ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RDB នឹង​ទម្លាក់​ថវិកា​ជាង​10​លាន​ដុល្លារ​ដើម្បី​សាងសង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត ធនាគារ​អភិវឌ្ឍន៍ជនបទ ហៅ​កាត់​ថា RDB នឹង​ទម្លាក់​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ធនាគារ​ស្រូវ​កម្ពុជា ដើម្បី​វិនិយោគ​លើ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​ក្នុង​ខេត្តបាត់ដំបង ។

រាជធានី​ភ្នំពេញ ៖ ទីបំផុត ធនាគារ​អភិវឌ្ឍន៍ជនបទ ហៅ​កាត់​ថា RDB នឹង​ទម្លាក់​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ធនាគារ​ស្រូវ​កម្ពុជា ដើម្បី​វិនិយោគ​លើ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​ក្នុង​ខេត្តបាត់ដំបង ។

ប្រធាន​ធនាគារ​ស្រូវ​កម្ពុជា លោក​ឧកញ៉ា ភួ ពុ​យ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា កន្លង​មក​ថា នៅ​ក្នុង​ផែនការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​វិនិយោគ​លើ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ធ្វើការ​ដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​នានា ជា​លទ្ធផល ធនាគារ​ស្រូវ​កម្ពុជា ដេញថ្លៃ​បាន​គម្រោង​នេះ​ដើម្បី​សាងសង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​ក្នុង​ខេត្តបាត់ដំបង ។ ឡ​ស​ម្ងួ​ត​នេះ​អាច​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​៣​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ និង​ឃ្លាំង​ស្តុក​ស្រូវ​មាន​សមត្ថភាព​ស្តុក​ស្រូវ​បាន​២០​ម៉ឺន​តោន ។

លោក​បន្ត​ថា ៖ « ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នេះ អាច​មាន​លទ្ធភាព​ធានា​បាន​នូវ​កន្លែង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​នៅ​ភូមិភាគ​ពាយ័ព្យ​ប្រទេស​បាន និង​អាច​ជួយ​កសិករ​ឲ្យ​មាន​កន្លែង​លក់​ស្រូវ កុំ​ឲ្យ​មានការ​កកស្ទះ ព្រមទាំង​ជួយ​ឲ្យ​ម៉ាស៊ីនកិនស្រូវ​នានា​អាច​ដំណើរការ​សង្វា​ក់​ផលិតកម្ម​របស់​ពួក​គេ​បាន​ល្អ​ប្រសើរ ។ គម្រោង​នេះ​ក៏​គាំទ្រ​ជួយ​ដល់​ការ​បង្កើន​បរិមាណ​នៃ​ការ​នាំ​ចេញ ស្រប​តាម​គោលនយោបាយ​ដាក់​ចេញ​របស់​រាជរដ្ឋាភិបាល ធ្វើ​យ៉ាងណា ឲ្យ​នាំ​អង្ករ​ចេញ​បាន​១​លាន​តោន​ផង​ដែរ » ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​RDB ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​តាម​រយៈ RDB បាន​ផ្តួចផ្តើម​គម្រោង​បង្កើត​ឃ្លាំង​ស្តុក​ស្រូវ​២០ ម៉ឺន​តោន និង​ឡ​ស​ម្ងួ​ត​ស្រូវ​៣​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ដែល​មា​នទី​តាំងនៅ​ខេត្តបាត់ដំបង ដោយ​ស្វែងរក​កិច្ចសហការ​ពី​ក្រុមហ៊ុន​ឯកជន ដោយ​ឲ្យ​ក្រុមហ៊ុន​ជា​អ្នក​ប្រតិបត្តិការ​គម្រោង ខណៈ RDB ជា​អ្នក​ផ្តល់​កម្ចី​ទៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​អត្រា​ការ​ប្រាក់​ទាប ។

RDB បាន​ចេញ​សេចក្តីជូនដំណឹង​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ចាប់អារម្មណ៍​ពី​ដំណើរការ​គម្រោង​នេះ​ដាក់​ពាក្យ​ទទួល​ការ​វាយតម្លៃ ហើយ​មាន​ក្រុមហ៊ុន​ស្រូវ​អង្ករ​៤ បាន​ដាក់​ពាក្យ ។

ក្រុមហ៊ុន​ទាំង​៤​នេះ​រួម​មាន ក្រុមហ៊ុន​ធនាគារ​ស្រូវ​, ក្រុមហ៊ុន​ឃែត​ថ​ល ហ្វូ​ដ អិុ​ន​វេស​មេន អិុ​ម​ផត អិុច​ផត​, រោង​ម៉ាស៊ីនកិនស្រូវ អឹុ​ង វណ្ណ​ម៉ៅ និង​ក្រុមហ៊ុន ANDURIZ (Cambodge) Sarl ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ RDB ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​ធនាគារ​ស្រូវ ជា​ប្រតិបត្តិ​ករ​គម្រោង​នេះ ធ្វើ​ឡើង​ដោយ​មានការ​ពិភាក្សា​ត្រឹមត្រូវ ព្រោះ​ធនាគារ​ជ្រើសរើស​ដោយ​ផ្អែក​លើ​របាយការណ៍​វាយតម្លៃ​របស់ Mekong Strategic Partner ។

លោក ថៅ ថា​ច ប្រធាន​ធនាគារ​អភិវឌ្ឍន៍ជនបទ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ។

លោក​ឧកញ៉ា ភួ ពុ​យ បន្ត​ថា ប្រសិនជា​ការ​រៀបចំ​នីតិវិធី​បាន​លឿន ការ​សាងសង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែកុម្ភៈ​ខាង​មុខ និង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ។ កន្លង​មក រោង​ម៉ាស៊ីនកិនស្រូវ​នានា​មាន​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​ដោយ​ខ្លួនឯង​រួច​ហើយ ប៉ុន្តែ​ដោយសារ​សមត្ថភាព​ស្តុក និង​ឡ​ស​ម្ងួ​ត​នៅ​មាន​កម្រិត ទើប​មិន​អាច​ឆ្លើយ​តប​នឹង​ជំនន់​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល ។ ហេតុនេះ ការ​វិនិយោគ​លើ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ ក្រោម​ការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ក្នុង​រដូវ​ប្រមូល​ផល​បាន ៕