ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​ជប៉ុន​ធ្វើ​សំណើ​ជំរុញ​ការ​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សារព័ត៌មាន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ក្រុម​ប្រតិភូ​អាជីវកម្ម​ជប៉ុន​បាន​ស្នើ​ដល់​លោកស្រី Aung San Suu Kyi ឲ្យ​មាន​គោលនយោបាយ​ដើម្បី​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សារព័ត៌មាន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ក្រុម​ប្រតិភូ​អាជីវកម្ម​ជប៉ុន​បាន​ស្នើ​ដល់​លោកស្រី Aung San Suu Kyi ឲ្យ​មាន​គោលនយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ធំ​ៗ ដែល​បង្អាក់​ដល់​ការ​វិនិយោគ​របស់​ជនជាតិ​ជប៉ុន​នៅ​មី​យ៉ា​ន់​ម៉ា ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​រដ្ឋធានី​ណៃ​ពិដោ ក្រុម​ប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុន ដឹកនាំ​ដោយ​លោក Akio Mimura បាន​ធ្វើ​សំណើ​ដល់​លោកស្រី Suu Kyi ឲ្យ​រដ្ឋាភិបាល​បង្ក​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​ឡើង ។

សេចក្តីថ្លែងការណ៍​ចេញពី​ភាគី​ជប៉ុន​ឲ្យ​ដឹង​ថា បញ្ជី​មួយ​មាន​១០​ចំណុច គឺ​ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ផ្លូវថ្នល់​និង​ថាមពល ការ​ធ្វើ​កំណែទម្រង់​ច្បាប់ ការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ការ​បង្កើត​ក្របខ័ណ្ឌ​សម្រាប់​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល និង​ផ្នែក​អាជីវកម្ម​ទាំង​សងខាង​ជា​បន្តបន្ទាប់ ។

លោក Mimura និយាយ​ថា ៖ « លោកស្រី Suu Kyi  បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​សំណើ​នោះ និង​យល់​ស្រប​ផង​ដែរ មាន​ន័យ​ថា លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​រក​ការ​អនុម័ត » ។

សេចក្តីថ្លែងការណ៍​ខាងលើ​បន្ត​ថា សភា​នេះ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​មួយ​នេះ តាំងពី​ពួក​គេ​បាន​ចុះ​អនុ​ស្ស​រណៈ​យោគយល់​ជាមួយ​ភាគី​មី​យ៉ា​ន់​ម៉ា គឺ​សហភាព​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​មី​យ៉ា​ន់​ម៉ា នា​ឆ្នាំ​១៩៩៨ ។

សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​រដ្ឋាភិបាល​ថ្មី​របស់​មី​យ៉ា​ន់​ម៉ា ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោកស្រី Suu Kyi ។ សភា​មាន​គោលបំណង​ជំរុញ​ការ​វិនិយោគ​ពី​ជប៉ុន ជា​ពិសេស ពី​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ស្វ័​យ​ទ្រទ្រង់​របស់​មី​យ៉ា​ន់​ម៉ា ។

សេចក្តីថ្លែងការណ៍​បន្ត​ថា សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ជប៉ុន​មាន​បច្ចេកវិទ្យា និង​បទ​ពិសោធន៍​ជា​ច្រើន ដែល​អាច​នឹង​ផ្តល់​ឱកាស​ការងារ និង​ផ្ទេរ​ជំនាញ​ដល់​ប្រជាពល​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ក្នុង​វិស័យ​អាជីវកម្ម​ផង​ដែរ ៕