ៍ ហើយ​និង​អាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ផង​ដែរ ។ បច្ចុប្បន្ន អេ​ស៊ី​លី​ដា មាន​សាខា​ចំនួន​៦​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​គ្រោង​ពង្រីក​២​សាខា​ទៀត​នៅ​ពាក់កណ្តាល​ឆមាស​ទី​១​ឆ្នាំ​នេះ » ។

យោង​តាម​ទិន្នន័យ​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​មក ភ្ញៀវ​ទេសចរ​មី​យ៉ា​ន់​ម៉ា​មក​ប្រទេស​កម្ពុជា មាន​ជាង​១​ម៉ឺន​២​ពាន់​នាក់ និង​ភ្ញៀវ​កម្ពុជា​ទៅ​ទស្សនា​មី​យ៉ា​ន់​ម៉ា មាន​តែ​ជាង​៤.០០០​នាក់ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា ឲ្យ​ដឹង​ថា កន្លង​មក មានការ​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Myanmar Air មក​កាន់​ប្រទេស​កម្ពុជា ប៉ុន្តែ​បាន​ផ្អាក​រហូត​មក​ទល់​ពេល​នេះ ដោយសារ​ចំនួន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​កម្រិត ។ ប្រទេស​ទាំង​ពីរ​គោរព​សាសនា​ដូច​គ្នា មាន​ជីវភាព​ប្រហាក់ប្រហែល​គ្នា​។ ដូច្នេះ ប្រសិនជា​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ នឹង​ធ្វើ​ឲ្យ​មាន​លំហូរ​ភ្ញៀវ​ទេសចរ​ល្អ ។

លោក​បន្ត​ថា ៖ « ការ​បើកចំហ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ នឹង​អាច​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​កើនឡើង ទេសចរណ៍​កើនឡើង និង​អាច​បើក​របាំង ហើយ​កម្ពុជា​អាច​ហោះ​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា​បាន ។ ប្រសិនជា​ទំនាក់ទំនង​ល្អ វា​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ ថ្មី​មួយ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អាច​ភ្ជាប់​ជើងហោះហើរ​ទៅ​មី​យ៉ា​ន់​ម៉ា​វិញ » ។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា គឺ​មាន​កម្រិត​នៅឡើយ ដោយ​កាលពី​ឆ្នាំ​មុន កម្ពុជា​នាំ​ចេញ​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា មាន​ទំហំ​ទឹកប្រាក់​ជាង​១​លាន​៤​សែន​ដុល្លារ និង​កម្ពុជា​នាំ​ចូល​ពី​មី​យ៉ា​ន់​ម៉ា មាន​ទំហំ​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន​២៣​បាន​វិនិយោគ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​នោះ​១៩​ជា​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​, ២​ជា​ធនាគារ​, ក្រុមហ៊ុន​១​ធ្វើ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​១​ទៀត​បម្រើសេវា​ទូទៅ ។

លោក ងួ​ន ម៉េ​ង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា ថ្លែង​ថា ពាណិជ្ជកម្ម​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ពិតជា​មាន​ទំហំ​តូច​នៅឡើយ ដោយសារ​កន្លង​មក ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​កម្ពុជា ក៏​ដូច​ជា​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ ដូច្នេះ ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​អាស្រ័យ​លើ​ភាគី​មី​យ៉ា​ន់​ម៉ា​បើក​ចំហ​​កម្រិត​ណា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ ។ ប្រទេស​មី​យ៉ា​ន់​ម៉ា​ធ្លាប់​ដឹកនាំ​ដោយ​របប​យោធា ហើយ​រដ្ឋាភិបាល​ថ្មី​បច្ចុប្បន្ន ក៏​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ។ 

លោក​បន្ត​ថា ៖ « កម្ពុជា​មាន​សក្តានុពល​លើ​ពាណិជ្ជកម្ម​គ្រប់​វិស័យ ប៉ុន្តែ​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ យើង​នៅ​ចាំ​មើល​ថា គេ​បើកចំហ​កម្រិត​ណា ព្រោះ​ទំនាក់ទំនង​ប្រៀប​ដូច​ជា​មិត្តភក្តិ តើ​គេ​រាប់អាន​យើង​ជា​មិត្ត​ជិត​ស្និទ្ធ ឬ​ត្រឹម​ជា​មិត្ត​ធម្មតា » ៕