ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មគ្គុទេសក៍​ទ្ទេសចរណ៍​ចង់ឱ្យ​រក្សា​ទុក​ស្ថានីយ​ស្លដែក​សម្រាប់​បង្ហាញ​អ្នកទេសចរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ពេល ថ្មី​ៗ​ក​កន្លង​មក​សមាគម​មគ្គុទ្ទេសក៍​ខ្មែរ​អង្គរ​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការដ្ឋាន​កំណាយ​ស្ថានីយ​ស្លដែក​បុរាណ​មួយ ដែល​រក​ឃើញ​នៅ​ភូមិ​សាលា​ក្រវាន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ស្ថិត

ខេត្តសៀមរាប ៖ នា​ពេល ថ្មី​ៗ​ក​កន្លង​មក​សមាគម​មគ្គុទ្ទេសក៍​ខ្មែរ​អង្គរ​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការដ្ឋាន​កំណាយ​ស្ថានីយ​ស្លដែក​បុរាណ​មួយ ដែល​រក​ឃើញ​នៅ​ភូមិ​សាលា​ក្រវាន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ស្ថិត​ក្នុង​តំបន់​ការពារ​ទី​២​នៃ​រមណីយដ្ឋាន​អង្គរ ។ នេះ​ជា​ស្ថានីយ​លោហកម្ម​បុរាណ​ដែល​ប្រទះ​ឃើញ​មុនគេ​បង្អស់​នៅ​ក្នុង​តំបន់​អង្គរ ។

ការ​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ គឺ​ដើម្បី​ឈ្វេងយល់​ពី​អំពី​សារសំខាន់​នៃ​លោហៈ​សម្រាប់​ការ​ប្រើប្រាស់​នៅ​រាជធានី​អង្គរ ព្រមទាំង​ពិចារណា​ទ្បើ​ង​វិញ​អំពី​ប្រភព​ផ្គត់ផ្គង់​លោហៈ​ដល់​អង្គរ​។ តាម​រយៈ​លទ្ធផល​ដែល​រក​ឃើញ​ក្នុង​ការដ្ឋាន​កំណាយ គឺជា​ភស្តុ​តាង​ដ៏​សំខាន់​សម្រាប់​សិក្សា​អំពី​វិសាលភាព​នៃ​ទីតាំង​ផលិត​លោហៈ ព្រមទាំង​ពិនិត្យ​មើល​រចនាសម្ព័ន្ធ​នៃ​ចង្ក្រាន​ស្លដែក ក្នុង​ស្ថានីយ​លោហកម្ម​បុរាណ​ដែល​ប្រទះ​ឃើញ​មុនគេ​បង្អស់​នៅ​ក្នុង​តំបន់​អង្គរ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មគ្គុទ្ទេសក៍​លើ​ផ្នែក​អភិរក្ស និង​វិស័យ​ទេសចរណ៍ ។

លោក​អៀង ប៉ោ​ហេង ពី​សមាគម​មគ្គុទ្ទេសក៍​ខ្មែរ​អង្គរ​ផ្នែក​ភាសា​អង់គ្លេស​បាន​លើក​ឡើង​ថា នេះ​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដែល​បាន​ទទួល​ការ​អញ្ជើញ​ពី​អ្នកជំនាញ​មក​កាន់​ស្ថានីយ​កំណាយ​នេះ ដើម្បី​ស្តាប់​បទ​បង្ហាញ និង​ឈ្វេងយល់​ដោយ​ផ្ទាល់​ពី​របកគំហើញ​ថ្មី​នៃ​ការ​ស្លដែក​ពី​សម័យ​បុរាណ ។ លោក​ចាប់អារម្មណ៍​បំផុត គឺ​ស្ថានីយ​នេះ​ជា​កន្លែង​ផលិត​លោហៈ​បុរាណ ដែល​ប្រទះ​ឃើញ​ដំបូង​បង្អស់​នៅ​ក្នុង​តំបន់​អង្គរ អស់​រយៈពេល​១៥០​ឆ្នាំ​ក្រោយ​ពី​ការ​ផ្តើម​ការ​ស្រាវជ្រាវ​អំពី​អង្គរ​។ ភស្តុ​តាង​ដែល​បាន​រក​ឃើញ​ជា​អំណះអំណាង​បន្ថែម​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ពី​ភាព​អស្ចារ្យ​របស់​អាណាចក្រ​ខ្មែរ​អង្គរ ដែល​សាងសង់​ប្រាសាទ​បានជា​ច្រើន​ដោយ​ប្រើ​ថ្ម ធំ​ៗ ថា​តើ​គាត់​មាន​អ្វី​កាត់​ថ្ម គ្រឿង​លើកដាក់​ថ្ម ពិសេស​គឺ​ជំនាញ​បច្ចេកទេស​ស្លដែក និង​ការ​ផលិត​សព្វាវុធ​ការពារ​ក្រុង​អង្គរ ។ 

ក្នុង​នាម​ជា​មគ្គុទ្ទេសក៍​ម្នាក់ ត្រូវ​ដឹង​ឱ្យ​ច្បាស់ និង​ឱ្យ​ច្រើន​ពី​តំបន់​ទេសចរណ៍​របស់​យើង​ទាំង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌​ប្រពៃណី បុរាណវិទ្យា និង​រឿង ផ្សេង​ៗ​ទៀត​ដើម្បី​និយាយ​ជូន​ភ្ញៀវ​ស្តាប់ ។ ដូច្នេះ​ហើយ​ចូលរួម​អបអរ​ចំពោះ​លទ្ធផល​កំណាយ​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ​ទៅ​កាន់​ទេសចរ​ឱ្យ​បាន​ទូលំទូលាយ ។

លោក​អៀង ប៉ា​ហេង សំណូមពរ​ម្ចាស់​ស្រែ​និង​អ្នកមាន​សមត្ថកិច្ច​ឱ្យ​រក្សា​កន្លែង​នោះ​ទុក​ដើម្បី​នាំ​ទេសចរ​ទៅ​ទស្សនា ដែល​បង្កើត​ការងារ​ដល់​អ្នកស្រុក​តាម​រយៈ​ការ​លក់ដូរ​ផង​ដែរ ។

លោក​ជុំ ដា​លី​ន ពី​សមាគម​មគ្គុទ្ទេសក៍​ខ្មែរ​អង្គរ​ផ្នែក​ភាសា​អង់គ្លេស​ដូច​គ្នា និយាយ​ថា​វា​ជា​ការ​រក​ឃើញ​ថ្មី​មួយ​ដ៏​គួរ​ឱ្យ​រីករាយ​ចំពោះ​ភស្តុ​តាង​នេះ ។ លោក​គាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ជួយ​លាតត្រដាង​ពី​ការ​រក​ឃើញ ថ្មី​ៗ​នៅ​ក្នុង​តំបន់​អង្គរ ដើម្បី​រួមចំណែក​អភិរក្ស និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍។ លោក​ចង់ឱ្យ​អភិរក្ស​ទី​នេះ​ទៅ​ជា​សារមន្ទីរ ដើម្បី​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ដែល​អាច​ពន្យារពេល​ទេសចរ​ឱ្យ​ស្នាក់​នៅ​បាន​យូរ នោះ​ប្រាក់​ចំណូល​ដល់​ប្រជា​ជន​និង​ប្រទេស​ក៏​បាន​ល្អ​ប្រសើរ​ដែរ ។ លោក​ជឿជាក់​ថា ទីនោះ​នឹង​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន ព្រោះ​ទេសចរ​ក្រៅពី​ចូល​ចិត្ត​ទស្សនា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​ហើយ​នោះ ពួក​គេ​ក៏​ចូល​ចិត្ត​ឈ្វេងយល់​ពី​តំបន់​បុរាណវិទ្យា របកគំហើញ ថ្មី​ៗ​ដែរ ណាមួយ​ទីតាំង​ភូមិសាស្ត្រ​នោះ​ក៏​ជាប់​នឹង​ប្រាសាទចៅស្រីវិបុល និង​ផ្លូវ​ទៅ​ភ្នំ​គូលែន​ទៀត​ផង ។

ស្ថានីយ​ស្លដែក​បុរាណ​មួយ​នេះ​ត្រូវ​ក្រុម​ស្រាវជ្រាវ​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​ដោយ​លោក​អុ​ឹ​ម សុខ​រិ​ទ្ធី បើក​កំណាយ​ស្រាវជ្រាវ​ជា​លើក​ទី​២​រយៈពេល​១០​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៧ ហើយ​ចំពោះ​លទ្ធផល​ដែល​បាន​រក​ឃើញ​ពី​ការ​កំណាយ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​បន្ទាប់​ពី​បញ្ចប់​ការ​កំណាយ​ជា​ស្ថាពរ ៕