ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ​នឹង​កាន់តែ​ងាយស្រួល

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ ដើម្បី​ដាក់​ថៃ​ឲ្យ​ក្លាយជា​ប្រទេស​កំពូល​ពាណិជ្ជកម្ម​ទាំង​២០ នៅ​លើ​ពិភពលោក ក្នុង​ខែឧសភា ។

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ ដើម្បី​ដាក់​ថៃ​ឲ្យ​ក្លាយជា​ប្រទេស​កំពូល​ពាណិជ្ជកម្ម​ទាំង​២០ នៅ​លើ​ពិភពលោក ក្នុង​ខែឧសភា ។

ឧបនាយករដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Sontirat Sontijirawong ថ្លែង​ថា ៖ « នាយកដ្ឋាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ទំនើប​កម្ម​ការងារ និង​តួនាទី​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ឲ្យ​មានការ​បង្កើត និង​ការ​លូតលាស់​អាជីវកម្ម​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ » ។

ស្ថិត​ក្រោម​គម្រោង​នេះ នាយកដ្ឋាន​មាន​គោលបំណង​ទាក់ទាញ​វិនិយោគិន​ឲ្យ​កាន់តែ​ច្រើន ដោយ​កាត់​បន្ថយ​រយៈពេល​អនុម័ត​អាជីវកម្ម តាម​រយៈ​ការ​ចុះបញ្ជី​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ចាប់ពី​១០​ថ្ងៃ មក​ត្រឹម​៤​ថ្ងៃ​វិញ ។ នាយកដ្ឋាន​ឱ្យ​ដឹង​ថា នឹង​ត្រូវការ​រយៈពេល​តិច​ជាង​២០​ថ្ងៃ​ដើម្បី​បង្កើត​អាជីវកម្ម ខណៈ​បច្ចុប្បន្ន​មាន​រយៈពេល​២១​ថ្ងៃ ។

លោក​បន្ត​ថា ៖ « នីតិវិធី​ថ្មី​នេះ គួរតែ​អនុវត្ត​ក្នុង​ខែឧសភា ហើយ​វា​នឹង​ជួយ​សន្សំ​សំចៃ​ពេលវេលា និង​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ថៃ​ផង​ដែរ » ។

លោក Sontirat ក៏​បាន​អំពាវនាវ​ឲ្យ​នាយកដ្ឋាន​ធ្វើ​ទំនើប​កម្ម និង​កែប្រែ​ឡើង​វិញ ដើម្បី​ក្លាយជា​នាយកដ្ឋាន​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ជួយ​សម្រួល​ដល់​ការ​ចុះបញ្ជី​អាជីវកម្ម ។

ដើម្បី​លើកកម្ពស់​ក្រុមហ៊ុន​ក្នុង​ការ​ចុះ​ឈ្មោះ និង​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ លោក Sontirat ឱ្យ​ដឹង​ថា នាយកដ្ឋាន​នឹង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន​ដាក់​សមតុល្យ​គណនី​របស់​ពួក​គេ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ឆ្នាំ​នេះ ។

កាលពី​ឆ្នាំ​មុន មាន​ក្រុមហ៊ុន​ប្រហែល​៧៧%​ក្នុង​ប្រទេស​ថៃ បាន​ដាក់​សមតុល្យ​គណនី​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​បំពេញ​ឯកសារ​អន​ឡាញ ។ នៅ​ឆ្នាំ​នេះ នាយកដ្ឋាន​រំពឹង​ថា តួលេខ​នេះ​នឹង​កើនឡើង​ដល់​៨៥% ។

ក្នុង​គោលបំណង​ជំរុញ​កំណើន​ពាណិជ្ជកម្ម នាយកដ្ឋាន​នឹង​ជ្រើសរើស​សហគ្រាស​ធុន​តូច និង​មធ្យម ចាប់ពី​៣ ទៅ​៥​ពាន់​ដើម្បី​ប្រែក្លាយ​សហគ្រាស​ទាំងនេះ​ទៅ​ជា​ពាណិជ្ជករ​អន្ដរជាតិ ។ ដូច្នេះ ពួក​គេ​នឹង​អាច​បង្កើត​ប្រាក់​ចំណូល​កាន់តែ​ច្រើន​សម្រាប់​ជាតិ ។

សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនេះ​នឹង​ផ្តោត​ចម្បង​ទៅ​លើ​ផ្នែក​សេវាកម្ម ដោយសារ​ផ្នែក​នេះ​មាន​និន្នាការ​កើនឡើង​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន រួម​មាន ការ​ថែទាំ​សុខភាព ការ​ថែទាំ​មនុស្ស​ចាស់ និង​ទេសចរណ៍​ជាដើម ៕