ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ជាង​3​លាន​នាក់​ក្នុង​ឆ្នាំ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន​៣.៣៨៨.៥៥៣​នាក់ ដោយ​ក្នុង​នោះ​ចាប់​ដំណើរការ​ឆ្លងកាត់​មមាញឹក​ជាងគេ គឺ​នៅ​ក្នុង​ខែធ្នូ ដែល

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន​៣.៣៨៨.៥៥៣​នាក់ ដោយ​ក្នុង​នោះ​ចាប់​ដំណើរការ​ឆ្លងកាត់​មមាញឹក​ជាងគេ គឺ​នៅ​ក្នុង​ខែធ្នូ ដែល​មាន​ចំនួន​ជាង​៣៣​ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់ Cambodia-airports ។

តាម​គេហទំព័រ​ដដែល​បង្ហាញ​ថា រយៈ ពេល​១២​ខែ​ក្នុង​ឆ្នាំ​២០១៦ អ្នកដំណើរ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​កាន់​អន្តរជាតិ មាន​ចំនួន​១.៥១០.៣២៣​នាក់ ខណៈ​អ្នកដំណើរ​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​កាន់​ព្រ​លាន​យន្តហោះ​ផ្សេង​ទៀត​ក្នុងស្រុក មាន​ចំនួន​ត្រឹមតែ​១៧៤.៣៩០​នាក់​ប៉ុណ្ណោះ ។ តាម​តួលេខ​នេះ​អាច​បញ្ជាក់​ថា អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​ជើង​អាកាស ក្នុងស្រុក​មាន​ចំនួន​តិចតួច​នៅឡើយ ។ បើ​សរុប​ការ​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​អន្តរជាតិ និង​ក្នុងស្រុក សម្រាប់​រយៈពេល​មួយ​ឆ្នាំ​២០១៦ គឺ​មាន​ចំនួន​១.៦៨៤.៧១៣​នាក់ ។

ដោយឡែក ចំនួន​អ្នកដំណើរ​ដែល​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពី​ព្រ​លាន​យន្ដហោះ​ក្រៅប្រទេស មាន​ចំនួន​១.៥០៨.៦៤៧​នាក់ ចំណែក​អ្នកដំណើរ​ក្នុង​ស្រុក​បាន​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន​ត្រឹមតែ​១៥២.៨១១​នាក់ ។

បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថ្លែង​កន្លង​មក​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត រាជរដ្ឋាភិបាល​បាន​ខិតខំ​ទាក់ទាញ​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ផ្សេង​ទៀត​ដើម្បី​បង្កើន​ការ​ហោះហើរ​ត្រង់​រវាង​គ្នា​និង​គ្នា ហើយ​ក្នុង​នោះ​ដែរ ក៏​អាច​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ផង​ដែរ ។

កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អាកាសចរណ៍ ក្រុមហ៊ុន​ជប៉ុន​បាន​បើក​ការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កាន់​កម្ពុជា ហើយ​ការ​បើក​ការ​ហោះហើរ​ត្រង់នេះ វា​ក៏​បាន​នាំ​មក​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ជប៉ុន និង​វិនិយោគិន​បន្ថែម​ទៀត​មក​កាន់​កម្ពុជា​ផង​ដែរ ។ ក្រៅពី​នោះ ក៏​បាន​បង្ហាញ​ពី​ទំនាក់ ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​ទៀត​ផង ។

បើ​តាម​មន្ត្រី​នៃ​ក្រសួងទេសចរណ៍​កម្ពុជា ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ហោះហើរ​ត្រង់​ពី​បរទេស​មក​កាន់​កម្ពុជា នឹង​មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​នោះ​វិនិយោគិន​ឥណ្ឌា និង​កម្ពុជា ក៏​កំពុង​សិក្សា​លើ​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ផ្សេង​ទៀត​របស់​កម្ពុជា រួម​មាន អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០១៦ ដំណើរ​ឆ្លងកាត់​មាន​ចំនួន​ជាង​៣​លាន​៤​សែន​នាក់ ចំណែក​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះ​សីហ​នុ មាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១៥៦.៨៨៧​នាក់ ៕