ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ចាប់ផ្តើម​ជំរុញ​ទីផ្សារ​សូត្រ​ខ្មែរ​ដើម្បី​បង្កើន​តម្លៃបន្ថែម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​និង​កំពុង​ជំរុញ​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​សូត្រ​ខ្មែរ ដែល​ជា​ផលិតផល​មួយ​មាន​សក្តានុពល​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​តម្លៃបន្ថែម

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​និង​កំពុង​ជំរុញ​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​សូត្រ​ខ្មែរ ដែល​ជា​ផលិតផល​មួយ​មាន​សក្តានុពល​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​តម្លៃបន្ថែម និង​បំពេញតម្រូវការ​ផលិត​ដែល​កាន់តែ​មានការ​កើនឡើង ។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ​ថា ក្រសួងពាណិជ្ជកម្ម នឹង​ជួយ​ជំរុញ​ទីផ្សារ​សូត្រ​ខ្មែរ​បន្ថែម​ទៀត ប៉ុន្តែ​ផលិតករ​ទាំងអស់​ត្រូវ​តែ​ពង្រឹង​ការ​ផលិត​របស់​ខ្លួន​ឲ្យ​មាន​ស្តង់ដា និង​មានគុណ​ភាព​ទទួលយក​បាន ទើប​អតិថិជន​ចាប់អារម្មណ៍​ពី​ផលិតផល​ខ្មែរ ។ លោក​បន្ត​ថា សូត្រ​ជា​វិស័យ​មួយ​ដ៏​សំខាន់ និង​ជា​អត្ត​សញ្ញាណ​​សម្រាប់​ប្រទេស​ជាតិ ហើយ​អ្នក​តម្បាញ​ភាគច្រើន​ជានា​រី ដែល​អាច​រក​ប្រាក់​ចំណូល​បំពេញបន្ថែម​ក្នុង​គ្រួសារ ។ ដូច្នេះ ការងារ​នេះ ក្រសួងពាណិជ្ជកម្ម​កំពុង​តែ​ជួយ​ជំរុញ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ ។

លោក​បញ្ជាក់​ថា ៖ « ក្រសួងពាណិជ្ជកម្ម​បាន​ជំរុញ​ទីផ្សារ​អន្តរជាតិ និង​ជំរុញ​ឲ្យ​ផលិត​បាន​ល្អ ទើប​ទទួល​បានការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់ ហើយ​ក្រសួង​បាន​ជំរុញ​ឲ្យ​មាន​ពិព័រណ៍​ទាំង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ » ។

ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ពិព័រណ៍​ជា​ច្រើន​ទាំង​ក្នុងស្រុក និង​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ផលិតករ​កម្ពុជា​អាច​ចូលរួម​តាំងពិព័រណ៍​បាន និង​ជំរុញ​ឲ្យ​ផលិតផល​ខ្មែរ​បាន​ស្គាល់ និង​ស្វែងរក​ទីផ្សារ​អន្តរជាតិ ។

លោក ប៉ាន សូរ​ស័ក្តិ បន្ត​ថា ផលិតករ​អ្នក​តម្បាញ​សូត្រ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ហើយ​កិច្ចការ​នេះ​កំពុង​តែ​ខំប្រឹង​ប្រែង​ដើម្បី​ស្វែងរក​ទីផ្សារ និង​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ។

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី សេង តក្ក​នារី អគ្គ​នាយិកា​ហាង SentoSaSillk បាន​និង​កំពុងធ្វើការ​ជាមួយ​សហគមន៍​ផលិត​សូត្រ​មួយ​ចំនួន​ថ្លែង​ថា កន្លង​មក វត្ថុធាតុដើម​សូត្រ​នៅ​កម្ពុជា​មានការ​ខ្វះខាត​មែន ដែល​អ្នក​ផលិត​ត្រូវ​ទិញ​វត្ថុធាតុដើម​ពី​ក្រៅប្រទេស ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់​ផលិតកម្ម​សូត្រ​ឲ្យ​បាន​ច្រើន និង​មាន​សិប្បកម្ម​ដាំ​ដើម​មន​ចិញ្ចឹមសត្វ​នាង ស្រាវយក​សរសៃសូត្រ ។ លោកស្រី​បន្ត​ថា ៖ « អ្នក​តម្បាញ​សូត្រ​នៅ​កម្ពុជា កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ផ្នែក​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ការ​ផលិត​មិន​អាច​ដោះស្រាយ​ជីវភាព​រស់នៅ​បាន » ។

កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម​(EIF) បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​អំណាច​ដល់​ស្ត្រី បង្កើត​ការងារ​ដល់​យុវជន និង​កាលានុវត្តភាព​ថ្មី​ៗ​សម្រាប់​ពាណិជ្ជកម្ម ព្រមទាំង​ជួយ​គាំទ្រ​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ព​ន្លឿ​ន​ការ​អនុវត្ត​ខ្សែ​ចង្វាក់​តម្លៃ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ដូច​ជា សូត្រ​ប្រណីត អង្ករ ផល​នេសាទ​សមុទ្រ ដំឡូង​មី និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ជាដើម ៕