ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ជាង​60​ម៉ឺន​នាក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​៦០​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​៦០​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ដែល​បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ប្រមាណ​ជាង​៥៣​ម៉ឺន​នាក់ កើនឡើង​ប្រមាណ​៨% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ​៧​ម៉ឺន​នាក់ កើនឡើង​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​មក ។

របាយការណ៍​ដដែល​បង្ហាញ​ថា តំបន់​ទេសចរណ៍​ដែល​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​នៅ​តាម​គោលដៅ​សំខាន់​ៗ​រួម​មាន ខេត្ត​ព្រះ​សីហ​នុ ជាង​៨​ម៉ឺន​នាក់​, សៀមរាប​អង្គរ ជាង​៨​ម៉ឺន​នាក់​, កែប ជាង​៧​ម៉ឺន​នាក់​, រាជធានី​ភ្នំពេញ ជាង​៤​ម៉ឺន​នាក់​, បាត់ដំបង ជាង​៤​ម៉ឺន​នាក់​, កំពង់ចាម ជាង​៣​ម៉ឺន​នាក់ និង​រតនៈគិរី ជាង​១​ម៉ឺន​នាក់ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា ថ្លែង​ថា ៖ «​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​កន្លង​មក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ពិតជា​បាន​ចេញ​ដើរ​កម្សាន្ត​ច្រើន​នៅ​តាម​រមណីយដ្ឋាន​នានា ជា​ពិសេស​តំបន់ឆ្នេរ ដោយសារ​ក្រសួង​បាន​រៀបចំ​ចលនា​ឆ្នេរ​ស្អាត ទីក្រុង​បៃតង ចាប់តាំងពី​ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ កាលពី​ចុងខែ​ធ្នូ​កន្លង​មក » ។

លោក​បន្ត​ថា វិស័យ​ឯកជន​ស្វាគមន៍ និង​រីករាយ​ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ​នានា ព្រោះ​ការ​ទៅ​ដល់​របស់​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ណា មាន​ន័យ​ថា ពួក​គេ​បាន​ផ្តល់​ចំណូល​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្តែ​វិស័យ​ឯកជន​សំណូម​ពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ជា​ពិសេស យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ និង​កុំ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល ព្រោះ​សំរាម និង​កាក​សំណល់​នានា​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា ៖ « លោក​ជឿជាក់​ថា ចំនួន​ភ្ញៀវ​ដែល​បាន​លើក​ឡើង​នេះ​អាច​ជា​ការ​ត្រឹមត្រូវ ហើយ​លោក​សូម​អបអរសាទរ ដោយសារ​កំណើន​ភ្ញៀវ​ដើរ​កម្សាន្ត​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ជា​ពិសេស ការ​កើនឡើង​នូវ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ » ។

លោក​បន្ត​ថា កំណើន​ភ្ញៀវ​នេះ​ក៏​ឆ្លុះ​បញ្ចាំង​នូវ​កត្តា​២​សំខាន់ ទី​១ ដោយសារ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពី​បណ្តាញ​សង្គម និង​ទី​២ ដោយសារ​ច​លករ​សង្គម​កាន់តែ​មាន​ភាព​ផុសផុល ដែល​ពួក​គេ​អាច​បង្ហាញ​ពី​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​តាម​រយៈ​បណ្តាញ​សង្គម ដើម្បី​បង្អួត​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​បន្ថែម​ថា ចំពោះ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​បរទេស​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។ វិជ្ជមាន​ត្រង់​ថា ពេល​ដើរ​កម្សាន្ត​នៅ​ក្រៅប្រទេស ប្រជាជន​មានការ​យល់​ដឹង ព្រោះ​ពួក​គេ​អាច​រៀនសូត្រ​ពី​ប្រទេស​របស់​គេ ពី​ការ​អភិវឌ្ឍ​របស់​គេ​យក​មក​អនុវត្ត​នៅ​កម្ពុជា ក៏​ដូច​ជា​អាច​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ ។ ចំណែក​ផល​អវិជ្ជមាន មាន​ន័យ​ថា ការ​ដើរ​កម្សាន្ត​នៅ​ប្រទេស​គេ គឺជា​ការ​បង្ហូរ​សេដ្ឋកិច្ច​ទៅ​កាន់​ប្រទេស​គេ​ច្រើន ដែល​ជា​ចំណុច​មិនល្អ​សម្រាប់​ស្រុក​យើង ៕