ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដឹង​សោះ ! ក្នុង​១​ឆ្នាំ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​៦​ពាន់​នាក់​ង​ងឺ​ត​ភ្នែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បើ​តាម​អ្នកជំនាញ​ផ្នែក​ភ្នែក​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ មាន​ប្រជាជន​កម្ពុជា​ប្រមាណ​៦​ពាន់​នាក់ បាន​ងងឹតភ្នែក ដោយសារ​ជំងឺភ្នែកឡើងបាយ ប៉ុន្តែ​ជំងឺ​នេះ​អាច​ព្យាបាល​បាន​ត្រឹម​រយៈពេល​២០​នាទី​ប៉ុណ្ណោះ ។

រាជធានី​ភ្នំពេញ​៖ បើ​តាម​អ្នកជំនាញ​ផ្នែក​ភ្នែក​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ មាន​ប្រជាជន​កម្ពុជា​ប្រមាណ​៦​ពាន់​នាក់ បាន​ងងឹតភ្នែក ដោយសារ​ជំងឺភ្នែកឡើងបាយ ប៉ុន្តែ​ជំងឺ​នេះ​អាច​ព្យាបាល​បាន​ត្រឹម​រយៈពេល​២០​នាទី​ប៉ុណ្ណោះ ។

នេះ​បើ​យោង​តាម ស្ថាបនិក​នៃ​សមាគម​ចក្ខុ​ខ្មែរ លោក​ង៉ូ​វ ស្រ៊ុ​ន បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​(MOU)​រវាង​សមាគម​ចក្ខុ​ខ្មែរ ជាមួយ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ក្រោម​អធិបតី​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​០៣ កុម្ភៈ ២០១៧ នៅ​មន្ទី​ពេទ្យ​ព្រះ​អង្គ​ឌូ​ង​។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ចុះ​អនុស្សរណៈ​នេះ ត្រូវ​បាន​មើលឃើញ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ទិស​ដៅ​កាត់​បន្ថយ​ជំងឺភ្នែកឡើងបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក ង៉ូ​វ ស្រ៊ុ​ន បញ្ជាក់​ថា​« នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅ​កាន់​គោលដៅ​របស់​យើង​ដែល​នឹង​ផ្តល់​ការ​វះកាត់​អ្នកជំងឺ​ភ្នែក​ចំនួន​១​ម៉ឺន​ករណី ក្នុង​ឆ្នាំ​២០១៧ ។ សមាគម​ចក្ខុ​ខ្មែរ នឹង​រៀបចំ​កម្មវិធី​កាត់​ចំនួន​២៤​ស​ប្តា​ហ៍ ដោយ​មានការ​ចូលរួម​ពី​វេជ្ជបណ្ឌិត​ជំនាញ​ៗ និង​សហការី​ស្ម័គ្រចិត្ត​មក​ពី​ប្រទេស​អូស្ត្រាលី  អង់គ្លេស អា​ល្លឺ​ម៉​ង់ ប្រ៊ុ​យ​ណេ និង​ប្រទេស​អ៊ី​តា​លី​ជាដើម​»​។

លោក​ស្ថាបនិក​នៃ​សមាគម​ចក្ខុ​ខ្មែរ​បន្ថែម​ថា ការ​ចុះ​អនុស្សរណៈ​នេះ​ដោយ​មើលឃើញ​ពី​តម្រូវការ​សង្គ្រោះ​ជំងឺ​ភ្នែក​នៅ​ក្នុង​ប្រទេស ដើម្បី​ផ្តល់ ការ​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​។

ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​សុខាភិបាល ម៉​ម ប៊ុ​ន​ហេង បាន​លើក​ឡើង​ថា ក្រសួងសុខាភិបាល​ប្តេជ្ញា​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង ជា​ពិសេស​នោះ​ដល់​សហគមន៍​ក្រីក្រ ។ ចំណែក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​វិញ​បាន​ថ្លែង​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គាំទ្រ​យ៉ាង​ពេញទំហឹង និង​សហការ​ជាមួយ សមាគម​ចក្ខុ​ខ្មែរ រួម​ទាំង​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌូ​ង ដើម្បី​ផ្តល់​ការ​ព្យាបាល​ជូន​ប្រជាជន ដែល​ត្រូវការ​វះកាត់​ភ្នែក​ទាំងអស់ និង​លើកទឹកចិត្ត​ផ្ទេរ​ចំណេះដឹង បច្ចេកវិទ្យា និង​ជំនាញ​ពី​ក្រុម​អ្នកជំនាញ​បរទេស មក​កាន់​គ្រូពេទ្យ និង​សិស្សានុសិស្ស​របស់​កម្ពុជា ។ លោក​បញ្ជាក់​ថា​« អនុស្សា​រណៈ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត នូវ​ស្ថានភាព​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ដែល​កំពុង​មាន​បញ្ហា​ជំងឺ​ភ្នែក​»​។

លោក​ង៉ូ​វ ស្រ៊ុ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា សមាគម​ច​ក្ចុ​ខ្មែរ បាន​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ភ្នែក​ទូទៅ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ចាប់តាំងពី​ឆ្នាំ​២០០៧ ។ នៅ​ឆ្នាំ​២០១៦ សមាគម បាន​ផ្តល់​ការ​ពិនិត្យ​ព្យ​បាល​ភ្នែក​ទូទៅ និង​ផ្តល់​ថ្នាំ​ចំនួន​៥​ម៉ឺន​ករណី និង​បាន​ចែក​វ៉ែនតា​ការពារ​កម្តៅថ្ងៃ ចំនួន​២​ម៉ឺន​៥​ពាន់​ដល់​ប្រជា​កសិករ​ក្រីក្រ ដើម្បី​កាត់​បន្ថែម​និង​ការពារ​ជំងឺ​ភ្នែក​។ បន្ថែម​ពី​នេះ សមាគម​បាន​វះកាត់​អ្នកជំងឺ​មាន​បញ្ហា​ភ្នែក​ចំនួន​៦៣០០​ករណី ។

តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​កម្ពុជា​ប្រមាណ​១៨​ម៉ឺន​នាក់ ដែល​ងងឹតភ្នែក ហើយ​ភាគច្រើន​បំផុត​នៃ​អ្នក​ទាំងនោះ គឺជា​អ្នក​ក្រីក្រ ដែល​មិន​អាច​ប្រកប​ការ​ងារ ដើម្បី​ចិញ្ចឹមជីវិត​ខ្លួនឯង និង​ក្រុម​គ្រួ​សារបាន ។  ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​គឺជា​អ្នក​ដែល​មាន​ជំងឺភ្នែកឡើងបាយ​ច្រើន​ជាង​បុរស​ទ្វេ​ដង​ដែល​នឹង​ប៉ះពាល់​ធំធេង​ចំពោះ​កម្ពុជា ។ ទោះ​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​ផ្នែក​បាន​អះអាង​ថា​៩០% នៃ​អ្នកជំងឺ​ងងឹតភ្នែក​ទាំងអស់​អាច​បញ្ចៀស​បាន ៕