ខេត្តព្រះវិហារ ៖ យោងតាមការបង្ហាញតួលេខភ្ញៀវទេសចរជាតិក៏ដូចអន្តរជាតិ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន៤កន្លែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៧ ជាពិសេសភ្ញៀវទេសចរខ្មែរកាត់ចិនមានការកើនឡើងច្រើន បើធៀបនឹងឆ្នាំ២០១៦កន្លងទៅ ។
លោក ហង្ស វឌ្ឍីន មន្ត្រីស្ថិតិនៃមន្ទីរទេសចរណ៍ខេត្តព្រះវិហារ នៅថ្ងៃទី៣១ មករា បានឲ្យដឹងថា នៅតាមតំបន់រមណីយដ្ឋានធំៗចំនួន៤កន្លែងដូចជា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទកោះកែរ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះខ័ន្ធកំពង់ស្វាយ និង រមណីយដ្ឋានធម្មជាតិទឹកជ្រោះព្រះនិមិត្ត ជាប់ព្រំដែនកម្ពុជា-ឡាវរបស់ខេត្តព្រះវិហារ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តយា៉ងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៧នេះ ប៉ុន្តែតំបន់ខ្លះមានការថយចុះតិចតួចដែរ ។
លោកបន្តថា តាមការសង្កេតឃើញថា ភ្ញៀវទេសចរដែលមកពីគ្រប់ទិសទី ក្នុងប្រទេស កម្ពុជា មកកម្សាន្តនៅរមណីយដ្ឋាននៅខេត្តព្រះវិហារនេះ ភាគច្រើនជាភ្ញៀវទេសចរជាតិខ្មែរកាត់ចិនតែម្តង ។ លោកបន្ថែមថា ចំពោះសេវាកម្មម្ហូបអាហារ កន្លែងស្នាក់ សម្រាប់បម្រើដល់ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ ក៏នៅមានកម្រិតនៅឡើយ ដោយភ្ញៀវខ្លះ បានវេចខ្ចប់ ម្ហូបអាហារ នំចំណីទៅដោយខ្លួនឯង ។
លោកបានបន្តថា បន្ទាប់ពីលេងកម្សាន្តនៅរមណីយដ្ឋានខាងលើរួចរាល់ ភ្ញៀវទេសចរមួយចំនួន ខ្លះត្រឡប់មកស្នាក់នៅក្រុងព្រះវិហារ ខ្លះទៀតបន្តដំណើរទៅកាន់ខេត្តសៀមរាប ឬខេត្តស្ទឹងត្រែង ព្រោះផ្លូវគមនាគមន៍តភ្ជាប់ពីទីប្រជុំជនក្រុងព្រះវិហារ ទៅកាន់តំបន់រមណីយដ្ឋាននីមួយៗរបស់ខេត្តព្រះវិហារ ឬតាមបណ្តាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តព្រះវិហារ មានភាពងាយស្រួលជាទីបំផុត ។
ជាមួយគ្នានេះដែរ លោក សុំ លំអង ជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ដែលបាន មកកម្សាន្តនៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះព្រះនិមិត្តរបស់ខេត្ត ព្រះវិហារជាប់ព្រំដែនកម្ពុជា ឡាវ បានសម្តែងនូវការសប្បាយរីករាយដោយឃើញនូវទេសភាពធម្មជាតិ ស្រស់បំព្រង គួរឲ្យគយគន់ ។ លោកក៏បានស្នើដល់ មន្ទីរទេសចរណ៍ខេត្តគួរតែពង្រីកនូវសេវាកម្មបម្រើ ភ្ញៀវទេសចរបន្ថែមទៀត ខណៈនៅតំបន់នោះ ពុំទាន់មានភោជនីយដ្ឋាន ឬអាហារនៅឡើយ ។ ភ្ញៀវទេសចរដដែលបានសំណូមពរដល់ភ្ញៀវទេសចរដទៃទៀត ត្រូវធ្វើយ៉ាងណារួមគ្នាថែរក្សាអនាម័យទាំងអស់គ្នានៅគ្រប់តំបន់រមណីយដ្ឋាន ដូចជាការចោលសំរាមជាដើម ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព រមណីយដ្ឋាន និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើនកុះករ ។
យោងតាមរបាយការណ៍រយៈពេល៣ថ្ងៃ របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារបង្ហាញថា តួលេខភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ក្នុងនោះភ្ញៀវជាតិមានចំនួន២.៤៦៤នាក់ កើនឡើង៨០,៥១% ភ្ញៀវអន្តរជាតិ មានចំនួន ៣៤៣នាក់ ថយចុះ៨% តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទកោះកែរ ភ្ញៀវជាតិមានចំនួន២.៣៦៧នាក់ កើនឡើង១១៥,១១% ភ្ញៀវអន្តរជាតិមានចំនួន៣៧៧នាក់ កើនឡើង៨,៩៥% តំបន់រមនីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ភ្ញៀវជាតិមានចំនួន៧១នាក់ ថយចុះ៦២% ភ្ញៀវអន្តរជាតិ២នាក់ ថយចុះ៨១% និងរមណីយដ្ឋានធម្មជាតិទឹកជ្រោះព្រះនិមិត្ត ភ្ញៀវជាតិ មានចំនួន៣.៩៨៩នាក់ និងភ្ញៀវអន្តរជាតិ១៣នាក់ កើនឡើង១០០% បើធៀបនឹងឱកាសបុណ្យចូលឆ្នាំចិន កាលពីឆ្នាំ២០១៦កន្លងទៅ ៕
ចែករំលែកព័តមាននេះ