ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាំ ខ្លា​នាង និង​អ៊ុ​ង វិ​រៈ ទៅ​រួច​អត់​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ​ដែល​ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍

រាជធានី​ភ្នំពេញ ៖ ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ​ដែល​ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ​នា​ថ្ងៃអាទិត្យ ទី​៥ កុម្ភៈ ​ខាន​ស្អែក​នេះ មិន​ទាន់​ដឹង​ថា ​ទៅ​រួច​ឬ​អត់​នោះ​ទេ ក្នុង​ពេល​កីឡាករ​បរទេស​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ ។

ខាំ ខ្លា​នាង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉​ត ប៉ាក​ន ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ ទោះបី​កីឡាករ​ថៃ​រូប​នេះ ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ក្តី ក៏​អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​អះអាង​ថា កីឡាករ​យ៉​ត ប៉ាក​ន មាន​សមត្ថភាព​ខ្លាំង​គួរសម​តាម​រយៈ​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ គ្រាន់​តែ​គេ​មិន​ប្រាប់​ឱ្យ​ដឹង​ពី​ស្ថិតិ​ប្រកួត​ប៉ុណ្ណោះ ។ ចំណែក ខាំ ខ្លា​នាង វិញ​ ទោះបី​គេ​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប ប៉ុន្តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ ព្រោះ​គេ​មិន​ចេះ​ខ្លាច​អ្នក​ណា​ម្នាក់​ឡើយ ។ ថ្វី​ដ្បិត​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​រាង​ក្មេងខ្ចី​បន្តិច​មែន តែ​ល្បិច​ប្រយុទ្ធ​ខ្ពស់​ហ៊ានស៊ី​ហ៊ាន​សង ។ ចលនា​វាយលុក​ក៏​រហ័ស ផ្លែ​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ប៉ុន្តែ​ចរិត​របស់​គេ​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ឡើយ ។ ចាំ​មើល ខាំ ខ្លា​នាង អាច​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ថៃ​ម្នាក់​នេះ​បាន ឬ​អត់ ។
ចំណែក អ៊ុ​ង វិ​រៈ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឌី សេ​លេ​ក ក្នុង​ប្រភេទ​ទម្ងន់​៧៨​គីឡូក្រាម ។ គូ​នេះ​ធ្លាប់​ជួប​គ្នា​ដែល​កាល​ណោះ​ អ៊ុ​ង វិ​រៈ ធ្លាប់​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ។ អ៊ុ​ង វិ​រៈ ជា​កំពូល​អ្នក​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ដែល​មិន​ងាយ​រក​គូប្រកួត​បាន​ឡើយ ។ ជា​ពិសេស​ក្នុង​ចំណោម​កីឡាករ​ជើង​ខ្លាំង​​កម្ពុជា​អត់​មាន​អ្នក​ណា​ម្នាក់​អាច​តស៊ូ​ប្រកួត​ជាមួយ​គេ​បាន​ទេ ។

ដោយឡែក ការ​ប្រកួត​លើក​នេះ ឌី សេ​លេ​ក មិន​ទាន់​ដឹង​ថា​ទទួលលទ្ធផល​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​​លើ អ៊ុ​ង វិ​រៈ​ច្រើន​ជាង ។ ឌី សេ​លេ​ក អត់​មាន​ក្បាច់គុន​អ្វី​ដែល​ធ្វើ​ឱ្យ​ពិបាក​ទប់ទល់​នោះ​ទេ ម្យ៉ាង​ដោយសារ​តែ​ពួក​គេ​ទាំង​២​ធ្លាប់​ជួប​គ្នា​រួច​ម្ដង​មក​ហើយ ​ដូច្នេះ​គេ​ដឹង​ច្បាស់​ពី​សមត្ថភាព​គូប្រកួត​រៀង​ៗ​ខ្លួន ។ ចាំ​មើល ឌី​សេ​លេ​ក អាច​សងសឹក​អ៊ុ​ង វិ​រៈ បាន​សម្រេច ឬ​អត់ ។

រីឯ​គូប្រកួត​មិត្តភាព​វិញ​ មាន​កីឡាករ​លី ជិន​ហឺ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ម៉​ន វ​ណ្ណី មក​ពី​ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក និង​គូ​ចុង​ក្រោយ​កីឡាករ​ម៉ុ​ន ស៊ី​ម៉ាក់ មក​ពី​ក្លិប​អមត​គុន​ខ្មែរ​ប្រកួត​ជាមួយ​កីឡាករ ​ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕