ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​មិន​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​3​រូប​បំភ្លឺ បក្ស​ប្រឆាំង​ក្នុង​សភា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សមាជិក​សភា​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា មាន​គម្រោង​កោះហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ដើម្បី​សួរនាំ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សមាជិក​សភា​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា មាន​គម្រោង​កោះហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ដើម្បី​សួរនាំ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ទាំងនោះ​ចូល​ទៅ​បំភ្លឺ​ទេ ។

យោង​តាម​ប្រសាសន៍​ប្រាប់​គេហទំព័រ Fresh News នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​៣​រូប​ចូល​ទៅ​បំភ្លឺ​នៅ​សភា តាម​ការ​អញ្ជើញ​របស់​គណបក្សប្រឆាំង​ទេ ព្រោះ​បក្ស​ប្រឆាំង​មិន​បាន​គោរព​ច្បាប់ និង​មិន​ចូល​ប្រជុំ​សភា ។ រដ្ឋមន្ត្រី​ទាំង​៣​រូប​នេះ មាន​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេ​ង សា​ខុន និង​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អ៊ិ​ត សំ​ហេង ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា «​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ទៅ​បំភ្លឺ​នៅ​សភា​ទេ អ្នកឯង​ត្រូវ​គោរព​ច្បាប់​ជា​មុន​សិន ចូល​ប្រជុំ​សភា​សិន បើ​អ្នកឯង​មិន​គោរព​ច្បាប់​ផង ឲ្យ​គេ​ចូល​បំភ្លឺ​យ៉ាង​ម៉េ​ច មិន​ឲ្យ​ទៅ​ទេ អ្នកឯង​ត្រូវ​គោរព​ច្បាប់​សិន​» ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣១ ខែមករា​កន្លង​ទៅ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុ​ន ឆ័​យ សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា ក្រុម​តំណាងរាស្ត្រ​របស់​គណបក្សប្រឆាំង នឹង​កោះហៅ​រដ្ឋមន្ត្រី​៣​រូប ឱ្យ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ពេល​សភា​ចូល​កង​វិញ នា​ខែមេសា​ខាង​មុខ​នេះ ។
ការ​បង្ហាញ​ជំហរ​របស់​ថ្នាក់ដឹកនាំ​គណ​ក្ស​កាន់​អំណាច​នេះ​គឺ បន្ទាប់​ពី​លោក កឹ​ម សុខា បាន​ធ្វើការ​សន្យា​ជាមួយ ប៉ុន្តែ​មិន​ធ្វើ​តាម ។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​រដ្ឋសភា បាន​ទម្លាយ​រឿង​ជំនួប​ជាមួយ​លោក កឹ​ម សុខា ថា​លោក កឹ​ម សុខា បាន​សន្យា​ជាមួយ​នូវ​ចំណុច​មួយ​ចំនួន​ជា​ថ្នូរ​នឹង​សុំ​ឲ្យ​ដោះ​លែង​សកម្មជន​ខ្លួន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​បាន​ធ្វើ​តាម​នោះ​ទេ ។

ចំពោះ​ការ​លើក​ឡើង​ទាំង​ប៉ុន្មាន​របស់​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​នេះ ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ​ថា​ជា​ការ​ឡើងក​ម្តៅ ខណៈ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​មិន​ចូល​តុ​ពិភាក្សា​គ្នា​នោះ ។

ទោះជា​យ៉ាងណា​ក្តី សម្រាប់​ការ​ពិភាក្សា​គ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា គណបក្សកាន់អំណាច​មិន​បាន​បិទ​ការ​ចរចា​ជាមួយ​គណបក្សប្រឆាំង​នោះ​ទេ ពោល​គឺ គណបក្ស ប្រឆាំង​បើ​ចង់​ចរចា​ត្រូវ​តែ​ចូល​តាម​រយៈ​រដ្ឋសភា ដែល​ជា​កន្លែង​ស្របច្បាប់ ៕