ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ថា​បក្ស​កាន់​អំណាច​មិន​គាបសង្កត់​លោក សម រ​ង្ស៊ី​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា អ្វី​ដែល​កើតឡើង​ចំពោះ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា អ្វី​ដែល​កើតឡើង​ចំពោះ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​បរទេស​នោះ មិនមែន​គណបក្សកាន់អំណាច​គាបសង្កត់​គាត់​នោះ​ទេ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កុម្ភៈ តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ហៅ​ថា តេ​ឡេ​ក្រាម​ថា ប្រទេស​កម្ពុជា ដើរ​តាម​គន្លង​នៃ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​និង​ពង្រឹង​នីតិរដ្ឋ ។ ផ្អែក​លើ​មូលដ្ឋាន​នេះ ទន្ទឹម​នឹង​ការ​បើក​ទូលាយ​លទ្ធិប្រជាធិបតេយ្យ​ក៏​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ផង​ដែរ ដើម្បី​សង្គម​មួយ​មាន​របៀបរៀបរយ មាន​សណ្តាប់ធ្នាប់​សាធារណៈ​សង្គម​ល្អ​ស្ថិត​នៅ​ក្រោម​ច្បាប់ ទើប​ហៅ​ថា សង្គម​ស៊ី​វី​ល័យ ជឿនលឿន ដូច្នេះ​ជន​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

លោក​បញ្ជាក់​ថា ដូច​ករណី សម រ​ង្ស៊ី ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ សម រ​ង្ស៊ី ត្រូវ​តែ​ទទួលទោស​តាម​ផ្លូវច្បាប់ ស្រប​ទៅ​តាម​ស្ថាន​ទម្ងន់ទោស និង​កម្រិត​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​តុលាការ​ក៏​ដំណើរការ​នីតិវិធី​ទៅ​តាម​គោលការណ៍​ច្បាប់​លើ​អំពើ​ល្មើស​នោះ​ដែរ ។ លោក​ថា​ចំណាត់ការ​តាម​នីតិវិធី​នេះ គឺជា​លទ្ធផល​នៃ​អំពើ​ល្មើសច្បាប់​របស់​សម រ​ង្ស៊ី មិន​មាន​អ្នក​ណា​បង្កើត ឬ​ប្រឌិត​ឲ្យ​សម រ​ង្ស៊ី​ទេ ។ ដូច្នេះ​មិន​អាច​ចោទ​ថា គេ​ឬ​បក្ស​កាន់​អំណាច​គាបសង្កត់ សម រ​ង្ស៊ី ទ្បើ​យ​គឺ​សម រ​ង្ស៊ី គាបសង្កត់​ខ្លួនឯង តាម​រយៈ​ទ​ង្វើ​ល្មើសច្បាប់​ដោយ​ខ្លួនឯង ។ ផ្ទុយ​ទៅ​វិញ​បើ​សម រ​ង្ស៊ី មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់ ហើយ​ស្រាប់តែ​អាជ្ញាធរ​ឬ​តុលាការ​ទៅ​រករឿង​ទើប​អាច​និយាយ​ថា មានការ​គាបសង្កត់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្នុង​នាម​ជា​អ្នកនយោបាយ សម រ​ង្ស៊ី ត្រូវ​តែ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន ហើយ​ទទួលយក​ការណ៍​ពិត​ទេ​ី​ប​ហៅ​ថា​ក្លាហាន​ជា​គំរូ​ដល់​អ្នក​ដទៃ តែ​កុំ​ចោទ​អ្នក​ដទៃ​ថា​គេ​គាបសង្កត់​ខ្លួន​ឲ្យ​សោះ​។ កន្លង​ទៅ លោក​សម រ​ង្ស៊ី បាន​និយាយ​បរិហារ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ខុស​ពី​ការណ៍​ពិត​ធ្វើ​ឲ្យ​ខូច​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​ត្រូវ​រង​បណ្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី​ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល ។ លោក​សម រ​ង្ស៊ី នៅ​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ទៀត​ដែល​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​និយាយ​បរិហារកេរ្តិ៍ ការ​និយាយ​លាប​ពណ៌ ការ​មួលបង្កាច់​បង្ខូចកេរ្តិ៍ ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ធ្ងន់ធ្ងរ មិន​អាច​អត់ឱន​ឲ្យ​បាន ដែល​លោក​សម រ​ង្ស៊ី ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ នេះ​ហើយ​ហៅ​ថា​នីតិរដ្ឋ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កំពុង​តែ​បង្ហាញ​ពី​ភាព​ស្លន់ស្លោ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​រដ្ឋសភា ក្នុង​ខែកក្កដា ឆ្នាំ​២០១៨ កាន់តែ​ឈាន​ចូល​មក​ជិត ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា ដោយសារ​តែ​គាត់​យល់​ច្បាស់​ថា គាត់​មិន​អាច​រារាំង​បាន​ទេ​ចំពោះ​ឆន្ទៈ​ប្រជារាស្ត្រ ដែល​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​នយោបាយ​សព្វថ្ងៃ គាត់​បែរជា​មក​រករឿង​កាន់តែ​សាហាវ​ឡើង មក​លើ​រូប​ខ្ញុំ ពីព្រោះ​ខ្ញុំ​ជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​អំណាច​ផ្តាច់​ការ និង​អំពើ​ពុក​រលួយ​របស់​គាត់ និង​ក្រុម​គ្រួសារ​គាត់ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សម រ​ង្ស៊ី​បាន​លើក​ឡើង​ថា ទ​ង្វើ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​មាន​ប្រសិទ្ធភាព​ទេ នឹង​នាំ​មក​នូវ​បរាជ័យ​កាន់តែ​ឆាប់​ចំពោះ​គណបក្សកាន់អំណាច​សព្វថ្ងៃ ដែល​កំពុង​តែ​ជ្រួលច្របល់​ពី​ការ​ចាញ់ឆ្នោត​នៅ​ពេល​ខាង​មុខ ៕