ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​សេដ្ឋកិច្ច​ប៉ះពាល់​ដល់​ការ​លក់​ខុន​ដូ​ប្រណីត​នៅ​ហ្សា​ការ​តា

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ​ឲ្យ​ដឹង​ថា ស្ថានភាព​សេដ្ឋកិច្ច​ដូច​ជា ការ​លូតលាស់​នៃ​ផលិតផល​ក្នុងស្រុក​សរុប​, ស្ថិរភាព​រូបិយ​វត្ថុ និង​ពន្ធ គឺ​បាន​បង្ក​ជា​ឧបសគ្គ​ដល់​ការ​

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ​ឲ្យ​ដឹង​ថា ស្ថានភាព​សេដ្ឋកិច្ច​ដូច​ជា ការ​លូតលាស់​នៃ​ផលិតផល​ក្នុងស្រុក​សរុប​, ស្ថិរភាព​រូបិយ​វត្ថុ និង​ពន្ធ គឺ​បាន​បង្ក​ជា​ឧបសគ្គ​ដល់​ការ​លក់​ខុន​ដូ​នៅ​ហ្សា​ការ​តា កាលពី​ឆ្នាំ​មុន ។

ក្រុមហ៊ុន Jones Lang LaSalle កត់​សម្គាល់ថា មាន​តែ​ខុន​ដូ​ចំនួន​៥.៤៥០​យូ​នី​ត​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​២០១៦ ដោយ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ពាក់កណ្តាល​ទៀត បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​លក់​បាន​រហូត​ដល់​១២​ពាន់​យូ​នី​ត ។

នាយក​ផ្នែក​ស្រាវជ្រាវ​របស់ Jones Lang LaSalle លោក James Taylor ថ្លែង​ថា ៖ «​អតិថិជន​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទិញ មិនមែន​មក​ពី​ពួក​គេ​គ្មាន​ប្រាក់​ទេ ប៉ុន្តែ​មក​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​ពួក​គេ » ។

លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ៖ « តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​មក ការ​លក់​ផ្ទះ​បាន​ជួប​ប្រទះ​នឹង​ភាព​អន់​ថយ ហើយ​ពន្ធ​បាន​បង្ក​ជា​ឧបសគ្គ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៦ ធ្លាក់​ចុះ​ដល់​បាត​ទីផ្សារ » ។

មាន​ខុន​ដូ​ត្រឹមតែ​១.៣០៧​យូ​នី​ត​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​អំឡុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ គឺ​តិច​ជាង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ដែល​លក់​បាន​៣​ពាន់​យូ​នី​ត ។

ចំណែក​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​នេះ ដោយ​កាត់​បន្ថយ​ចំនួន​គម្រោង​សាងសង់​របស់​ពួក​គេ ហើយ​មាន​តែ​១.២៤៩​យូ​នី​ត​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ ។

តាម​ទិន្នន័យ​បង្ហាញ​ថា ចំនួន​ជា​មធ្យម​នៃ​ខុន​ដូ​ដែល​បាន​ដាក់​លក់​ក្នុង​មួយ​ត្រីមាស​កាលពី​ឆ្នាំ​២០១៥ និង​២០១៦ មាន​១.៨៤០​អា​ផាត​មិន និង​តិច​ជាង​ឆ្នាំ​២០១៣ និង​២០១៤ ដែល​មាន ដល់​២.៩៤០​អា​ផាត​មិនជា​រៀង​រាល់​ត្រីមាស ។

ក្នុង​ឆ្នាំ​២០១៧​នេះ Jones Lang LaSalle គិត​ថា ការ​លក់​ខុន​ដូ​នឹង​ងើបឡើង​វិញ ព្រោះតែ​ស្ថិរភាព​នៃ​តម្លៃ​ប្រាក់​រូពី រួម​ទាំង​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើង ។

យ៉ាងណា​ក្តី ការ​លក់​នៃ​អា​ផាត​មិន​ប្រណីត​ដែល​មាន​តម្លៃលើស​ពី​៤.១២០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ នឹង​បន្ត​មាន​ភាព​ទន់ខ្សោយ ដោយសារ​តែ​បញ្ហា​ពន្ធ និង​កម្មសិទ្ធិ​បរទេស​ជាដើម ៕