ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កម្ពុជា​និង​ឥណ្ឌា​ជួសជុល​សាល​របាំ​ប្រាសាទតាព្រហ្ម

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គម្រោង​សហប្រតិបត្តិការ​ឥណ្ឌា​-​កម្ពុជា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទតាព្រហ្ម ដែល​មាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (Archeological Survey of India-ASI) បាន

ខេត្តសៀមរាប ៖ គម្រោង​សហប្រតិបត្តិការ​ឥណ្ឌា​-​កម្ពុជា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទតាព្រហ្ម ដែល​មាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (Archeological Survey of India-ASI) បាន​ជួសជុល​ផ្នែក ផ្សេង​ៗ​នៃ​ប្រាសាទតាព្រហ្ម​តាំងពី​ឆ្នាំ​២០០៤​មក ។ រយៈពេល​១០​ឆ្នាំ ដែល​ជា​ជំហាន​ទី​១​នៃ​គម្រោង​(២០០៤-២០១៤) ក្រុមការងារ​សម្រេច​បាន​សមិទ្ធផល​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ សម្រាប់​ជំហាន​ទី​២(២០១៥-២០២៥) គម្រោង​កំពុង​ដំណើរការ​ជួសជុល​ផ្គុំ​ឡើង​វិញ​នូវ​សាល​របាំ ដែល​រង​ខូចខាត​ស្ទើរ​ទាំងស្រុង តាម​រយៈ​ការ​ប្រមូល​បំណែក​ថ្ម​ធ្លាក់​ខូចខាត មក​រៀប​ដំឡើង​នៅ​តាម​ទីតាំង​ឲ្យ​ដូច​ពី​សម័យ​បុរាណ​ឡើង​វិញ ។

លោក D.S. Sood ទីប្រឹក្សាបច្ចេកទេស​ប្រចាំ​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្ម​នៃ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា ASI បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ទី​២​នេះ ក្រុមការងារ​បាន​បន្ត​ជួសជុល​សាល​របាំ ហើយ​គ្រោង​នឹង​ជួសជុល​ទៅ​លើ​ចំណុច​សំខាន់​៤​ផ្សេង​ទៀត គឺ​នៅ​ជ្រុង​ខាងត្បូង​សាល​របាំ ខ្លោងទ្វារ​ចូល​ខាងកើត ខ្លោងទ្វារ​ចូល​ខាងត្បូង និង​រួត​ទី​៣​មុខ​ផ្លូវបំបែក ។ ក្រៅពី​ការ​ជួសជុល​តាម​គម្រោង​ដែល​គ្រោងទុក ក្រុមការងារ​របស់​លោក​ក៏​បាន​បំពេញ​កិច្ចការ ផ្សេង​ៗ​ទៀត លើ​ការងារ​អភិរក្ស ទល់​ទ្រ និង​ថែទាំ​ជា​ប្រចាំ​នូវ​រាល់​រចនាសម្ព័ន្ធ ផ្សេង​ៗ​នៃ​ប្រាសាទ​តាម​ស្ថានភាព​ជាក់ស្តែង ដោយ​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។

ដោយឡែក​សាល​របាំ ដែល​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ហើយ​ភ្ញៀវ​ទេសចរ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នា​ពេល​កន្លង​មក នឹង​ត្រូវ​ជួសជុល​រួចរាល់​ក្នុង​ឆ្នាំ​២០១៩ ។ លោក Sood បន្ថែម​ថា សូ​ម្បី​ការ​ជួសជុល​ពុំ​មែន​ធ្វើ​ទាំងស្រុង​ទេ ដោយ​ផ្នែក​ខ្លះ​នៃ​ភាព​ខូចខាត​នេះ​នឹង​ត្រូវ​អភិរក្ស​ទុក ដើម្បី​ឲ្យ​អ្នក​ស្រាវជ្រាវ និង​ភ្ញៀវ​ទេសចរ​បានឃើញ​ថា ផ្នែក​ណាខ្លះ​ត្រូវ​បាន​ជួសជុល និង​ផ្នែក​ណាខ្លះ​ត្រូវ​បាន​រក្សា​ទុក​។ ម្យ៉ាងទៀត​ដោយ​មូលហេតុ​ដើមឈើ ធំ​ៗ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ដុះ​ពីលើ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​នេះ ក៏​ត្រូវ​រក្សា​ទុក​មិន​ជួសជុល​ដែរ ដើម្បី​បញ្ចៀស​ការ​កាប់​ដើមឈើ​ប្រវត្តិសាស្ត្រ​ទាំងនេះ ។ តែ​ទោះជា​មិន​បាន​ជួសជុល ក្រុមការងារ​បាន​ថែទាំ និង​ការពារ​មិន​ឲ្យ​មានការ​ខូចខាត​បន្ត​ទៀត​ឡើយ ។

លោក​ចាន់ ឡាយ អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​បញ្ជាក់​ថា ដើមឈើ និង​ប្រាសាទតាព្រហ្ម​មានការ​ទាក់ទង​នឹង​គ្នា​ខ្លាំង​ណាស់ រហូត​ភ្ញៀវ​ទេសចរ​និង​អ្នក​ស្រាវជ្រាវ​ខ្លះ​បាន​ហៅ​ប្រាសាទ​នេះ​ថា ជា​ប្រាសាទ​ដើមឈើ​។ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទតាព្រហ្ម ភាគច្រើន​គឺ​ចង់​ឃើញ​ដើមឈើ ធំ​ៗ​ដែល​ដុះ​លើ​ប្រាសាទ និង​រួមរស់​ជាមួយ​ប្រាសាទ​រាប់រយ​ឆ្នាំ​។ កត្តា​ទាំងនេះ​ហើយ​ដែល​តម្រូវ​ឲ្យ​ក្រុមការងារ​អភិរក្ស​ជួសជុល​គិតគូរ​ទាំង​ប្រាសាទ ទាំង​ដើមឈើ ។

ប្រាសាទតាព្រហ្ម​កសាង​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ចំពោះ​ព្រះ​មាតា​របស់​ព្រះ​អង្គ ដែល​មាន​រូប​បដិមា​ស្នង​ក្នុង​រូបភាព​ជា «​ប្រាជ្ញា​បារមី​»​។ ប្រាសាទ​នេះ​មានឈ្មោះ​ដើម​ថា រាជ​វិហារ ត្រូវ​បាន​ចាត់​ទុក​ថា ជា​វត្ត​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​នា​សម័យ​នោះ ។ ក្រោយ​ការ​ស្នើ​សុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០០២ រដ្ឋាភិបាល​ឥណ្ឌា​តាម​រយៈ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា ASI រួម​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​យូ​ណេ​ស្កូ បាន​ចាប់ផ្តើម​អភិរក្ស​ជួសជុល ទល់​ទ្រ​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​ក្នុង​ដំណាក់កាល​ទី​១(២០០៤-២០១៤) គម្រោង​នេះ​សម្រេច​បានការ​ជួសជុល​រួចរាល់​ទាំងស្រុង​នូវ​រោងទង​ខាងកើត​ឆៀង​ខាងត្បូង រានហាល​ខាងលិច ខ្លោងទ្វារ​ច្រកចូល​ទី​៤ ខ្លោងទ្វារ​ខាងលិច និង​ជញ្ជាំង​ថ្មបាយក្រៀម​អម​សងខាង​។ ក្រៅពី​ចំណុច​ជួសជុល​ទាំងនេះ នៅ​មាន​ផ្នែក​ច្រើន​ទៀត ដែល​ក្រុមការងារ​បាន​ទល់​ទ្រ និង​ចង​រឹត​ដោយ​ខ្សែកាប ដើម្បី​ការពារ​ការ​របេះ​ធ្លាក់ ឬ​ដួល​រលំ​បន្ថែម​ទៀត ៕