ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រួលការ​ចេញចូល​ដល់​ភ្ញៀវ​ទេសចរ​អំឡុង​បុណ្យ​ទន្លេ​នៅ​ស្ទឹង​ត្រែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​សម្រប​សម្រួលការ​ចេញចូល​ទស្សនា​កម្ពុជា​-​ឡាវ ជូន​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ រយៈពេល​៣​ថ្ងៃ ក្នុងអំឡុងពេល​បុណ្យ​ទន្លេ​នៅ​

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​សម្រប​សម្រួលការ​ចេញចូល​ទស្សនា​កម្ពុជា​-​ឡាវ ជូន​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ រយៈពេល​៣​ថ្ងៃ ក្នុងអំឡុងពេល​បុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង ដើម្បី​ស្រូប​យក​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូលរួម​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​ន័យ និង​សារៈសំខាន់​នេះ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​ដំណើរ​ចេញចូល​ទស្សនកិច្ច​ពី​កម្ពុជា​ទៅ​ឡាវ និង​ពី​ឡាវ​មក​កម្ពុជា នឹង​មានការ​​សម្របសម្រួល​ជូន​ភ្ញៀវ​ទេសចរ ក្នុង​រយៈពេល​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង នា​ឆ្នាំ​២០១៧​នេះ ។ ដូច្នេះ​មាន​ន័យ​ថា ក្នុង​ដំណើរទៅ​ចូលរួម​កម្សាន្ត​បុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង​នេះ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្តស្ទឹងត្រែង តាម​ផ្លូវជាតិ​លេខ​៧ ខេត្តក្រចេះ ផ្លូវជាតិ​លេខ​៦២ និង​លេខ​៩​ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង បាន​យ៉ាង​ងាយស្រួល ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា បុណ្យ​ទន្លេ​នឹង​ចូលរួម​ជំរុញ​លើកកម្ពស់​ការ​អប់រំ​ផ្សព្វផ្សាយ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ជីវចម្រុះ​តាម​ដង​ទន្លេ​មេគង្គ និង​តាម​តំបន់​អភិរក្ស​ធម្មជាតិ​នានា តាម​រយៈ​ការ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ក្រោម​ពាក្យស្លោក​ថា «​ការ​អភិរក្ស​បម្រើ​ការ​អភិវឌ្ឍ ការ​អភិវឌ្ឍ​បម្រើ​ការ​អភិរក្ស​» គ្មាន​ការ​អភិរក្ស​ណាមួយ​ដែល​អាច​ទទួល​បាន​ជោគជ័យ​យូរអង្វែង​បាន ដោយ​មិន​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ប្រកប ដោយ​និរន្តរភាព និង​ការ​ទទួល​ខុស​ត្រូវ​នោះឡើយ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​នៅ​កម្ពុជា​ដែរ គឺ​បាន​បង្ហាញ​នូវ​ភាព​ជោគជ័យ និង​ឧទាហរណ៍​ដ៏​ល្អ សម្រាប់​ការ​ចូលរួម​ថែរក្សា​ការពារ​ធម្មជាតិ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​កាត់​បន្ថយ​ចំណាកស្រុក តាម​រយៈ​ចំណូល​ដែល​ប្រជាពលរដ្ឋ​សហគមន៍​ទទួល​បាន​ពី​ភ្ញៀវ​ទេសចរ ។

ដូច្នេះ​អាច​និយាយ​ថា ប្រជាពលរដ្ឋ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ ឈប់​បរបាញ់​សត្វ ឈប់​នេសាទ​ត្រី​នៅ​តំបន់​សត្វ​ផ្សោត​រស់នៅ ដោយ​ងាក​មក​ប្រកប​របរ​ផ្តល់​សេវាកម្ម​ដល់​ទេស​ចរ ដូច​ជា​ផ្ទះ​ស្នាក់ មគ្គុទ្ទេសក៍ សហគមន៍​ដឹក​ជញ្ជូន​ទេសចរ ផ្តល់​សេវា​ម្ហូបអាហារ ផ្គត់ផ្គង់​បន្លែបង្ការ​ផ្លែ​ឈើ​ដល់​ភ្ញៀវ​ទេសចរ​វិញ​។ លោក​រដ្ឋមន្ត្រី​លើក​ឧទាហរណ៍​ថា ដូច​ជា​សហគមន៍​ទេសចរណ៍​ជី​ផាត​(​ខេត្តកោះកុង​) ម្លប់​បៃតង (​ខេត្តកំពង់ស្ពឺ​) កោះ​ទ្រង់​(​ខេត្តក្រចេះ​) គឺជា​គំរូ​ដែល​ត្រូវ​បាន​អាស៊ាន​ទទួលស្គាល់ និង​ផ្តល់​រង្វាន់ ហើយ​សហគមន៍​ទេសចរណ៍​មួយ​ចំនួន​ទៀត​ក៏​កំពុង​អភិវឌ្ឍន៍​ដូច​គ្នា​ដែរ ។

យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី ថោ​ង ខុន អះអាង​ថា បុណ្យ​ទន្លេ​នឹង​ជួយ​ឲ្យ​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅ​តំបន់​ភាគ​ឦសាន​កម្ពុជា ក៏​ដូច​ជា​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV (​កម្ពុជា​-​ឡាវ​-​វៀតណាម​) ដែល​អាច​ភ្ជាប់​ទៅ​នឹង​តំបន់​អេកូ​ទេសច​ណ៍​ដ៏​ទាក់ទាញ​នៅ​ភាគ​ខាងត្បូង​ឡាវ ដែល​កំពុង​មាន​ប្រជាប្រិយភាព​បាន​ផង​ដែរ ។ ទន្ទឹម​នោះ ទេសចរណ៍​បែប​ធម្មជាតិ ជម្រក​សត្វ​ស្លាប​ដ៏​កម្រ នៅ​សៀង​ប៉ា​ង ជម្រក​សត្វ​ផ្សោត​ជា​ច្រើន​កន្លែង តំបន់​រាំ​សា ស្ទឹង​ត្រែង ក៏​នឹង​ស្ថិត​នៅ​ក្នុង​កញ្ចប់​ខ្សែ​ទស្សនកិច្ច​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ (​អង្គរ​-​ព្រះ​វិហារ​-​វត្ត​ភូ​) ផង​ដែរ ស្រប​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់ ត្រូវ​បាន​រាជរដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​បាន​យ៉ាងល្អ ។

ក្រសួងទេសចរណ៍ នឹង​ខិតខំ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​នៅ​តំបន់​ភាគ​ឦសាន និង​និរតី​កម្ពុជា​ឲ្យ​បាន​ល្អ ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ជា​ប្រទេស​ដែល​មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់ (Competitive Advantage) ខាង​​សក្តានុ​ពល​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ រួម​ទាំង​តំបន់​ទេសចរណ៍​ទន្លេមេគង្គ និង​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត ។

សូម​ជម្រាប​ថា បុណ្យ​ទន្លេ​លើក​ទី​៣​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង ក្នុង​នោះ​រួម​មាន​សកម្មភាព​កីឡា​លើ​ទឹក​-​លើ​ដី ការ​តាំងពិព័រណ៍​ម្ហូបអាហារ ផ​លិ​ផល​ក្នុងស្រុក ទស្សនីយភាព​សិល្បៈ សម្ដែង​ដោយ​ក្រុម​សិល្បករ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ខេត្ត​ទាំង​៤​នៅ​ភូមិភាគ​ឦសាន និង​ការ​ចូលរួម​សកម្មភាព​កីឡា សិល្បៈ​របស់​ប្រទេស​ឡាវ​ផង​ដែរ ។

ក្រៅពី​នេះ ភ្ញៀវ​ទេសចរ​ក៏​នឹង​មានការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅ​កាន់​រមណីយដ្ឋានទេសចរណ៍​នានា នៅ​ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និង​នៅ​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ទៀត​ផង ៕