ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺផ្តាសាយបក្សី​ដើមឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រុង​ប្រយ័ត្ន​ជំងឺផ្តាសាយបក្សី ខណៈ​ពេល​មានការ​រីក​រាលដាល​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា ។

បើ​តាម​ការ​អះអាង​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រុង​ប្រយ័ត្ន​ជំងឺផ្តាសាយបក្សី ខណៈ​ពេល​មានការ​រីក​រាលដាល​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា ។

បើ​តាម​ការ​អះអាង​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០១៧​នេះ​មានការ​រីក​រាលដាល​ឡើង​វិញ​នៃ​ជំងឺផ្តាសាយបក្សី​លើ​សត្វ​បក្សី​ក្នុង​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តកំពង់ធំ និង​ខេត្តស្វាយរៀង ។ ទោះជា​យ៉ាងណា​ក្តី​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​រក​ឃើញ​ករណី​ជំងឺផ្តាសាយបក្សី​កើត​មាននៅ​លើ​មនុស្ស​នៅឡើយ​ទេ ។ 

ទោះបីជា​មិន​ទាន់​កើត​មាននៅ​លើ​មនុស្ស​ក៏​ពិតមែន នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏​នៅ​តែ​អំពាវនាវ​ឲ្យ​ប្រជាជន​គ្រប់​រូប​ប្រុង​ប្រយ័ត្ន​ជំងឺផ្តាសាយបក្សី រួម​ទាំង​ឈ្វេងយល់​ឲ្យ​បាន​ច្រើន​អំពី​ជំងឺ​នេះ ជា​ពិសេស​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល ឆាប់​ៗ​នេះ ។ សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ ឬ​ងាប់ រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ បោចរោម និង​ចំអិន​ជាប់​ជា​និច្ច ពិសេស​បើសិនជា​ឃើញ​មាន់ ទា​ងាប់​ច្រើន​ខុស​ពី​ធម្មតា ត្រូវ​រាយការណ៍​ទៅ​ពេទ្យសត្វ គ្រូពេទ្យ ឬ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​និង​តាមដាន ។

សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ជា​និច្ច​អំពី​ការ​ចម្លង​ជំងឺផ្តាសាយបក្សី ហើយ​ត្រូវ​អនុវត្ត​តាម​វិធី​បង្ការ​ដូច​ជា​៖
-​ដើម្បី​សុវត្ថិភាព​ត្រូវ​ពាក់​ម៉ាស់ ឬ​ចងក្រមា​បិទ​មាត់​និង​ច្រមុះ​មុន​ពេល​ប៉ះពាល់​ជាមួយ​មាន់​ទា ។
-​ស្រុសមាន់ ឬ​ទា​ជាមួយ​ទឹក​ក្តៅ​មុន​ពេល​បោចរោម ។
-​ប្រមូល​រោម​មាន់ ទា ឬ​កាក​សំណល់​ផ្សេង​ទៀត​យក​ទៅ​កប់ ឬ​ដុក​ចោល ។
-​លាង​សំអាត​ដៃ​និង​វ​ត្តុ​ប្រើប្រាស់​សម្រាប់​សម្លាប់​មាន់​ទា​ជាមួយ​ផេះ ឬ​សាប៊ូ​ឲ្យ​បាន​ស្អាត​។
-​សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ ​ឬ​ងាប់​មក​រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោចរោម និង​ចំអិន​ជាប់​ជា​និច្ច ។

ចំពោះ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​៖
គ្រុនក្តៅ​លើស​ពី​៣៨​អង្សា​សេ ក្អក ឬ​ឈឺ​ក ដកដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ​ឬ​ងាប់​ក្នុងអំឡុងពេល​៧​ថ្ងៃមុន ចាត់​ទុក​ថា​ជា​ករណី​សង្ស័យ​ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ព្យាបាល យើង​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ ។

ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់​២០១៦ ក្នុង​ប្រទេស​យើង​ធ្លាប់​កើត​មាន​ជំងឺផ្តាសាយបក្សី​ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី​ដែល​ក្នុង​នោះ​៣៧​ករណី​បាន​ស្លាប់ ។
ដោយឡែក​គ្រាន់តែ​ឆ្នាំ​២០១៣​មាន​ឆ្លង​លើ​មនុស្ស​ចំនួន​២៦​ករណី​ដែល​ក្នុង​នោះ​មាន​១៤​ករណី​បាន​ស្លាប់ ។ ក្នុង​ឆ្នាំ​២០១៤​មាន​៩​ករណី និង​៤​ករណី​បាន​ស្លាប់ ។

ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​នេះ​មានការ​រីក​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន ដែល​បណ្តាល​ឲ្យ​មានការ​សម្លាប់សត្វ​បក្សី​ប្រមាណ​​ជាង​២០​លាន​ក្បាល ដើម្បី​បង្ការ​ការ​ឆ្លង​រាតត្បាត​មក​មនុស្ស​ផង​ដែរ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ​១១៥​ដោយ​ពុំ​មានការ​គិត​ប្រាក់​ឡើយ៕