ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ចប់​សេចក្តីព្រាងច្បាប់​ទាក់ទង​នឹង​អាហារ​ហា​ឡា​ល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧស្សាហកម្ម​អាហារ​ហា​ឡា​ល់ និង​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​អាហារ​បែប​ហា​ឡា​ល់​រួច​ហើយ ខណៈ​វិស័យ​ឯកជន​កំពុង​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧស្សាហកម្ម​អាហារ​ហា​ឡា​ល់ និង​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​អាហារ​បែប​ហា​ឡា​ល់​រួច​ហើយ ខណៈ​វិស័យ​ឯកជន​កំពុង​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការងារ​នេះ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក ដាម ប៊ុ​ន​ថាំ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា​ថា កម្ពុជា​បាន​បញ្ចប់​សេចក្តី​​ព្រាង និង​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​អាហារ​ហា​ឡា​ល់ ដើម្បី​ចងក្រង​ផែនទី​បង្ហាញផ្លូវ​រៀបចំ​ស្លាក​សញ្ញា និង​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់ដា​សម្រាប់​ផលិតផល​នេះ សំដៅ​ផ្សព្វផ្សាយ​ជូន​ពាណិជ្ជករ និង​សាធារណជន​ឲ្យ​បាន​នៅ​ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៧ ។

ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា លោក ដាម ប៊ុ​ន​ថាំ ថ្លែង​ថា ប្រទេស​ថៃ​មាន​បំណង​ចង់​អភិវឌ្ឍន៍​ឧស្សាហកម្ម​អាហារ​ហា​ឡា​ល់​នៅ​កម្ពុជា ដោយ​ភាគី​ថៃ​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ខ្នាត​តូច​មួយ​នា​ខែមេសា​ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ ។ ប្រទេស​ថៃ​មាន​បំណង​នាំ​អាហារ​ប្រភេទ​នេះ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ដើម្បី​បម្រើ​សហគមន៍​មូ​ស្លី​ម ដែល​មាន​ចំនួន​ជាង​១០០​សហគមន៍ និង​ភ្ញៀវ​ទេសចរ​ជា​សាសនិក​អ៊ិ​ស្លា​ម ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា អាហារ​ហា​ឡា​ល់​នៅ​កម្ពុជា​មាន​កម្រិត ដែល​អាច​ទទួលភ្ញៀវ​បាន​សម្រាប់​ក្រុម​តូច​ៗ​ប៉ុណ្ណោះ ។ ហេតុនេះ កម្ពុជា​គួរ​ពង្រីក​ភោជនីយដ្ឋាន និង​ស្តង់ដា​អាហារ​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ចាប់​យក​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​អា​រ៉ាប់​ឲ្យ​ច្រើន​ចូល​មក​កម្ពុជា ព្រោះ​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​អា​រ៉ាប់ ជា​ភ្ញៀវ​មានគុណ​ភាព ចំណាយ​ប្រាក់​ច្រើន និង​ត្រូវការ​ស្តង់ដា​អាហារ និង​សេវា​បដិសណ្ឋារកិច្ច​ខ្ពស់​ជាង​ភ្ញៀវ​មក​ពី​អឺរ៉ុប​ទៀត​ផង ។

លោកស្រី​បន្ត​ថា ៖ « ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​នៅ​អា​រ៉ាប់​ជាទី​ផ្សារ​ធំ​ណាស់ ហើយ​ពួក​គេ​បាន​ចាប់អារម្មណ៍​មក​ទស្សនកិច្ច​នៅ​កម្ពុជា ប៉ុន្តែ​កម្ពុជា​មិន​ទាន់​បាន​រៀបចំ​ខ្លួន​រួចរាល់​ដើម្បី​ទទួល​ពួក​គេ​នៅឡើយ ។ ប្រសិនបើ​កម្ពុជា​រៀបចំ​អាហារ​ប្រភេទ​ហា​ឡា​ល់ និង​សេវា​បដិសណ្ឋារកិច្ច​បាន​ល្អ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​មក​ពី​អា​រ៉ាប់​ច្រើន » ។

អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា លោក ហូ វ​ណ្ឌី ថ្លែង​ថា រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​មក​ពី​ពិភព​អា​រ៉ាប់​បាន​កើនឡើង​ច្រើន ដោយសារ​មានការ​វិនិយោគ​លើ​ភោជនីយដ្ឋាន សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​ការ​ភ្ជាប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន Qatar Airway និង Malaysia Airway ប៉ុន្តែ​សេវាកម្ម​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន គឺ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ និង​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​អា​រ៉ាប់​ឲ្យ​បាន​ច្រើន ។

លោក​បន្ត​ថា ៖ « ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​អា​រ៉ាប់​ចំណាយ​ប្រាក់​ច្រើន ជាក់ស្តែង នៅ​ប្រទេស​ថៃ ទទួល​បាន​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​ទាំងនោះ​រាប់​លាន​នាក់ ខណៈ​កម្ពុជា​ទទួល​បាន​ចំនួន​តិច​នៅឡើយ ។ ដូច្នេះ ការ​ពង្រឹង​លើ​សេវា​បដិសណ្ឋារកិច្ច អនាម័យ និង​ចរាចរណ៍​ឲ្យ​មាន​សណ្តាប់ធ្នាប់​បាន​ច្រើន នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ច្រើន​ថែម​ទៀត»៕