ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ប្រមូលផ្ដុំ​កីឡាករ​ប្រដាល់​សាកល​ចូល​ហ្វឹកហាត់​ជា​ផ្លូវការ

7 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០ មក​រា បាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​ប្រមូលផ្ដុំ​កីឡាករ​ប្រដាល់​សាកល​ថ្នាល​ឱ្យ​ចូល​ហ្វឹ​ត​ហាត់​ជា​ផ្លូវការ​ហើយ នៅ​ទីលាន​ហ្វឹកហាត់​ភូមិ​អរុណរះ ​ដែល​មាន​

ខេត្ដកណ្ដាល ៖ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០ មក​រា បាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​ប្រមូលផ្ដុំ​កីឡាករ​ប្រដាល់​សាកល​ថ្នាល​ឱ្យ​ចូល​ហ្វឹ​ត​ហាត់​ជា​ផ្លូវការ​ហើយ នៅ​ទីលាន​ហ្វឹកហាត់​ភូមិ​អរុណរះ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ។

លោក យី សុខសាន្ត តំណាង​ឱ្យ​អង្គការ​ភូមិ​អរុណរះ​ បានឱ្យ​ដឹង​ថា អង្គការ​លោក​បាន​ចិញ្ចឹម​កុមារ​កំព្រា​គ្រប់​ប្រភេទ​មាន​រហូត​ដល់​ទៅ​ជាង​៣០០​នាក់ ហើយ​លោក​តែង​មាន​ក្ដី​ស្រមៃ​ចង់បាន​ទីលាន​ហ្វឹកហាត់​កីឡាករ​ប្រដាល់​មួយ​ជា​ផ្លូវការ ប៉ុន្តែ​មិនដឹង​ថា ​តើ​ត្រូវធ្វើ​បែប​ណា​នោះ​ទេ ​ព្រោះតែ​ខ្វះ​ធនធាន ។ ប៉ុន្តែ​ក្រោយមក​លោក​បាន​ទាក់ទង​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​មានការចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ក្នុង​ការ​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ហ្វឹកហាត់​នេះ​ឡើង​។

ពេល​នេះ​អ្វី​ៗ​បាន​ក្លាយជា​ការ​ពិត​ហើយ គឺ​ក្ដី​ស្រមៃ​បាន​ក្លាយជា​ការ​ពិត ។ សមិទ្ធផល​ទាំង​អស់នេះ បើសិនជា​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ទេ នោះ​ក៏​គ្មាន​ពេល​នេះ​ដែរ ។

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា បានឱ្យ​ដឹង​ថា ទីលាន​ហ្វឹកហាត់​សម្រាប់​យុវជន​ថ្នាល​នេះ ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ព្រោះថា វា​ជា​ចំណែក​មួយ​យ៉ាង​សម្រាប់​ប្រមូលផ្ដុំ​យុវជន​ថ្នាល​ឱ្យ​ចូលរួម​ហ្វឹកហាត់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ហើយ​ក៏​ជា​កន្លែង​ហ្វឹក​ហាត់​ ​ដើម្បី​សុខភាព​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​រាជរ​ដ្ឋាភិ​បាល​ បាន​និង​កំពុង​តែ​យកចិត្តទុកដាក់​បំផុត​ទៅ​លើ​វិស័យ​កីឡា មិនតែប៉ុណ្ណោះ​ថែម​ទាំង​មានការ​មមាញឹក​ក្នុង​ការ​ជំរុញ​ធ្វើ​ផែនការមេ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ឯក ​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា កន្លង​មក សហព័ន្ធ​តែងតែ​រិះរក​គ្រប់​មធ្យោបាយ​ធ្វើ​យ៉ាងណា​ ដើម្បី​ស្វែងរក​ទីតាំង​​មួយ​កន្លែង​ដើម្បី​សាងសង់​ទីលាន​ហ្វឹកហាត់​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ស្តង់ដា​ពិតប្រាកដ សម្រាប់​បណ្ដុះបណ្ដាល​យុវជន​ថ្នាល​បន្តវេន ។ ដូច្នេះ​ពេល​នេះ​យើង​មាន​ហើយ គឺជា​ទីតាំង​មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដា​ត្រឹមត្រូវ មាន​គ្រូ​ចំនួន​២​នាក់ ​សម្រាប់​បង្ហាត់​ដល់​ពួក​គេ​ដែល​សព្វ​ថ្ងៃនេះ​ មាន​កីឡាករ​ថ្នាល​ដែល​សហព័ន្ធ​ធ្វើការ​ជ្រើសរើស​ឱ្យមក​ហ្វឹក​ហាត់​ជា​ប្រចាំ និង​បានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​១២​នាក់ ។ ដូច្នេះ​លោក​គិត​ថា ​វា​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​សហព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា ដែល​បាន​បង្កើត​ឱ្យ​មាន​ទីតាំង​ហ្វឹកហាត់​មាន​លក្ខណៈ​ស្តង់ដា​បែប​នេះ​ឡើង ។

លោក​ថា សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា មាន​ចក្ខុវិស័យ​ច្បាស់លាស់​ត្រឹមត្រូវ​ក្នុង​ការ​ដឹកនាំ ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​វិស័យ​កីឡាប្រដាល់​មានការ​រីក​ចម្រើន ។ ដូច្នេះ សមិទ្ធផល​ថ្មី​មួយ​នេះ​បាន​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពិតប្រាកដ​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ។

ទីលាន​ហ្វឹកហាត់​នេះ​ ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​ជាង​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក មិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានឱ្យ​ដឹង​ថា ពេលវេលា​នៃ​ការ​ហ្វឹកហាត់​ចាប់ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ប៉ុន្តែ​អាស្រ័យ​ទៅ​លើ​ក្មេង​ៗ​ដែល​ជាប់រវល់​រៀនសូត្រ​ផង​ដែរ ។ បើ​មាន​ក្មេង​ណា​រៀន​ព្រឹក​ពួក​គេ​នឹង​ត្រូវ​ហាត់​ពេល​ល្ងាច ហើយ​បើ​ក្មេង​ណា​មិន​រវល់ គឺ​ហាត់​ទាំង​ព្រឹក ទាំង​ល្ងាច​តែ​ម្ដង ៕