ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​ចិន​តែ​មួយ នាយក​រដ្ឋមន្ត្រី​ប្រកាស​ជា​ថ្មី​ហាម​លើក​ទង់ជាតិ​កោះ​តៃវ៉ាន់​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ចំពោះ​មុខ​សមាគម​ខ្មែរ​-​ចិន ពី​ការ​គាំទ្រ​យ៉ាង​

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ចំពោះ​មុខ​សមាគម​ខ្មែរ​-​ចិន ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គោលនយោបាយ​ចិន​តែ​មួយ ក្នុង​ខណៈ​ដែល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញចូលរួម​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សូម​បងប្អូន​ខ្មែរ​ដែល​មាន​ដើម​កំណើត​ចិន​បាន​ជ្រាប ទោះបី​បងប្អូន​ពេញចិត្ត​ជាមួយ​អ្នក​ណា​ឬ​មិន​ពេញចិត្ត​ជាមួយ​អ្នក​ណា តែ​បងប្អូន​ត្រូវ​យល់​អំពី​នយោបាយ​ការ​បរទេស​ដែល​បាន​អនុវត្ត​តាំងពី​ព្រះករុណា​ព្រះ​បិតា​ជាតិ សម្តេចព្រះ​នរោត្តម សីហ​នុ និង​បញ្ហា​ទាក់ទិន​នឹង​គោលនយោបាយ​ចិន​តែ​មួយ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា នយោបាយ​ចិន​តែ​មួយ​គឺជា​នយោបាយ​ដែល​យើង​ត្រូវ​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​ចិន ការ​គោរព​អធិបតេយ្យភាព​របស់​ចិន​មាន​តម្លៃ​ស្មើនឹង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ ។ តៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ចិន​តែ​ប៉ុណ្ណោះ បើសិនជា​យើង​ដាក់​ការទូត​ជាមួយ​តៃវ៉ាន់ ឬ​ក៏​ឱ្យ​តៃវ៉ាន់​លើក​ទង់ជាតិ​របស់​គេ​នៅ​ក្រុងភ្នំពេញ តើ​វា​មាន​ន័យ​យ៉ាង​ម៉េ​ច ?

នោះ​វា​មិន​ខុស​ពី​ការ​ដែល​យើង​បំបែក​ខេត្ត​មួយ​របស់​ចិន​ចេញពី​ចិន​នោះ​ទេ ចុះបើ​សិន​ចិន​បំបែក​ខេត្តកោះកុង ឬ​ខេត្តព្រះវិហារ​ចេញពី​កម្ពុជា តើ​កម្ពុជា​សុខចិត្ត​ទេ ច្បាស់​ជា​មិន​សុខចិត្ត​ទេ​…​។ ករណី​ដូច​គ្នា​នេះ ចិន​ក៏​មិន​សុខចិត្ត​ដូច​គ្នា​ដែរ​…​។

ដូច្នេះ​សម្តេច​បាន​គូសបញ្ជាក់​ថា សូម​បងប្អូន​យោគយល់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។ ខ្ញុំ​មិន​និយាយ​គណបក្ស​ផ្សេង​ទេ ដែល​មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ។ ក៏​ប៉ុន្តែ ខ្ញុំ​និយាយ​អំពី​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គោលនយោបាយ​របស់ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដែល​រយៈពេល​៣២​ឆ្នាំ​នេះ ខ្ញុំ​មិន​ព្រម​អនុវត្ត​ចិន​២ ឬ​ចិន​៣ ។

ករណី​តៃវ៉ាន់ សម្តេច​តេ​ជោ​បញ្ជាក់​ថា ខ្ញុំ​យល់ព្រម​ត្រឹមតែ​មក​រកស៊ី​ប៉ុណ្ណោះ ឧទាហរណ៍ដូច​ជា​ការ​ហោះហើរ​ពី​តៃ​ប៉ិមក​ភ្នំពេញ ពី​តៃ​ប៉ិ មក​សៀមរាប​ធ្វើ​បាន អ្នក​វិនិយោគ​មក​ពី​តៃ​ប៉ិមក​កម្ពុជា ។ ប៉ុន្តែ ខ្ញុំ​សំណូមពរ​បងប្អូន​នៅ​ទី​នេះ គឺ​មិន​អនុញ្ញាត​ដល់​ពេល​បុណ្យ​តៃវ៉ាន់​ម្តង​ៗ​បងប្អូន​ជួបជុំ​គ្នា​នៅ​តាម​សណ្ឋាគារ លើក​ទង់ជាតិ​តៃវ៉ាន់​នៅ​ក្នុង​ពិធី​ជួបជុំ​គឺ​មិន​អនុញ្ញាត​ទេ ។

សូម​បងប្អូន​យោគយល់​ទៅ​ដល់​ការ​សម្រេច និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។
ឯ​បញ្ហា​ទី​បេ ក៏​សូម​បងប្អូន​យោគយល់​ដែរ ។
យើង​ក៏​ធ្លាប់​បាន​ទទួល​សំណូមពរ​អំពី​ការ​ចូល​មក​កម្ពុជា​ដោយ​សង្ឃ​អង្គ​នេះ សង្ឃ​អង្គ​នោះ ។
ក៏​ប៉ុន្តែ យើង​ក៏​អនុវត្ត​នូវ​នយោបាយ​ការ​បរទេស ដែល​ទី​បេ​ក៏​ជា​របស់​ប្រទេស​ចិន​ដែរ មិន​អាច​មាន​ទី​បេ​របស់​អ្នក​នេះ របស់​អ្នក​នោះ​ទេ​។ ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់​ទៅ​លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ ។

ចិន​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ទាក់ទង​ជាមួយនឹង​ហុងកុង ឱ្យ​ទាក់ទង​ជាមួយ​តៃវ៉ាន់​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ចិន​តែ​មួយ​ប្រព័ន្ធ​២ ។ ចិន​ក៏​មិន​ចង្អៀតចង្អល់ នៅ​ក្នុង​ការ​ដែល​កម្ពុជា​យើង​រកស៊ី​ជាមួយនឹង​តៃវ៉ាន់​ដែល​មាន​អ្នក​តៃវ៉ាន់​មួយ​ចំនួន​មក​ចូលរួម​នៅ​ទី​នេះ​ផង​ដែរ ។

សម្តេច​សូម​ការ​យោគយល់ ដែល​មិន​អាច​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​បើក​ការិយាល័យ​តៃវ៉ាន់​ប្រចាំ​នៅ​ភ្នំពេញ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​បាន គឺ​រឿង​នេះ​គឺ​មិន​អាច​ធ្វើ​បាន​ទេ ។
សម្តេច​តេ​ជោ​បាន​អះអាង​ថា ខ្ញុំ​មិន​ខ្លាច​នឹង​និយាយ​ពី​បញ្ហា​នេះ មិន​ថា​នៅ​កន្លែង​នេះ ឬ​កន្លែង​ណា​ទេ ខ្ញុំ​និយាយ​រហូត នយោបាយ​ចិន​តែ​មួយ ហើយ​ចិន​មិន​ត្រូវការ​អ្វី​ទេ ចិន​មាន​តម្រូវការ​អនុវត្ត​ចិន​តែ​មួយ​ប៉ុណ្ណោះ​។ នេះ​ជា​ចំណុច​ពិសេស ហើយ​សម្តេច​សង្ឃឹមថា​បងប្អូន​ទាំងអស់​នឹង​គាំទ្រ​នយោបាយ​ចិន​មួយ​របស់​រាជរដ្ឋាភិបាល ។

ចំណុច​នេះ​វា​មាន​សារៈសំខាន់​ណាស់​ដល់​យើង ហើយ​ក៏​សម្រាប់​តំបន់​អាស៊ី​ផង​ដែរ ជា​ពិសេស​អាស៊ី​អាគ្នេយ៍ ក្នុង​ឋានៈ​អាស៊ាន​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ចិន ។ យើង​ត្រូវ​ខិតខំ​ថែរក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចិន ហើយ​ការ​រះ​ឡើង​នូវ​សន្តិភាព​របស់​ចិន​មិន​មានការ​គំរាមកំហែង​អ្នក​ណា​ទេ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​តាម​រយៈ​នៃ​គោលនយោបាយ​ជិតខាង​ល្អ តាម​រយៈ​នៃ​ចក្ខុវិស័យ​ស្តី​ពី​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ផ្លូវ​សូត្រ​និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ វា​ផ្តល់​ផលប្រយោជន៍​មិន​ត្រឹមតែ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ផ្តល់​ទៅ​តំបន់​ដទៃ​ទៀត ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ខ្ញុំ​សង្ឃឹមថា​បងប្អូន​ច្បាស់​ជា​យល់​នូវ​ភាព​ចាំបាច់​នៃ​ការ​រក្សា​សន្តិភាព បើ​គ្មាន​សន្តិភាព​ទេ បងប្អូន​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​។ ខ្ញុំ​សង្ឃឹមថា អ្វី​ដែល​ជា​ការ​ចាំបាច់​របស់​យើង​គឺ​ត្រូវ​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ទើប​បងប្អូន​មាន​លទ្ធភាព​អភិវឌ្ឍន៍ ។

ទាក់ទង​នឹង​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា កម្ពុជា មិន​ត្រូវធ្វើ​អ្វី​ដែល​នាំ​ទៅ​ដល់​ការ​ប៉ះពាល់​នូវ​ការ​គោរព​ឯករាជ្យ អធិបតេយ្យភាព​របស់​ចិន តាម​រយៈ​ការ​ចាប់ដៃ​ជាន់​ជើង​នោះ​ទេ ។ ខ្ញុំ​មិន​អាច​ធ្វើ​បាន​នូវ​រឿង​នោះ​ទេ ខ្ញុំ​ធ្វើ​រដ្ឋមន្ត្រី​ការ​បរទេស​តាំងពី​ខ្ញុំ​អាយុ​២៧​ឆ្នាំ ។ ក្នុង​មួយ​ដំណាក់កាល​នៃ​ទស​វត្ស​៨០​មិន​ខ្វះ​ទេ​មនុស្ស​ដែល​ផ្ដល់​យោបល់​ឱ្យ​ខ្ញុំ​ធ្វើ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ តែ​ខ្ញុំ​បាន​បដិសេធ​ដាច់ខាត​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ផង និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ផង ។

សូម​បងប្អូន​យល់​ថា នយោបាយ​ចិន​តែ​មួយ​គឺជា​នយោបាយ​ដែល​យើង​ត្រូវ​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​ចិន ។ ការ​គោរព​អធិបតេយ្យភាព​របស់​ចិន មាន​តម្លៃ​ស្មើនឹង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ ។ យើង​លើក​ជា​ឧទាហរណ៍​មួយ​ដើម្បី​ឱ្យ​ងាយស្រួល​ស្ដាប់ តៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ចិន​ប៉ុណ្ណោះ បើសិនជា​យើង​ដាក់​ការទូត​ជាមួយ​តៃវ៉ាន់ ឬ​ក៏​ឱ្យ​តៃវ៉ាន់​លើក​ទង់ជាតិ​របស់​គេ​នៅ​ភ្នំពេញ នោះ​វា​មិន​ខុស​ពី​យើង​បំបែក​ខេត្ត​មួយ​របស់​ចិន​នោះ​ទេ ហើយ​ចុះ​បើសិនជា​ចិន​បំបែក​ខេត្តកោះកុង ឬ​ខេត្តព្រះវិហារ​ពី​កម្ពុជា តើ​កម្ពុជា​សុខចិត្ត​ទេ ច្បាស់​ជា​មិន​សុខចិត្ត ដូចនេះ​ហើយ​ការ​បំបែក​តៃវ៉ាន់​ចេញពី​ចិន ក៏​ចិន​មិន​សុខចិត្ត​ដែរ ។

សម្ដេច​តេ​ជោ​ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ទៀត​ថា « គោលនយោបាយ​របស់​គណបក្ស​ប្រជាជន ក៏​ដូច​ជា​គោលនយោបាយ​របស់ ហ៊ុន សែន គឺ​មិន​ព្រម​ជា​ដាច់ខាត​នូវ​ការ​អនុវត្ត​គោលនយោបាយ​ចិន​ពីរ ឬ​ចិន​បី​ឡើយ ។ ខ្ញុំ​យល់ព្រម​ឱ្យ​តៃវ៉ាន់​ត្រឹមតែ​មក​រកស៊ី​ប៉ុណ្ណោះ​ឯង តែ​ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន ដែល​នៅ​កម្ពុជា កុំ​ដល់​ពេល​បុណ្យ​ជាតិ​តៃវ៉ាន់ ម្ដង​ៗ​នាំ​គ្នា​ជួបជុំ​នៅ​តាម​សណ្ឋាគារ​លើក​ទង់ជាតិ​តៃវ៉ាន់ ខ្ញុំ​មិន​អនុញ្ញាត​ទេ ។

សូម​បងប្អូន​យោគយល់​ដល់​ការ​សម្រេចចិត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​នយោបាយ​ចិន​តែ​មួយ លើ​បញ្ហា​ទាក់ទង​នឹង​តៃវ៉ាន់ ។ ចំណែកឯ​ទី​បេ​ក៏​ដូច​គ្នា មានការ​មក​ដល់​នៃ​សង្ឃ​អង្គ​នេះ​សង្ឃ​អង្គ​នោះ ក៏​ប៉ុន្តែ​យើង​មិន​អនុវត្ត​នូវ​នយោបាយ​បែប​នោះ​ទេ ព្រោះ​ទី​បេ​ក៏​ជា​ប្រទេស​របស់​ចិន​ដែរ វា​មិន​អាច​មាន​ទី​បេ​របស់​អ្នក​នេះ ឬ​របស់​អ្នក​នោះ​ទេ ។ ចិន​បាន​អនុញ្ញាត​ឱ្យ​យើង​ទាក់ទង​នឹង​ហុងកុង ទាក់ទង​នឹង​តៃវ៉ាន់ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ចិន​មួយ​ប្រពន្ធ​ពីរ ហើយ​ចិន​ក៏​មិន​ចង្អៀតចង្អល់​ឱ្យ​យើង​រកស៊ី​ជាមួយ​តៃវ៉ាន់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​អាច​អនុញ្ញាត​ឱ្យ​បើក​ការិយាល័យ​តៃវ៉ាន់ នៅ​ទីក្រុង​ភ្នំពេញ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ។ បើសិនជា​មិន​ធ្វើ​ដូចនេះ​ទេ គឺ​ស្មើនឹង​ចាប់ដៃ​ជាន់​ជើង ស្មើនឹង​ការ​មិន​គោរព​អធិបតេយ្យ​កម្ពុជា ដោយសារ​តែ​យើង​មិន​ទៅ​គោរព​អធិបតេយ្យ​របស់​ចិន » ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បញ្ជាក់​ថា ការ​គោរព​អធិបតេយ្យ​ចិន គឺជា​ចំណុច​មួយ​សំខាន់​ណាស់​សម្រាប់​កម្ពុជា និង​សម្រាប់​តំបន់​អាស៊ី​ផង​ដែរ ជា​ពិសេស​អាស៊ី​អាគ្នេយ៍ ក្នុង​ឋានៈ​អាស៊ាន​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ចិន ។ យើង​ត្រូវ​ខិតខំ​ថែរក្សា​ទំនាក់ទំនង​របស់​ចិន ហើយ​ការ​រះ​ឡើង​នូវ​សន្តិភាព​របស់​ចិន មិន​គំរាម​គំ​ហែង​អ្នក​ណា​ទេ ផ្ទុយ​ទៅ​វិញ​តាម​រយៈ​គោលនយោបាយ​ជិតខាង​ល្អ និង​តាម​ចក្ខុវិស័យ​ស្តី​ពី​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ និង​ផ្លូវ​សូត្រ​សមុទ្រ បាន​ផ្ដល់​ផលប្រយោជន៍​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ ៕