ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ចុង​ក្រោយ​សហភាព​សូ​វៀត ដែល​បញ្ចប់​សង្គ្រាមត្រជាក់ ទទួលមរណភាព​​ហើយ

1 ឆ្នាំ មុន

រុស្ស៊ី ៖ លោក Mikhail Gorbachev មេដឹកនាំ​ចុង​ក្រោយបង្អស់​របស់​សហភាព​សូ​វៀត​ដែល​បាន​បញ្ចប់

រុស្ស៊ី ៖ លោក Mikhail Gorbachev មេដឹកនាំ​ចុង​ក្រោយបង្អស់​របស់​សហភាព​សូ​វៀត​ដែល​បាន​បញ្ចប់សង្គ្រាម​ត្រជាក់​ដោយ​គ្មាន​ការ​បង្ហូរឈាម ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​សហភាព​សូ​វៀត​ពី​ការ​ដួល​រលំ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ ទី ៣០ សីហា ​ម្សិលមិញ​នេះ ក្នុង​វ័យ៩១​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពេទ្យ​ក្នុង​ទីក្រុង​ម៉ូ​ស្កូ​។

លោក​បាន​បង្កើត​កិច្ចព្រមព្រៀង​កាត់​បន្ថយ​អា​វុ​.​ធ​ជាមួយ​សហរដ្ឋអាមេរិក និង​ភាព​ជា​ដៃគូ​ជាមួយ​មហាអំណាច​លោក​ខាងលិច ដើម្បី​ដក​ព្រំដែន​នយោបាយ (Iron Curtain) ដែល​បាន​បែងចែក​អឺរ៉ុប​ជា​ពីរ​តំបន់ តាំងពី​សង្គ្រាមលោក​លើក​ទី ២ និង​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ប្រទេស​អា​ល្លឺ​ម៉​ង់​ឡើង​វិញ​។

ប៉ុន្តែ​កំណែទម្រង់​ផ្ទៃក្នុង​របស់​លោក​បាន​ធ្វើ​ឱ្យ​សហភាព​សូ​វៀត​ចុះ​ខ្សោយ​រហូត​ដល់​ដួល​រលំ ដែល​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin ហៅ​ថា​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​បំផុត​នៃ​ភូមិសាស្ត្រ​នយោបាយ​នៃ​សតវត្សរ៍​ទី ២០​។

មន្ទីរពេទ្យ​របស់​រុ​ស្ស៊ី​និយាយ​ថា «លោក Mikhail Gorbachev បាន​ទទួលមរណភាព​នៅ​ពេល​យប់ បន្ទាប់​ពី​មាន​ជំងឺ​ធ្ងន់ធ្ងរ»​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Interfax ដូច្នេះ​ថា លោក Putin បាន​សម្តែង​ការ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ហើយ​នៅ​ថ្ងៃស្អែក លោក​នឹង​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​លោក Mikhail Gorbachev​។

មេដឹកនាំ​ពិភពលោក​បាន​ប្រញាប់ប្រញាល់​សម្តែង​ការ​គោរព​ចំពោះ​លោក ដោយ​ប្រធាន​គណៈ​ក​ម្មា​ការ​អ៊ឺ​រ៉ុ​ប​លោកស្រី Ursula von der Leyen លោក Gorbachev បាន​បើកផ្លូវ​ឱ្យ​អ៊ឺ​រុ​ប​មាន​សេរីភាព​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​និយាយ​ថា «ការ​ប្តេជ្ញា​ចិត្ត​មិន​ចេះ​នឿយហត់​របស់​លោក Gorbachev ក្នុង​ការ​បើក​សង្គម​សូ​វៀត​នៅ​តែ​ជា​គំរូ​ដល់​យើង​ទាំងអស់​គ្នា​»​។

សូម​បញ្ជាក់​ថា​លោក Mikhail Gorbachev បាន​គ្រប់គ្រង​សហភាព​សូ​វៀត​ចាប់ពី​ឆ្នាំ ១៩៩០ ដល់ ១៩៩១​។ លោក​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ក្នុង​ឆ្នាំ ១៩៩០ ដោយសារ​តែ​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាមត្រជាក់ និង​ការ​ជំរុញ​ទំនាក់ទំនង​អន្តរជាតិ​ដោយ​សន្តិភាព​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ