ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​អំបិល​ឆ្នាំ​2016​ថយ​ចុះ ស្រប​នឹង​តម្លៃ​ថោក (មានវីដេអូ​ឃ្លីប)

7 ឆ្នាំ មុន

ខេត្តកំពត ៖ កសិករ​អ្នក​ផលិត​អំបិល​ជា​ច្រើន​នាក់​រអ៊ូ​ថា អំបិល​កំពត​ដែល​ផលិត​ឡើង​ពី​ទឹកសមុទ្រ​ធម្មជាតិ​សុទ្ធសាធ និង​មានគុណ​ភាពល្អ​ផ្តាច់​គេ​ក្នុង​តំបន់ គឺ​គ្មាន​ទីផ្សារ​ប្រកួតប្រជែង​ទេ ហើយ​តម្លៃ​វិញ​ត្រូវ​ពឹងផ្អែក​

ខេត្តកំពត ៖ កសិករ​អ្នក​ផលិត​អំបិល​ជា​ច្រើន​នាក់​រអ៊ូ​ថា អំបិល​កំពត​ដែល​ផលិត​ឡើង​ពី​ទឹកសមុទ្រ​ធម្មជាតិ​សុទ្ធសាធ និង​មានគុណ​ភាពល្អ​ផ្តាច់​គេ​ក្នុង​តំបន់ គឺ​គ្មាន​ទីផ្សារ​ប្រកួតប្រជែង​ទេ ហើយ​តម្លៃ​វិញ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​សហគមន៍​ផលិត​អំបិល​ខេត្តកំពត​-​កែប​តែ​មួយ​គត់ ។

អ្នក​ផលិត​ទាំងនោះ​និយាយ​ថា តម្លៃ​អំបិល​ដែល​ពួក​គាត់​លក់​ចេញ​ឲ្យ​សហគមន៍ ក្នុង​១​បាវ  គឺ​ត្រឹម​៥​ពាន់​រៀល​ប៉ុណ្ណោះ ។ កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​កម្លាំង​ក្នុង​ការ​ផលិត និង​បង្កើន​ទិន្នផល ។

បុរស​មេការ​មើល​ការ​ខុស​ត្រូវ​កម្មករ​នៅ​ក្នុង​តំបន់​ស្រែអំបិល​ដ៏​ធំ​មួយ​ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ និយាយ​ថា ៖ « ការ​ផលិត​អំបិល​ពិបាក​ណាស់ ព្រោះ​យើង​ធ្វើ​តាម​បែប​ធម្មជាតិ គឺ​ពឹង​ទៅ​លើ​អាកាសធាតុ និង​ប្រើ​ទឹកសមុទ្រ​សុទ្ធសាធ មិនមែន​ធ្វើ​ពី​រ៉ែ​ភ្នំ​ដូច​អំបិល​ប្រទេស​គេ​ទេ​។ កសិករ​ត្រូវ​កោស​ស្លែ​ស្រែ​ថ្នាល បន្ទាប់​មក​បញ្ចូល​ទឹកប្រៃ រាស់​ឲ្យ​បែក​អាចម៍ដី និង​រាបស្មើ បុក​បង្ហាប់ដី​រួច​ប្រដេញទឹក (​ដាក់​ទឹក​ចូល​បណ្តុះ​អំបិល​) គឺ​ត្រូវ​ប្រើ​ពេល​ប្រហែល​១​ខែ​កន្លះ ទើប​អាច​ប្រមូល​ផល​បាន » ។

លោក​បន្ត​ថា ចំពោះ​កម្មករ សម្រាប់​១​ព្រឹក​ឬ​១​ថ្ងៃ គឺ​ចំណាយ​ពី​២ ទៅ​៤​ម៉ឺន​រៀល​តាម​អ្នកមាន​កម្លាំង​ខ្លាំង​ឬ​ខ្សោយ ពីព្រោះ​ការ​ធ្វើ​ពលកម្ម​ផលិត ឬ​ប្រមូល​ផល​អំបិល​តាម​ស្រែ​នីមួយ​ៗ គេ​ធ្វើ​ឡើង​របៀប​ម៉ៅ​ការ ធ្វើ​តិច​បាន​កម្រៃ​តិច ធ្វើ​ច្រើន​បាន​កម្រៃ​ច្រើន ។ រីឯ​ការ​ប្រមូល​ផល​យក​ទៅ​លក់​ឲ្យ​សហគមន៍ ក្នុង​តម្លៃ​ទាប និង​គ្មាន​ទីផ្សារ​ប្រកួតប្រជែង​ផ្សេង​ឡើយ​។ ហេតុនេះ ចង់​ឬ​មិន​ចង់ ត្រូវ​លក់​ឲ្យ​សហគមន៍ ពីព្រោះ​ពេល​យើង​ចូល​ជា​សមាជិក​សហគមន៍ និង​ដល់​រដូវ​ផលិត​អំបិល គឺ​ត្រូវ​ពឹងផ្អែក​ដើមទុន​ទាំងស្រុង​ពី​សហគមន៍​ដើម្បី​យក​មក​ផលិត ។ ដូច្នេះ​ហើយ​ទើប​ការ​ផលិត​បាន​អំបិល​ហើយ បើ​សហគមន៍​គ្មាន​ទីផ្សារ​នាំ​ចេញ គឺ​អំបិល​ត្រូវ​សល់​ក្នុង​ឃ្លាំង ។ អ្នក​ផលិត​អំបិល​ត្រូវ​ជួបនឹង​ការ​ខ្វះខាត​ថវិកា​ក្នុង​ការ​ផលិត​បន្ត​ទៀត ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​កសិករ​អ្នក​ផលិត​អំបិល​ខាងលើ អគ្គលេខាធិការ និង​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​របស់​សហគមន៍​អ្នក​ផលិត​អំបិល លោក អ៊ុំ ឈុ​ន មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ​ថា ៖ « ទិន្នផល​អំបិល​ឆ្នាំ​២០១៦ មានការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៥ ប៉ុន្តែ​ការ​ផលិត​នៅ​លើ​ផ្ទៃដី​ដដែល គឺ​៤.៥០០​ហិ​កតា » ។

លោក​បន្ត​ថា ទិន្នផល​ថយ​ចុះ គឺ​ដោយសារ កត្តា​អាកាសធាតុ​មិន​អំណោយផល មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ម្យ៉ាងទៀត ខ្វះ​កម្លាំង​កម្មករ ធ្វើ​ឲ្យ​ទិន្នផល​អំបិល​ប្រមូល​បាន​ត្រឹមតែ​៤២.២៤១​តោន​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​កន្លង​មក​ធ្វើ​បាន​ជាង​១០​ម៉ឺន​តោន ។

ដោយឡែក ចំពោះ​តម្លៃ​វិញ សហគមន៍​លក់​ចេញ​១​ម៉ឺន​២​ពាន់​រៀល​ក្នុង​១​បាវ​សម្រាប់​អំបិល​លេខ​១ និង​លេខ​២ តម្លៃ​១​ម៉ឺន​រៀល ។ សហគមន៍​ចង់​ធ្វើ​ឲ្យ​ទីផ្សារ​អំបិល​ល្អ​ប្រសើរ និង​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​សហគមន៍​ធ្វើ​មិន​ទាន់​បាន​ទេ ដោយសារ​ថា បើ​អំបិល​យើង​ថ្លៃ​ពេក អាជីវករ​នឹង​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​មក​លក់​ក្នុង​ទីផ្សារ ។

លោក អ៊ុំ ឈុ​ន បន្ត​ថា ៖ « ថ្មី​ៗ​នេះ មាន​ក្រុមហ៊ុន​មួយ​បាន​មក​ពិនិត្យ​សិក្សា​ដើម្បី​នាំ​ចេញ​អំបិល​ខ្មែរ​ទៅ​ប្រទេស​បារាំង ហើយ​ប្រសិនបើ​អំបិល​ខ្មែរ​ត្រូវ​តាម​ការ​ចង់បាន​របស់​ក្រុមហ៊ុន​នោះ​មែន ក្រុមហ៊ុន​នឹង​អាច​មាន​លទ្ធភាព​នាំ​ចេញ​អំបិល​២​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ » ។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​កសិករ និង​អ្នក​ផលិត​អំបិល​ទាំងអស់​ខំប្រឹង​ប្រែង​ផលិត​អំបិល​ដោយ​ផ្តោត​ទៅ​លើ​គុណភាព​ជា​សំខាន់ ។ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ សហគមន៍​មាន​ផែនការ​ផលិត​អំបិល​ឲ្យ​បាន​ពី​៩ ទៅ​១០​ម៉ឺន​តោន​ឡើង​វិញ​ក្នុង​១​ឆ្នាំ ៕