ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេហទំព័រ​ទេសចរណ៍​អង្គរ​ថ្មី​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​1 ខែកុម្ភៈ នេះ​ហើយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គេហទំព័រ​ទេសចរណ៍​អង្គរ (www.angkor.com.kh) ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​អប្សរា គឺជា​ប្រភព​ព័ត៌មាន​ដ៏​សម្បូរ​បែប​សម្រាប់​ភ្ញៀវ​ទេសចរ​ស្វែងរក​ព័ត៌មាន​ទេសចរណ៍ ផ្សេង​ៗ

ខេត្តសៀមរាប ៖ គេហទំព័រ​ទេសចរណ៍​អង្គរ (www.angkor.com.kh) ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​អប្សរា គឺជា​ប្រភព​ព័ត៌មាន​ដ៏​សម្បូរ​បែប​សម្រាប់​ភ្ញៀវ​ទេសចរ​ស្វែងរក​ព័ត៌មាន​ទេសចរណ៍ ផ្សេង​ៗ នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ។

តាម​ការ​បញ្ជាក់​លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​អប្សរា​ឲ្យ​ដឹង​ថា គេហទំព័រ​ថ្មី​នេះ​ដើរតួ​នាទី​ចម្បង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ជា​ពិសេស​ផ្តល់​ព័ត៌មាន សំខាន់​ៗ​សម្រាប់​ដំណើរ​ទេសចរណ៍ ប្រកបដោយ​បទ​ពិសោធន៍​ល្អ​ប្រសើរ​។ គេហទំព័រ​ថ្មី​នេះ​ក្រុមការងារ​អាជ្ញាធរ​អប្សរា​បាន​ចំណាយ​ពេលវេលា​ជិត​មួយ​ឆ្នាំ​មក​ហើយ​ដើម្បី​រៀបចំ​ឡើង ជា​ពិសេស​ក្នុង​ការ​រចនា​ឲ្យ​មាន​ភាព​សាមញ្ញ​បង្កប់​ដោយ​ភាព​ទាក់ទាញ ដោយ​មាន​ភ្ជាប់​ជាមួយ​រូបភាព​ជា​ច្រើន និង​ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មុន​នឹង​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ក៏​ដូច​ជា​អំឡុង​ពេល​ទស្សនា ជា​ពិសេស​គេហទំព័រ​ថ្មី​នេះ គឺជា​មធ្យោបាយ​នៃ​ការ​ផ្សារ​ភ្ជាប់​ការ​ទាក់ទង​រវាង​ភ្ញៀវ​ទេសចរ និង​ក្រុមការងារ តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​តារាង​បញ្ចេញមតិ ពេញចិត្ត ឬ​មិនសូវ​ពេញចិត្ត រួម​និង​សំណូមពរ ផ្សេង​ៗ​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ឲ្យ​ក្រុមការងារ​អាច​សិក្សា​កែសម្រួល​លើកកម្ពស់​សេវា​ទេសចរណ៍​អង្គរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។

លោក​សុខ សង្វារ បញ្ជាក់​បន្ថែម​ថា គេហទំព័រ​នេះ​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ដាក់​ឲ្យ​ដំណើរការ ក្រុមការងារ​បាន​ពិភាក្សា​គ្នា​ជាមួយ​ផ្នែក​ឯកជន ជា​ពិសេស​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ដែល​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​មានការ​ចូលរួម​មតិយោបល់ ផ្សេង​ៗ​ផង​ដែរ ។ លើស​ពី​នេះ​ក្រុមការងារ​ក៏​បាន​បង្ហាញ​ជូន​ក្រុម​អ្នកជំនាញ​ចំពោះ​កិច្ច​នៃ ICC-Angkor ដោយ​ទទួល​បានការ​ពេញចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ជំរុញ​ឱ្យ​ដំណើ​ការ​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ ។ គេហទំព័រ​នេះ​ក៏​នឹង​មានការ​អភិវឌ្ឍ​បន្ថែម​ជា​ប្រចាំ ក៏​ដូច​ជា​ការ​បន្ថែម​ភាសាបរទេស សំខាន់​ៗ​មួយ​ចំនួន លើ​ភាសា​អង់គ្លេស​ដែល​មាន​ស្រាប់ ។

ដោយឡែក​ចំពោះ​គេហទំព័រ​របស់​អាជ្ញាធរ​អប្សរា (www.apsaraauthority.gov.kh) និង​បណ្តាញ​ព័ត៌មាន Facebook (​អាជ្ញាធរ​ជាតិ​អប្សរា Apsara Authority) នៅ​តែ​ដំណើរការ​ធម្មតា ដោយ​ដើរតួ​នាទី​ផ្សព្វផ្សាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ផ្សេង​ៗ និង​ជា​ប្រភព​ឯកសារ​សម្រាប់​អ្នក​ស្រាវជ្រាវ​និង​អ្នក​សិក្សា​នានា​ក្នុង​ការ​ឈ្វេងយល់​អំពី​តួនាទី ភារកិច្ច និង​សមិទ្ធផល​របស់​អាជ្ញាធរ​អប្សរា ក្នុង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ប្រកបដោយ​ចីរភាព ៕