ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផល​ថ្មីក្នុង​ខេត្តមណ្ឌលគិរីនឹង​ចេញ​ជា​រូប រាង​ក្នុង​​ពេល​ឆាប់​ៗ​​​នេះ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ ដើម្បី​ឱ្យខេត្តមណ្ឌលគិរីប្រែ​មុខមាត់​ថ្មី ​និងកាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ដែល​មក​ទស្សនា​កម្សាន្ត​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំនោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​សីហា ​ឯកឧត្តម ថង សា​វុន…

ខេត្ត​មណ្ឌលគិរី​ ៖ ដើម្បី​ឱ្យខេត្តមណ្ឌលគិរីប្រែ​មុខមាត់​ថ្មី ​និងកាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ដែល​មក​ទស្សនា​កម្សាន្ត​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំនោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​សីហា ​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន និង​បញ្ចុះ​បឋមសិលា​សាងសង់​រង្វង់​មូល«​រូបសំណាកដំរី» នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្បែរ​វិមាន​ឯករាជ្យ និង​សាងសង់​រូបសំណាកដំរី ក្រុង​សែន​មនោ​រម្យ សូម​ស្វាគមន៍ ស្ថិត​នៅ​ក្រៅ​ក្រុង លើ​កំណាត់​ផ្លូវជាតិ​លេខ ៧៦A ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សោ​ភ័ណ​ភាព ជា​ពិសេស ជា​ការ​រំលឹក​ពី​ប្រវត្តិសាស្ត្ររបស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ ។

ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​រង្វង់​មូល​រូបសំណាកដំរី និង​រូប​សំណាក​ដំរី ក្រុង​សែន​មនោ​រម្យ សូម​ស្វាគមន៍ នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​បង្កើន​នូវ​សមិទ្ធផល​បន្ថែម​របស់​ខេត្តមណ្ឌលគិរី ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ធានា​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ជា​ពិសេស ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព ខេត្តមណ្ឌលគិរីឲ្យ​មានការ​រីក​ចម្រើន ​។

ឯកឧត្តម​បញ្ជាក់​ថា សមិទ្ធផលដែល​នឹង​ចេញ​ជា​រូបរាង​នា​ពេល​ខាង​មុខ ពិតជា​ឆ្លុះ​បង្ហាញ​យ៉ាង​ច្បាស់ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ឲ្យ​ប្រទេស មាន​សុខ​សន្តិភាព និង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ ។ ឯកឧត្តមបញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ខេត្តមណ្ឌលគិរី ជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ បន្ទាប់​ពី​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ និង​តំបន់​សៀ​មរាប ក្នុង​ចក្ខុវិស័យ​នៃ​ផែន​ការ​មេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ​។

ទន្ទឹម​​នឹង​នេះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ណែនាំ និង​ជំរុញ​ដល់​មន្ទីរ​អង្គភាព និង​វិស័យ​ឯកជន រួម​ទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​គ្នា សាងសង់​រង្វង់​មូល​រូបសំណាកដំរី និង​រូប​សំណាកដំរី ក្រុង​សែន​មនោ​រម្យ សូម​ស្វាគមន៍​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ហើយ​ចូលរួម​សាងសង់ និង​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​ ។ បន្ថែម​លើស​នេះ ក៏​សូម​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព និង​បន្ត​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ៣​កុំ និង​៣​ការពារ ដើម្បី​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។

សូម​បញ្ជាក់​ថា ការ​សាងសង់​រង្វង់​មូល​រូបសំណាកដំរី មាន​ទំហំ​ផ្ទៃ​រង្វង់​មូល​ចំនួន១២,៦០​ម៉ែត្រ កម្ពស់​ដំរី៦,៦៣​ម៉ែត្រ និង​កម្ពស់​រូប​មេទ័ព៨​តឹក និង​រូបសំណាក់​ដំរី ក្រុង​សែន​មនោ​រម្យ សូម​ស្វា​គមន៍ ខឿន​មាន​បណ្តោយ ៧​ម៉ែត្រ ទទឹម ៤​ម៉ែត្រ កម្ពស់​ដំរី ៣,០៦​ម៉ែត្រ និង​ផ្លា​ក់​ទំហំ​ទំហំ​១,២៦​ម៉ែត្រ និង​ប្រវែង ៣,៦៩​ម៉ែត្រ នា​ពេល​នេះ សាងសង់​ដោយ​ក្រុម​សិក្សា​ប្លង់ និង​សំណង់ ហង់ ឃី​ម ។ ហើយ​ការ​សាងសង់​រូបសំណាក់​ដំរី​ទាំង​ពីរ​នេះ រយៈពេល​ចំនួន ៤​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២២ ៕​

អត្ថបទសរសេរ ដោយ