ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​បក្ស​«​ជួង​»​ទាមទារ​ដោះ​លែង​មនុស្ស​14​នាក់

7 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុម​សកម្មជន​របស់​គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​គេ​ស្គាល់​ជា​ពាក្យ​សាមញ្ញ​នោះ​ថា គណបក្ស​«​ជួង​»​បាន​កេណ្ឌ​កម្លាំង​ពី​បណ្តា​ខេត្ត​នានា​មក

ខេត្តកំពត ៖ ក្រុម​សកម្មជន​របស់​គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​គេ​ស្គាល់​ជា​ពាក្យ​សាមញ្ញ​នោះ​ថា គណបក្ស​«​ជួង​»​បាន​កេណ្ឌ​កម្លាំង​ពី​បណ្តា​ខេត្ត​នានា​មក​ជួបជុំ​គ្នា​នៅ​ក្នុង​បរិវេណ​សួនច្បារ​ស្រះ​ឈូក មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រមាណ​១​ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ដើម្បី​ទាមទារ​សុំ​ឱ្យ​ដោះ​លែង​សកម្មជន​របស់​ខ្លួន​ចំនួន​១៤​នាក់ និង​សុំ​ឱ្យ​លោក ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​ធ្វើការ​បកស្រាយ​បំភ្លឺ​ពី​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន​សកម្មជន​របស់​ខ្លួន ។

ហេតុការណ៍​ដែល​កើតឡើង​នេះ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​អះអាង​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត បាន​បង្ក្រាប​ករណី​រំលោភ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​ពី​សំណាក់​ឈ្មោះ លី គឹ​ម ហុង (​ដែល​គេចខ្លួន​) និង​បាន​ឃាត់ខ្លួន​បក្សពួក​ចំនួន​១៤​នាក់ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ដែល​ប្តឹង​ចោទ​ពី​ការ​រំលោភ​ដី ។

តាម​ពាក្យបណ្តឹង​ថា មាន​គេ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ប៉ះពាល់​ផលដំណាំ​ហូប​ផ្លែ​របស់​ពួក​គាត់ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ដល់​ចំណុច​កើតហេតុ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៣​នាក់​នៅ​ចំណុច​ខាងលើ​កាលពី​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ ។ លុះ​យប់​ឡើង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្នាក់​ទៀត ។

ចំណែក​ប្រជាពលរដ្ឋ​ជា​គ្រួសារ​អតីត​យុ​ទ្ឋ​ជន​រស់នៅ​តំបន់​ជម្លោះ​ដី​សង្គមកិច្ច​ជា​ច្រី​ន​គ្រួសារ​ក៏​បាន​ធ្វើ​ញត្តិ​គាំទ្រ​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ នៅ​ឯ​សាលា​តេ​ជោ ឃុំ​អភិវឌ្ឍន៍​ផង​ដែរ ដែល​បាន​អនុវត្ត​ច្បាប់​លើ​ករណី​រំលោភ​ដី​រដ្ឋ ។

ចាប់ពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​៥ កុម្ភៈ មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ផង​ដែរ ដែល​បាន​និមន្ត​ចូលរួម​តវ៉ា​ទាមទារ​សូម​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ខេត្ត ធ្វើការ​ដោះ​លែង​សកម្មជន​ទាំង​១៤​នាក់​របស់​ខ្លួន ដោយ​អ្នកខ្លះ​លើក​បដា​ទាមទារ​ផ្សេង​ៗ ។ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត ក៏​បាន​អញ្ជើញ​តំណាង​ក្រុម​បាតុករ​ដែល​ជា​សកម្មជន​របស់​គណបក្ស​សម្ព័​ន្ឋដើម្បី​ប្រជាធិបតេយ្យ​ចូលរួម​ធ្វើការ​ដោះស្រាយ​គ្នា​តាម​សំណូមពរ ដែល​ភាគី​ខាង​សកម្មជន​គណបក្ស​ទាមទារ​ឱ្យ​ដោះស្រាយ ។ ប៉ុន្តែ​រវាង​ភាគី​ទាំង​ខាង​តំណាង​គណបក្ស និង​ខាង​តំណាង​អាជ្ញាធរ​ខេត្ត​បាន​យល់​ស្របគ្នា​ជា​ច្រើន​ចំណុច​ដែល​ភាគី​ខាង​សកម្មជន​គណបក្ស​បាន​ស្នើ​ឱ្យ​ដោះស្រាយ​នោះ ។ ទោះបី​យ៉ាងណា ការ​សុំ​ឱ្យ​ដោះស្រាយ​ជា​ច្រើន​ចំណុច​របស់​សកម្មជន​គណបក្ស​ត្រូវ​បាន​ខាង​ក្រុមការងារ​ដំណោះស្រាយ​បាតុកម្ម ដោះស្រាយ​ជូន​ក្រុម​សកម្មជន​អាច​ទទួលយក​បាន​ច្រើន​ចំណុច​ហើយ ។

ដោយឡែក នៅ​សល់​មួយ​ចំណុច​គឺ​ចំណុច​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​សកម្មជន​ចំនួន​១៤​នាក់​ដែល​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក នាំ​មក​កាន់​ស្នងការដ្ឋាន​ខេត្ត​នោះ អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន​ឡើយ ដោយ​សុំ​ទុក​ពេលវេលា​រសៀល​ទើប​សម្រេច ។

ចំណែក ភាគី​ខាង​តំណាង​គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ​មួយ​រូប​បាន​ព្រមាន​ថា បើ​ថ្ងៃរសៀល​នេះ​ដោះស្រាយ​មិន​បាន​ក្រុម​លោក នឹង​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​បន្ត​ទៀត ហើយ​ក៏​បញ្ចប់​កិច្ចប្រជុំ​ដោះស្រាយ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​គេ​ឃើញ​វត្តមាន​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​មក​ដល់​បរិវេណ​មុខ​ស្នងការដ្ឋាន​ខេត្ត ដោយ​មាន​សំឡេង​ហ៊ោរ​កញ្ជ្រៀវ​ពី​សំណាក់​សកម្មជន​របស់ខ្លួន ។ បន្ទាប់​មក​លោក ខឹ​ម វាសនា ក៏​បាន​ឡើងមាន​មតិ​វែកញែក​ខុស​ត្រូវ​ពី​ច្បាប់​នៅ​មុខ​ក្រុម​អ្នក​តវ៉ា​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​ដោយ​នឹកគិត​ថា ប្រហែលជា​ការ​តវ៉ា​របស់​ខ្លួន​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ធ្វើ​តាម​ហើយ​មើលទៅ ។ ប៉ុន្តែ​ក្រោយ​ពេល​លោក ខឹ​ម វាសនា មាន​មតិ​មិនយូរ​ប៉ុន្មាន​ផង អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​ឱ្យធ្វើ​ការ​រំសាយ​ដោយ​សំណូមពរ​ទៅ​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​ឱ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ជា​មុន​សិន​ចាំ​ដោះស្រាយ​តាម​ក្រោយ​ទៀត ៕