ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សន្យា​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​បង្ហូរទឹកភ្នែក​ដោយសារ​គម្រោង​អភិវឌ្ឍន៍​នៅ​រាជធានី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ រាជធានី​ភ្នំពេញ នឹង​មាន​ច្រាំង​ទន្លេ សួនច្បារ និង​ផ្លូវ​ថ្មើរជើង​យ៉ាង​ល្អ​ប្រណីត​ស្រប​តាម​មាត់ទន្លេ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ រាជធានី​ភ្នំពេញ នឹង​មាន​ច្រាំង​ទន្លេ សួនច្បារ និង​ផ្លូវ​ថ្មើរជើង​យ៉ាង​ល្អ​ប្រណីត​ស្រប​តាម​មាត់ទន្លេ ចាប់ពី​ស្ពាន​ព្រះ​មុនី​វង្ស​រហូត​ដល់​គល់​ស្ពាន​ជ្រោយចង្វា ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត និង​ទស្សនា​ព្រះរាជ​ពិធី​បាន​យ៉ាង​ស្រួល​បន្ទាប់​ពី​អាជ្ញាធរ​ស្ថាបនា​ច្រាំង​ទន្លេ សួនច្បារ និង​ផ្លូវ​ថ្មើរជើង​ដំណាក់កាល​ទី​៣​រួច ។

ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​តំណាង​កំពង់​ផែ​ស្វ័​យ​ត​ក្រុងភ្នំពេញ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ដើម្បី​ពិភាក្សា​ទៅ​លើ​គម្រោង​ស្ថាបនា​សួនច្បារ ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ​ដំណាក់កាល​ទី​៣ ចាប់ពី​ផ្សារ​រាត្រី​ដល់​ស្ពាន​ជ្រោយចង្វា​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ២០១៧ កន្លង​មក លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុងព​ន្លឿ​ន​ការងារ​ស្ថាបនា​ច្រាំង​ទន្លេ និង​ផ្លូវ​ថ្មើរជើង​នេះ​ឲ្យ​បាន​លឿន និង​ជំរុញ​ឲ្យ​រួចរាល់​មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចុងឆ្នាំ​នេះ គឺ​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា អាជ្ញាធរ​ពិតជា​ចង់បាន​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ការ​គិតគូរ​ច្បាស់លាស់ មិន​ធ្វើ​ទាំង​ប្រថុយប្រថាន​នោះ​ទេ គឺ​ធ្វើ​ដោយ​ភាព​អត់ធ្មត់ និង​មិន​ឲ្យ​ប្រជាពលរដ្ឋ​បង្ហូរទឹកភ្នែក​ឡើយ ។

លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ​នេះ គឺជា​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​មួយទៀត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​កែ​លំអ​សោភ័ណ​ភាព បរិស្ថាន បង្កើន​លំហរ​សាធារណៈ​និង​ក្រវាត់បៃតង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ស្រប​ពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។

លោក​បន្ថែម​ថា គម្រោង​ស្ថាបនា​ច្រាំង​ទន្លេ​មក​ដល់​ពេល​នេះ​ក្រុមការងារ​កំពុង​បន្ត​សិក្សា​ទៅ​លើ​ផល​ប៉ះពាល់​នានា ហើយ​បន្ទាប់​ពី​ដោះស្រាយ​ផល​ប៉ះពាល់​រួច ក្រុមការងារ​នឹង​ត្រូវ​ចុះ​អនុវត្តន៍​តែ​ម្តង ។

ចំណែក​តំណាង​អង្គភាព​កំពង់​ផែ​ស្វ័​យ​ត​ក្រុងភ្នំពេញ​ដែល​រង​នូវ​ផល​ប៉ះពាល់​ច្រើន​ជាមួយនឹង​គម្រោង​ខាងលើ បាន​បង្ហាញ​អំពី​ជំហរ​របស់​ខ្លួន​ដោយ​សន្យា​ថា នឹង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​ដោះស្រាយ ។

គួរ​បញ្ជាក់​ថា ការ​ស្ថាបនា​ច្រាំង​ទន្លេ សួនច្បារ និង​ផ្លូវ​ថ្មើរជើង ចាប់ពី​ផ្សារ​រាត្រី​ដល់​ស្ពាន​ជ្រោយចង្វា​នេះ ជា​គម្រោង​ដំណាក់កាល​ទី​៣​មាន​ប្រវែង​ប្រមាណ​១.៦៤០​ម៉ែត្រ បន្ទាប់​ពី​ដំណាក់កាល​ទី​១​ចាប់ពី​បញ្ជរ​ទេសចរណ៍​ជាប់​សាលសន្និសីទ​ចតុមុខ ដល់​កំពង់ដ​អរិយ​ក្សត្រ បាន​ស្ថាបនា​រួច និង​ដំណាក់កាល​ទី​២​ចាប់ពី កំពង់ដ​អរិយ​ក្សត្រ រហូត​ដល់​គល់​ស្ពាន​ព្រះ​មុនី​វង្ស កំពុង​ស្ថាបនា ហើយ​ទិស​ដៅ​បន្ត​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​រហូត​ដល់​គល់​ស្ពាន​ព្រែក​ព្នៅ​តែ​ម្តង ៕