ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ស្នើ​បង្កើត​ការងារ​ជា​ច្រើន​ដល់​សហរដ្ឋអាមេរិក

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ សារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នឹង​ស្នើ​គម្រោង​ដើម្បី​បង្កើត​ការងារ​ជា​ច្រើន​រយ​ពាន់​ក្នុង​សហរដ្ឋអាមេរិក ពេល​លោក​ជួប​

ប្រទេស​ជប៉ុន ៖ សារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នឹង​ស្នើ​គម្រោង​ដើម្បី​បង្កើត​ការងារ​ជា​ច្រើន​រយ​ពាន់​ក្នុង​សហរដ្ឋអាមេរិក ពេល​លោក​ជួប​ជាមួយ​លោក​ប្រធានាធិបតី Donald Trump ក្នុង​កិច្ចប្រជុំ​នៅ​វ៉ា​ស៊ី​ន​តោន នា​ពេល​ខាង​មុខ​នេះ ។

សារព័ត៌មាន​ខាងលើ​បាន​និយាយ​ដោយ​លើក​ប្រភព​ពី​រដ្ឋាភិបាល​ជប៉ុន​ថា ប្រទេស​ជប៉ុន​កំពុង​រវល់​រៀបចំ​កញ្ចប់​វិនិយោគ ដែល​អាច​បង្កើត​បានការ​ងារ​រាប់​ពាន់​ក្នុង​សហរដ្ឋ​អាមេរិក ។

សេចក្តីរាយការណ៍​បន្ត​ថា លោក Abe នឹង​លើក​ឡើង​ពី​ការ​ចូលរួម​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុង​គម្រោង​ដូច​ជា ការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ការ​អភិវឌ្ឍ​ថ្ម​ប្រេង​ជាដើម។ កញ្ចប់​នេះ​នឹង​ត្រូវ​បាន​ប្រគល់​ពេល​អ្នកដឹកនាំ​ទាំង​ពីរ​រូប​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ។

គួរ​បញ្ជាក់​ថា ជប៉ុន គឺជា​ប្រទេស​នៅ​ក្នុង​ចំណោម​ដៃគូ​ដែល​ស្និទ្ធស្នាល​ជាងគេ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក Trump បាន​ព្រមាន​ដល់​ប្រទេស​នេះ​ក្នុងអំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​កាលពី​ចុងឆ្នាំ​មុន ទាក់ទិន​នឹង​ការ​ដកទ័ព​រាប់​ពាន់​នាក់​របស់​អា​មេ​រិ​ក​ចេញពី​តំបន់​នេះ និង​ឲ្យ​សញ្ញា​ថា ប្រទេស​នេះ​អាច​នឹង​ចង់បាន​អាវុធ​នុយក្លេអ៊ែរ ។

សារព័ត៌មាន​ខាងលើ​និយាយ​ថា លោក Abe នឹង​លើក​ឡើង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​យានយន្ត និង​បង្ហាញ​ពីសារ​សំខាន់​នៃ​ការ​ចូលរួម​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​លើ​ការ​វិនិយោគ និង​បង្កើត​ការងារ​ក្នុង​សហរដ្ឋអាមេរិក ។

នៅ​ដើមខែ​មុន​នេះ លោក Trump បាន​បង្ហាញ​ការ​បារម្ភ​ពី​វាសនា​របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​ប្រកប​អាជីវកម្ម​ក្នុង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​បាន​ព្រមាន​ដល់ Toyota ថា នឹង​ដាក់​ពន្ធ​លើ​រថយន្ត​នាំ​ចូល ព្រោះ​ក្រុមហ៊ុន​នេះ​មាន​គម្រោង​បើក​រោងចក្រ​ថ្មី​នៅ​ម៉ិ​ក​ស៊ិ​ក ។

មិនយូរ​ប៉ុន្មាន Toyota និយាយ​ថា ពួក​គេ​នឹង​វិនិយោគ​ប្រាក់​៦០០​លាន​ដុល្លារ និង​បង្កើត​៤០០​ការងារ​ក្នុង​រោងចក្រ​របស់​ពួក​គេ​នៅ​សហរដ្ឋអាមេរិក ។

លោក Trump ក៏​បាន​ចោទប្រកាន់​ដល់​ប្រទេស​ជប៉ុន​ជា​អ្នក​បន្ទាប​តម្លៃ​ប្រាក់​កាលពី​ថ្ងៃ​អង្គារ​មុន​ផង​ដែរ ។ លោក​និយាយ​ថា ៖ «​ប្រសិនបើ​អ្នក​មើលទៅ​ប្រទេស​ចិន និង​ជប៉ុន ដែល​កំពុង​តែ​ធ្វើ និង​ធ្វើ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពួក​គេ​លេង​ជាមួយ​ទីផ្សារ​រូបិយ​វត្ថុ ហើយ​ទម្លាក់​តម្លៃ​ទីផ្សារ រួច​យើង​នាំ​គ្នា​អង្គុយ​ធ្វើ​មនុស្ស​ល្ងង់ » ។

យ៉ាងណា​ក្តី លោក Trump និង​លោក Abe បាន​យល់ព្រម​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​ថា នឹង​សហការ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​នៃ​គម្រោង​នុយ​ក្លេ​អែរ​របស់​កូរ៉េ​ខាងជើង ដោយ​បន្ត​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ ភាគី ៕