ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​បង្កើន​ការ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ថៃ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម JLL ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា វិនិយោគិន​ជនជាតិ​ចិន​នឹង​ដើរតួ​កាន់តែ​សំខាន់​ឡើង​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ បើ​ទោះជា​សកម្មភាព​មាន​កម្រិត​នៅ

ប្រទេស​ថៃ ៖ យោង​តាម JLL ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា វិនិយោគិន​ជនជាតិ​ចិន​នឹង​ដើរតួ​កាន់តែ​សំខាន់​ឡើង​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ បើ​ទោះជា​សកម្មភាព​មាន​កម្រិត​នៅឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។

លោកស្រី Suphin Mechuchep នាយក​គ្រប់គ្រង​ក្នុង JLL Thailand បាន​និយាយ​ថា ៖ « ក្រុមហ៊ុន​ចិន​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​អចលនទ្រព្យ​ជា​ច្រើន​ក្នុង​ក្រុង​បាងកក និង​ក្នុង​ទីផ្សារ​រមណីយដ្ឋាន​ធំ​ៗ​ផ្សេង​ទៀត » ។

លោកស្រី​បន្ត​ថា ៖ « វា​ច្បាស់​ណាស់​ថា វិនិយោគិន​ជនជាតិ​ចិន​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​ថៃ ។ យ៉ាងណា​ក្តី វិនិយោគិន​ទាំងនោះ​ចាប់ផ្តើម​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រូវការ​ពេល​បន្ថែម​ក្នុង​ការ​ស្វែងរក​ជម្រើស​វិនិយោគ​ផ្សេង​ទៀត​ដែល​មាន និង​ឈ្វេងយល់​ពី​ច្បាប់​ទាក់ទង » ។

លោកស្រី​បន្ថែម​ថា ៖ « ខណៈ​វិនិយោគិន​ជនជាតិ​ចិន​កាន់តែ​ច្រើន​យល់​ដឹង​ពី​បរិស្ថាន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ថៃ ពួក​យើង​គិត​ថា នឹង​មានការ​វិនិយោគ​ពី​ជនជាតិ​ចិន​បន្ថែម​ទៀត​នា​ពេល​ឆាប់​ៗ​នេះ » ។

លោក Mike Batchelor នាយក​គ្រប់គ្រង​ផ្នែក​វិនិយោគ​ក្នុង​អាស៊ី​នៅ Hotels and Hospitality Group របស់ JLL ថ្លែង​ថា ៖ «​ពួក​យើង​គិត​ថា វិនិយោគិន​ចិន​នឹង​មាន​សកម្មភាព​ច្រើន​ជាង​នេះ​ក្នុង​ឆ្នាំ​២០១៧ ព្រោះ​ពួក​គេ​បាន​វិនិយោគ​យ៉ាង​ខ្លាំង​លើ​អចលនទ្រព្យ​បរទេស និង​បន្ត​ស្វែងរក​ឱកាស​នៅ​បរទេស​ដើម្បី​កាត់​បន្ថយ​ហានិភ័យ ។ ប្រទេស​ថៃ ត្រូវ​បាន​ចាត់​ទុក​ថា ជាទី​ផ្សារ​ដែល​ទាក់ទាញ​ជាងគេ​ក្នុង​តំបន់​ផង​ដែរ » ។

យោង​តាម JLL ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​បាន​វិនិយោគ​ទៅ​ក្រៅប្រទេស​ប្រមាណ​៣៣​ប៊ី​លាន​ដុល្លារ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នា​ឆ្នាំ​២០១៦ កើនឡើង​៥៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។

ការ​វិនិយោគ​លើ​ដី ការិយាល័យ និង​សណ្ឋាគារ ត្រូវ​បាន​រាប់​បញ្ចូល​៩០%​នៃ​ការ​វិនិយោគ​ទៅ​ក្រៅប្រទេស​របស់​ជនជាតិ​ចិន ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ។ វិស័យ​សណ្ឋាគារ និង​ឧស្សាហកម្ម​ក៏​មានការ​កើនឡើង​ផង​ដែរ និង​កើន​លើស​ឆ្នាំ​២០១៦ ។

ចំណែក​ការ​ទិញ​បាន​ងើបឡើង​វិញ​កាលពី​ឆ្នាំ​មុន ដោយ​កើនឡើង​ដល់​ទៅ​៤៤%​ឯណោះ ជា​ពិសេស វិនិយោគិន​ជនជាតិ​ចិន​ពិតជា​សកម្ម​ក្នុង​ហុងកុង អូស្ត្រាលី និង​ម៉ា​ឡេ​ស៊ី៕