ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បោះទុន​100​លាន​ដុល្លារ​វិនិយោគ​វិស័យ​វារីវប្បកម្ម​ទឹកសាប និង​សមុទ្រ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មើលឃើញ​សក្តានុពល​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ចិន​មួយ​បាន​សម្រេច​បោះទុន​ក្នុង​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​វិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​ទឹកសាប និង​សមុទ្រ​នៅ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មើលឃើញ​សក្តានុពល​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ចិន​មួយ​បាន​សម្រេច​បោះទុន​ក្នុង​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​វិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​ទឹកសាប និង​សមុទ្រ​នៅ​កម្ពុជា ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​ក្រុមហ៊ុន​ជី​ន យូ​តាំង (​ខេ​ម​បូ​ឌា​) ហ្វី​សឺ​រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ឧស្សាហូបនីយកម្ម​ជលផល កាលពី​រសៀល​ថ្ងៃ​ទី​៣១ មក​រា កន្លង​មក នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក Gan Weiming ទេសាភិបាល​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេសាទ​សមុទ្រ​ចិន (China Ocean Fishing Holding Limited) បាន​ឲ្យ​ដឹង​ថា ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ត្រៀម​រួចរាល់​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ចិញ្ចឹម​ត្រី​ក្នុង​ទឹកសាប និង​សមុទ្រ នៅ​ប្រទេស​កម្ពុជា ។

លោក​មាន​ប្រសាសន៍​ថា ៖ « ការ​វិនិយោគ​នឹង​បែងចែក​ជា​៣​ដំណាក់កាល ដោយ​ដំណាក់​ទី​១ វិនិយោគ​ក្នុង​ទឹកប្រាក់​១០​លាន​ដុល្លារ ដំណាក់​ទី​២ ចំនួន​៣០​លាន​ដុល្លារ និង​ដំណាក់​ទី​៣ ចំនួន​៦០​លាន​ដុល្លារ ។ ក្រុមហ៊ុន​របស់​លោក​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Khmer Holding Group ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឆាវ អុ​ិ​ន​ទ័​រ ដើម្បី​វិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​ទឹកសាប និង​សមុទ្រ​ឲ្យ​ទទួល​បាន​ជោគជ័យ » ។

លោក​បញ្ជាក់​ថា ៖ « គម្រោង​វិនិយោគ​លើ​វិស័យ​ចិញ្ចឹម​ត្រី​ក្នុង​ទឹកសាប និង​ទឹកសមុទ្រ​នេះ គឺ​ក្នុង​គោលបំណង​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នាំ​ចេញ ។ មូលហេតុ​ដែល​ក្រុម​ហ៊ុន​បោះទុន​លើ​វិស័យ​នេះ ដោយសារ​ប្រទេស​កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ងាយស្រួល ដែល​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​រៀបចំ​បច្ចេកទេស​ចិញ្ចឹម និង​ប្រមូល​ផល​នេសាទ កសាង​ឃ្លាំង បង្កើត​រោងចក្រ​កែ​ច្នៃ ផល​នេសាទ​សម្រាប់​បម្រើ​ឲ្យ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក » ។

លោក Gan បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក​នឹង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា សម្រាប់​ការ​វិនិយោគ​នេះ ក្នុង​នោះ​ខាង​ភាគី​ក្រុមហ៊ុន គឺជា​អ្នក​ផ្តល់​ពូជ ចំណី និង​បច្ចេក​ទេស ដល់​ពួក​គាត់ ហើយ​ផល​ដែល​បាន​មក ពួក​គាត់​អាច​លក់​ឲ្យ​ក្រុមហ៊ុន​វិញ​ក្នុង​តម្លៃ​ទីផ្សារ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ឲ្យ​ដឹង​ថា ជំហាន​ដំបូង ក្រុមហ៊ុន​នឹង​បង្កើត​តំបន់​សាកល្បង​ចិញ្ចឹម​ត្រី​ឌី​ឡាប​យ៉ា ក្នុង​ផ្ទៃ​ស្រះ​ទំហំ​២០០​ហិ​កតា​ក្នុង​គម្រោង​វិនិយោគ​លើ​ផ្ទៃ​ស្រះ​ជាង​២.០០០​ហិ​កតា ។

លោក យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ចាប់ផ្តើម​ធ្វើ​ចាប់ពី​ចុះហត្ថលេខា អនុវត្ត​ឲ្យ​មានគុណ​ភាព​ខ្ពស់ និង​មាន​តម្លៃ​ទាប​ជាង​ប្រទេស​ជិតខាង ។ លោក​បញ្ជាក់​ថា ៖ « កម្ពុជា​មានទឹក មាន​ដី និង​អ្វី​គ្រប់យ៉ាង​សម្បូរ​បែប​ហើយ​។ សូមកុំ​ឲ្យ​ត្រី​ចូល​ពី​បរទេស​មក​ទៀត » ។

លោក​ទេស​រដ្ឋមន្ត្រី វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ក្តី​បារម្ភ​ថា កម្ពុជា​មានការ​បារម្ភ​ក្នុង​ការ​ចិញ្ចឹម​ត្រី ដោយសារ​តែ​មធ្យោបាយ​ផលិត​ចំណី​ត្រី​នៅ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ផង​ដែរ ។ លោក​ថា ៖ « សេចក្ដី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា​ចេះ​តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ក្នុង​មួយ​ឆ្នាំ យើង​នាំ​ត្រី​ចូល​ច្រើន ទោះបី​ធនធានធម្មជាតិ​យើង​មាន​ក៏​ដោយ ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មានការ​បារម្ភ យើង​នឹង​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន » ។

លោក​បន្ដ​ថា ក្រសួង​ក៏​បាន​សហការ​ជាមួយ ដៃគូ​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ផង​ដែរ ក៏​ប៉ុន្ដែ​ក្រសួង​ខិតខំ​យ៉ាងណា ក៏​មិន​អាច​មាន​សន្ទុះ​ដែរ ដោយសារ​តែ​មធ្យោ​បាយ​ផលិត​ចំណី​ត្រី​នៅ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ។ កម្ពុជា​ប្រកួតប្រជែង​ចិញ្ចឹម​ត្រី​នៅ​បណ្ដា​ប្រទេស​ជិតខាង​ចាញ់​គេ ។

លោក​បន្ថែម​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​នេសាទ​សមុទ្រ​ចិន ធ្វើ​យ៉ាងណា ផលិត​ចំណី​ត្រី​នៅ​កម្ពុជា​ឲ្យ​អស់​លទ្ធភាព ហើយ​អ្វី​ដែល​កម្ពុជា​មាន ត្រូវ​តែ​ទិញ​វត្ថុធាតុដើម​មក​ផលិត​ជា​ចំណី​ត្រូវ​ឲ្យ​ល្អ​ប្រសើរ និង​ឆាប់​ធំ ។ គោលបំណង​របស់​ភាគី​ចិន គឺ​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​លក់​នៅ​បណ្ដា​ប្រទេស​​ជិតខាង​មួយ​ចំនួន​ទៀត ។

ជាមួយ​គ្នា​នេះ លោក​ទេស​រដ្ឋមន្ដ្រី​លើក​ឡើង​ថា ប្រទេស​កម្ពុជា​កន្លង​ទៅ​បាន​រៀបចំ​ទុកដាក់​ត្រី​ដើម្បី​យក​ទៅ​លក់​នៅ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ភាព​ច្រើន​ប្រើប្រាស់​អំបិល​ច្រើន ដែល​ប្រទេស​ក្នុង​ពិភពលោក​មិន​ត្រូវការ​ទេ ដោយសារ​មាន​អំបិល​ច្រើន ។ លោក​ថា ៖ « ឥឡូវនេះ ក្រសួង​វះ​យក​សាច់​ត្រី​ដាក់​ក្លាស​សេ ហើយ​យក​ទៅ​លក់​នៅ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ។ នេះ​ជា​យុទ្ធសាស្ដ្រ ក្នុង​ការ​នាំ​ចេញ​ថ្មី​របស់​ក្រសួង និង​ចំណេញ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ » ។

លោក​បញ្ជាក់​ថា ៖ « កម្ពុជា​បាន​នាំ​ចេញ​ត្រី​ប្រមាណ​១៤​ពាន់​តោន​ក្នុង​មួយ​ឆ្នាំទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន ។ នេះ​ជា​ផលិតផល​មួយ​ដែល​ប្រជាពលរដ្ឋ​ផលិត​ជា​លក្ខណៈ​គ្រួសារ ។ គោលបំណង​របស់​ក្រសួងកសិកម្ម គឺ​ផលិត​ត្រី​នាំ​ចេញ​ទៅ​ប្រទេស​ក្រៅ » ។

គួរ​បញ្ជាក់​ថា ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ភាគី​នៃ​កិច្ចសន្យា​ត្រូវធ្វើ​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​ដូច​ខាងក្រោម ៖
១-​អភិវឌ្ឍន៍​វារីវប្បកម្ម រួម​ទាំង​ការ​បង្កើន​ផល​ស្តុក​ធនធាន​ជលផល​ធម្មជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​គ្រប់គ្រង​វិស័យ​ជលផល​ឲ្យ​មាន​និរន្តរភាព ។
២-​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​បច្ចេកវិទ្យា​វារីវប្បកម្ម ។
៣-​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ខ្សែ​សង្វា​ក់​ផលិតកម្ម​ជលផល និង​វារីវប្បកម្ម ។
៤-​អនាម័យ និង​ភូតគាម​អនាម័យ​ផលិតផល​ជលផល (SPS) ។
៥-​ការ​ធ្វើ​ពាណិជ្ជកម្ម ។
៦-​ការ​វិនិយោគ​លើ​ការ​បង្កាត់​ភ្ញាស់ ការ​ចិញ្ចឹម​យក​សាច់ ការ​ផលិត​ចំណី​ត្រី ការ​កែ​ច្នៃ​ផលិតផល​ជលផល និង​ធុរកិច្ច​ជលផល ៕