ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សៀមរាប​រៀបចំ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បើ​ទោះបីជា​ស្រុក​ទេស​មានការ​រីក​ចម្រើន វិទ្យាសាស្ត្រ​ទំនើប​ខ្លាំង តែ​ជំនឿ​នៅ​តែ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវភាព​រស់នៅ​របស់​អ្នកស្រុក​អង្គរ​ដដែល ។ ពួក​គាត់​តែង​យក​ជំនឿ​ជា​ធំ មិន​ថា​អ្នក​រកស៊ី អ្នកមាន​វិបត្តិ

ខេត្តសៀមរាប ៖ បើ​ទោះបីជា​ស្រុក​ទេស​មានការ​រីក​ចម្រើន វិទ្យាសាស្ត្រ​ទំនើប​ខ្លាំង តែ​ជំនឿ​នៅ​តែ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវភាព​រស់នៅ​របស់​អ្នកស្រុក​អង្គរ​ដដែល ។ ពួក​គាត់​តែង​យក​ជំនឿ​ជា​ធំ មិន​ថា​អ្នក​រកស៊ី អ្នកមាន​វិបត្តិ មុន​ធ្វើ​អ្វីមួយ ឬ​រៀបចំ​ពិធី ផ្សេង​ៗ​ទេ ដើម្បី​ជួយ​ដោះស្រាយ ជួយ​ជា​កម្លាំងចិត្ត និង​ធ្វើ​ឱ្យ​ចំ​ពេលា​ល្អ​មាន​សិរី​សួស្តី ហើយ​រាល់​ពិធី​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សុំ​សេចក្តីសុខ​សប្បាយ និង​ការ​រំឭក​ដឹងគុណ​ជាដើម ។

ក្រៅពី​នោះ​ទៀត អ្នកស្រុក​អង្គរ​ក៏​នៅ​រក្សា​ទំនៀម​បុណ្យប្រពៃណី​ទៅ​តាម​រដូវ​កាល​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ ដូច​ជា​ពិធីបុណ្យ​ឡើងអ្នកតា (​ឡើង​មាឃ​) នា​ថ្ងៃ​៣​កើត ខែមាឃ ដែល​អ្នកស្រុក​ក្នុង​តំបន់​អង្គរ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ត​ពី​បុរាណកាល​មក​មិន​ដែល​ខកខាន​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​៣​កើត​ខែមាឃ ប្រជាជន​ដែល​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​បាន​ស្រាក់​ដៃ​គ្នា​រៀបចំ​ពិធី​ឡើង​មាឃ ឬ​ឡើង​លោកតា​រាជ្យ​ទៅ​តាម​ទម្លាប់ ដើម្បី​សុំ​សេចក្តីសុខ​សេចក្តីចម្រើន រួម​ទាំង​ចូលរួម​ថែរក្សា​ជំនឿ​វប្បធម៌​ខ្មែរ​ឱ្យ​នៅ​រស់​លើ​ទឹកដី​ដ៏​ស័ក្តិសិទ្ធិ​នេះ ។

ចំពោះ​ការ​រៀបចំ​គ្រឿង​រណ្តាប់​នៅ​ក្នុង​ពិធី​នេះ មាន​ស្លាធម៌ បាយសី ជម​៤ គ្រឿង​សំណែន​មាន់​ស្ងោរ ក្បាល​ជ្រូក បាយ​សម្ល បង្អែមចម្អាប ផ្លែ​ឈើ ភ្ញីផ្កា ស្រាស ទឹកក្រូច​ជាដើម ពិសេស​គឺ​នំ​បញ្ចុក​តែ​ម្តង​ដែល​ធ្វើ​សម្រាប់​ចែក​ជូន​អ្នកចូលរួម​ពិសា ។ ពិធី​នេះ​កើតឡើង​ពី​សាមគ្គីភាព​របស់​អ្នកស្រុក​គ្រប់​គ្នា​ដែល​ស្រឡាញ់​វប្បធម៌​ជាតិ និង​ជំនឿ​ដែល​មាន​តាំងពី​បុរាណ​។

ក្នុង​ពិធី​នេះ​ដែរ អ្វី​ដែល​ពិសេស​ដើម្បី​ឱ្យ​មនុស្ស និង​អ្នកតា​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ផង និង​ញ៉ាំង​ពិធី​ឱ្យ​កាន់តែ​អធិកអធម​សប្បាយ​រីករាយ​ផង នោះ​គឺ​វង់​តន្ត្រីបុរាណ​ខ្មែរ និង​អ្នក​ចូល​រូប​ដែល​តំណាង​ឱ្យ​អ្នកតា​ថែរក្សា​នៅ​ទី​ស័ក្តិសិទ្ធិ​ទាំងនោះ ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ កិច្ច​ពិធី​បាន​ចាប់ផ្តើម​ដោយ​ការសូត្រ​នមស្ការ រំឭក​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​ឆាក​ហ៊ោ បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ អញ្ជើញ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​ចូល​មក​កាន់​ទីកន្លែង​ដែល​អ្នក​ភូមិ​បាន​រៀបចំ​ជូន​។

បន្ទាប់​ពី​ចប់​កិច្ច​ពិធី​នេះ​ហើយ ភ្លេង​ក៏​ចាប់ផ្តើម​ប្រគំ​អម​ទៅ​ដោយ​អ្នក​ចូល​រូប​(​ស្នង​រូប​អ្នកតា​ឬ​បារមី ផ្សេង​ៗ) រាំរែក​តាម​ចង្វាក់ភ្លេង​។ អ្នកតា​ដែល​ចូល​មក​មាន​ច្រើន​រូប អត្ត​ចរិត​ខុស​គ្នា ចំណូលចិត្ត​ក៏​ខុស​គ្នា ខ្លះ​ស្លូតបូត ខ្លះ​កាច ខ្លះ​ក្រមិចក្រមើម ហើយ​តន្ត្រី​ក៏​ត្រូវ​ប្រគំ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នកតា​ដែល​ចូល​រូប​អ្នក​ស្នង​ដែរ បើ​មិន​អុ​ី​ចឹ​ង​ទេ អ្នកតា​នឹង​ខឹង មិន​រាំ​លេង ឬ​មិន​ចូល​រូប​ដែល​ស្នង ។ ពេល​អ្នកតា​ចូល​រូប​ហើយ អ្នកស្រុក​បាន​អញ្ជើញ​ឱ្យ​អ្នកតា​សេពសោយ​អាហារ​ដែល​បាន​រៀបចំ​ជូន ហើយ​សួរនាំ​អ្នកតា​ពី​រឿងរ៉ាវ ផ្សេង​ៗ ពី​ការ​រៀបចំ​គ្រឿង​សំណែន គ្រឿង​រណ្តាប់​តើ​រៀបចំ​ត្រឹមត្រូវ ល្មម​គ្រប់គ្រាន់ ឬ​យ៉ាងណា ក្រែងលោ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ និង​សុំ​សេចក្តីសុខ​ដល់​ខ្លួន និង​ក្រុម​គ្រួសារ​។ ឯ​អ្នកស្រុក​ដែល​មាន​ជំនឿ​ក៏​បាន​សុំ​ឱ្យ​ជួយ​ព្យាបាល​ជំងឺ សុំ​ទឹកមន្ត និង​លាភសក្ការៈ​ផង​ដែរ ។

បើ​តាម​ជំនឿ​របស់​អ្នកស្រុក​ដែល​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​ឱ្យ​អ្នកតា​ដែល​ថែរក្សា​ភូមិ​ស្រុក ឬ​ទីតាំង​ស័ក្តិសិទ្ធិ​បាន​រាំ​លេង​សប្បាយ ព្រមទាំង​អរគុណ​ដល់​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​បាន​ផ្តល់​ទឹកភ្លៀង ធ្វើ​ឱ្យ​ដី​មាន​ជីជាតិ មិន​ឱ្យ​ទឹកទន្លេ​ឡើង​ខ្លាំង និង​ធ្វើ​ឱ្យ​ស្រូវ​គាត់​បាន​ភោគផល​ច្រើន​។ មួយវិញទៀត ក៏​ធ្វើ​ដើម្បី​សុំ​ឱ្យ​កូនចៅ​សុខ​សប្បាយ និង​លាបំណន់​ដែល​បាន​បែ​បន់​ចំពោះ​កសិកម្ម ឬ​ការងារ​អ្វី​ផ្សេង ក្រែងលោ​អ្នកតា​ចាំ​មាត់​ចាំ​ក បើ​មិន​បាន​ធ្វើ​នាំ​ឱ្យ​ខុសឆ្គង​កើត​គ្រោះភ័យ​ដល់​ខ្លួន និង​ភូមិ​ស្រុក ។

«​អ្នកតា​» ចំពោះ​អ្នកស្រុក គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ​បំផុត ព្រោះ​ជា​អ្នក​ថែរក្សា​ស្រុក អ្នក​ឃុំគ្រង​កូនចៅ​ឱ្យ​បាន​សុខ​សប្បាយ​គួរ​ឱ្យ​គោរព​បូជា មិន​អាច​មើលងាយ​ឬ​លេងសើច​បាន​ទេ ។
តាម​ការ​លើក​ឡើង​របស់​លោក​សេង ធី នៅ​សង្កាត់​សាលា​កន្សែង ខេត្តសៀមរាប ជា​អ្នក​ផ្តួចផ្តើម​ពិធី​ឡើង​មាឃ​នៅ​ប្រាសាទអង្គរវត្ត​មុខ​ផ្លូវ​ចូល​ទៅ​តារា​ជ្យបាន​ប្រាប់​ថា ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​៣​កើត​ខែមាឃ គាត់​និង​អ្នក​ភូមិ​ជុំវិញ​អង្គរ​តែងតែ​ជួបជុំ​ប្រមូលប្រាក់​គ្នា​តិចតួច​ដើម្បី​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើង​តា​រាជ្យ​មិន​ដែល​ខាន​ទេ ព្រោះ​នេះ​ជា​ទម្លាប់​ពី​បរម​បុរាណ​ហើយ ចាស់​ៗ​ក៏​បាន​ផ្តែផ្តាំ​កុំឱ្យ​បំភ្លេច​ទើប​ខំ​ធ្វើ​ទោះបី​មាន​លុយ ឬ​អត់​លុយ​ក៏​ដោយ ។ ម្យ៉ាង​ពេល​ធ្វើ​ហើយ កូនចៅ​ក៏​បាន​សុខ​សប្បាយ រកស៊ី​មានបាន សំខាន់​យើង​បាន​ថែរក្សា​បុណ្យ​ពី​បុរាណ​យើង​ឱ្យ​នៅ​ស្ថិត​ស្ថិរ​តកូនតចៅ ។ ចំពោះ​លោក ប្រាសាទ​អង្គរ​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ទេសចរ​ទស្សនា​កម្សាន្ត​ទេ តែ​ជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​ក្នុង​ការ​គោរព​បូជា​របស់​ប្រជាជន​ខ្មែរ ហើយ​លោក និង​អ្នក​ភូមិ​ប្ដេជ្ញា​បន្ត​ពិធី​នេះ​ជា​រៀង​រហូត​ឱ្យ​រស់​រវើក​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​និង​ផ្នត់គំនិត​កូន​ខ្មែរ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នេះ ៕