ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប សម រ​ង្ស៊ី ផែនការ​ក​5 គឺ​ផែនការ​ការពារ​ជាតិ​ទប់ស្កាត់​របប​ខ្មែរក្រហម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​គេច​ពី​អំណាចតុលាការ​កម្ពុជា បាន​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ថា

រាជធានី​ភ្នំពេញ ៖ មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​គេច​ពី​អំណាចតុលាការ​កម្ពុជា បាន​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ថា លោក​នឹង​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ និង​ថា​ផែនការ​ក​៥​ជា​ផែនការ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ស្លាប់ ។ ការ​អះអាង​ជា​ថ្មី​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សម រ​ង្ស៊ី ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា ដើម្បី​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​(​បី​) ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រសិនបើ​សម្តេច​ឈ្នះក្តី​លោក សម រ​ង្ស៊ី រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ បើ​លោក សម រ​ង្ស៊ី មិន​ព្រម​សងជំងឺចិត្ត​នោះ​ទេ ។ មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​អះអាង​ថា អ្វី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​គឺជា​ការ​ភិតភ័យ​ស្លន់ស្លោ​ក្នុង​ការ​ចាញ់ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ពេល​ខាង​មុខ ។

លោក សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ថា ៖ «​លោក ហ៊ុន សែន គាត់​ហ៊ាន​ប្តឹង​ខ្ញុំ​តែ​រឿង​ក​ប៉ិក​កំប៉ុក​ទេ ។ រឿង​ធំ​ដូច​ជា​រឿង​ក​៥​ដែល​ខ្ញុំ​និយាយ​ថា​គាត់ និង​លោក ហេង សំ​រិ​ន ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​សម្លាប់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​នោះ គាត់​មិន​ហ៊ាន​ប្តឹង​ខ្ញុំ​ទេ​» ។ លោក​បន្ថែម​ថា តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​លែង​មាន​ជំនឿ​ចិត្ត​ហើយ លោក​ពឹង​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​កាត់សេចក្តី​វិញ ។

ទាក់ទិន​នឹង​រឿង​ផែនការ​ក​៥​ដែល​លោក សម រ​ង្ស៊ី​លើក​ឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាល​មិន​ហ៊ាន​ប្តឹង​លោក​នោះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២ កុម្ភៈ បាន​ឆ្លើយ​តប​ទៅ​នឹង​លោក សម រ​ង្ស៊ី ថា ៖ «​ផែនការ​ក​៥​កើត​មាន​ដោយសារ​ក្រុម​លោក សម រ​ង្ស៊ី ដែល​រួម​ដៃ​ជាមួយ​ខ្មែរក្រហម​ប៉ុនប៉ង​នាំ​យក​ខ្មែរក្រហម​មក​គ្រប់គ្រង​ប្រទេស​ជា​ថ្មី ។ សម្តេច​ថា ផែនការ​ក​៥ គឺជា​ផែនការ​ការពារ​ជាតិ គឺជា​ការ​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​របស់​របប​ខ្មែរក្រហម​» ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ជន​អគតិ​កំពុង​យក​ផែនការ​ក​៥​មក​និយាយ​ខុស​ពី​ការ​ពិត វាយប្រហារ​លើ CPP ។ លោក​ថា ទោះបី​ត្រូវ​បាន​ផ្តួលរំលំ​ក្រោម​កម្លាំង​មហា​សាមគ្គី​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​អ្នក​ស្នេហា​ជាតិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នា​ថ្ងៃ​៧ មក​រា ១៩៧៩ បាន​រំដោះប្រជាជន​ទូ​ទាំង​ប្រទេស​ឲ្យ​រួច​ផុត​ពី​គ្រោះ​មរណៈ​នៃ​របប​ប្រល័យពូជសាសន៍​យ៉ាងណា​ក្តី ក៏​ពួក​ប៉ុ​ល ពត នៅ​តែ​ចិញ្ចឹមចិត្ត ប៉ុនប៉ង និង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​វិល​ត្រ​ទ្ប​ប់​មក​កាប់សម្លាប់​អាយុជីវិត និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាជន​ជា​ថ្មី​ទៀត ។

លោក​ថា ការ​ប្រឈម​មុខ​ចំពោះ​គ្រោះ​មហន្តរាយ​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​ក​៥​នេះ​ទ្បើ​ង ក្នុង​ស្មារតី​ជា​ម្ចាស់​វាសនា​របស់​ប្រទេស​ជាតិ និង​ការពារ​អាយុជីវិត​ប្រជាជន ដែល​ទើបបាន​រស់់​ទ្បើ​ង​វិញ​ថ្មី​ៗ​ឲ្យ​រួច​ផុត​ពី​មហិច្ឆតា​របស់​ពួក ប៉ុ​ល ពត ។ ប្រជាជន​កម្ពុជា​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​អនុវត្ត​ផែនការ​នេះ​ទទួល​បាន​ជោគជ័យ ទប់ស្កាត់​បានការ​វិល​ត្រ​ទ្ប​ប់​មក​វិញ​នៃ​របប​ប្រល័យពូជសាសន៍ ការពារ​បាន​នូវ​អាយុជីវិត​ប្រជាជន និង​សម​ទ្ធ​ផល​សង្គម​ជាតិ ធ្វើ​ឲ្យ​ជាតិ​បន្តរ​ស់ទាំង​ត្រដាបត្រដួស​រឹង​មាំ​ជា​បណ្តើរ​ៗ រហូត​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ដូច​បច្ចុប្បន្ន​ហួស​ពី​ការ​ស្មាន ។

លោក​បាន​បញ្ជាក់​ថា ដោយសារ​ជោគជ័យ​នៃ​ផែនការ​ក​៥​នេះ​ហើយ ទើប​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ តុលា ១៩៩១ ជនជាតិ​ខ្មែរ​នៅ​បរទេស​អាច​មាន​លទ្ធភាព​ចូល​មក​ក្នុង​ប្រទេស មក​ធ្វើ​នយោបាយ​រហូត​ដល់​សព្វថ្ងៃ ។ លោក​បន្ថែម​ថា ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ណាស់ កន្លង​ហួស​ជា​ច្រើន​ឆ្នាំទៅ​ហើយ​នៅ​តែ​មាន​អ្នកនយោបាយ​អគតិ​មួយ​ចំនួន​តូច​នៅ​តែ​ឆ្លៀត​យក​ផែនការ​ក​៥​នេះ​មក​រំលឹក ហើយ​និយាយ​ខុស​ពី​ការ​ពិត​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​មួលបង្កាច់​សច្ចធម៌​ប្រវត្តិសាស្ត្រ​បំភាន់​មតិ​សាធារណៈ​ដើម្បី​កេង​ចំណេញ​នយោបាយ​ទៅ​វិញ ។ ពួក​គេ​បំភ្លេច​ចោល​នូវ​គុណសម្បត្តិ​នៃ​ពលិកម្ម ការ​លះបង់​អាយុជីវិត​របស់​ប្រជា​ពលករ​កម្ពុជា​ក្នុង​ផែនការ​ក​៥ ដោយសារ​តែ​ពលិកម្ម​នេះ​ហើយ ទើប​ពួក​គេ​អាច​ចូល​មក​ធ្វើ​សកម្មភាព​នយោបាយ​បាន​ដូច​សព្វ​ថ្ងៃនេះ តែ​បែរជា​ប្រមាថមើលងាយ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្នេហា​ជាតិ​ទៅ​វិញ ។ យើង​មាន​ជំនឿ​ជាក់​ថា ជន​ដែល​រមិលគុណ​បុព្វបុរស​ខ្លួន​ពិតជា​នឹង​ទទួល​រង​នូវ​បាបកម្ម​ធ្ងន់ធ្ងរ​ជា​មិន​ខាន ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ថ្លែង​ថា រឿង​ដែល​លោក សម រ​ង្ស៊ី វាយប្រហារ​រិះគន់​លើស​ម្តេច ហេង សំ​រិ​ន និង​សម្តេច ហ៊ុន សែន ពី​បញ្ហា​ផែនការ​ក​៥ គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ប្តឹង​គាត់​ទេ ទុក​ឲ្យ​ពលរដ្ឋ​ជា​អ្នក​វាយតម្លៃ​ចុះ ។

លោក​គូសបញ្ជាក់​ថា ផែនការ​ក​៥ គឺ​ដើម្បី​ទប់ស្កាត់​ពួក​ខ្មែរក្រហម​មិន​ឲ្យ​វិល​ត្រឡប់​មក​កាប់សម្លាប់​ខ្មែរ​ជា​ថ្មី ហើយ​អ្វី​ដែល​លោក​សម រ​ង្ស៊ី ប្រឆាំង​នឹង​ផែនការ​នេះ​មាន​ន័យ​ថា គាត់​ចង់​ឲ្យ​ខ្មែរក្រហម​ត្រឡប់​មក​កាប់សម្លាប់​ខ្មែរ​វិញ​តែ​ប៉ុណ្ណោះ ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី​ជា​ច្រើន​លើក​ច្រើន​សា​ថា​នឹង​ចូល​មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​នោះ ត្រូវ​បាន​លោក សុខ ឥ​សាន ធ្លាប់​ប្រាប់​ថា​ជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ គឺ​គាត់​គ្រាន់តែ​ដើម្បី​លួង​ចិត្ត​អ្នកគាំទ្រ​ខ្លួន​តែ​ប៉ុណ្ណោះ ។ លោក​បាន​ស្វាគមន៍​ចំពោះ​វត្តមាន​លោក​សម រ​ង្ស៊ី ប៉ុន្តែ​បើសិនជា​គាត់​ហ៊ាន​មក​មែន​នោះ​នឹង​ត្រូវ​ចាប់ខ្លួន​មិន​ខាន ៕