ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​សន្សំ​ប្រាក់​ពី​ថ្ងៃនេះ​ដើម្បី​ប្រយោជន៍​ទៅ​ថ្ងៃ​មុខ

7 ឆ្នាំ មុន

ភាសា​អង់គ្លេស​ប្រើ​ពាក្យ​ថា​«Saving» មាន​ន័យ​ថា សន្សំទុក មិនមែន​ចំណាយ​រហូត​ដល់​អស់​ឡើយ​។ សន្សំ គឺ​ពាក់ព័ន្ធ​នឹង​ប្រាក់ ពាក្យ​ថា​សន្សំ​ប្រាក់ និង​សន្សំទ្រព្យ​សម្បត្តិ​។ ពាក្យ​សន្សំ និង​ពាក្យ​កំណាញ់ មិន​ដូច​គ្នា​ទេ ។ ការ​សន្សំ ជា​ការ​

ភាសា​អង់គ្លេស​ប្រើ​ពាក្យ​ថា​«Saving» មាន​ន័យ​ថា សន្សំទុក មិនមែន​ចំណាយ​រហូត​ដល់​អស់​ឡើយ​។ សន្សំ គឺ​ពាក់ព័ន្ធ​នឹង​ប្រាក់ ពាក្យ​ថា​សន្សំ​ប្រាក់ និង​សន្សំទ្រព្យ​សម្បត្តិ​។ ពាក្យ​សន្សំ និង​ពាក្យ​កំណាញ់ មិន​ដូច​គ្នា​ទេ ។ ការ​សន្សំ ជា​ការ​ស្គាល់​ពី​ការ​រក្សា​ទុក​ឱ្យ​ល្អ ផ្ទុយ​ពី​មនុស្ស​កំណាញ់​ដែល​មិន​ស្គាល់​ពី​ការ​ប្រើប្រាស់ ឬ​មិន​ព្រម​ចាយវាយ ។

មនុស្ស​ជា​ច្រើន​មាន​សំណួរ​ថា នឹង​សន្សំ​ប្រាក់​ធ្វើ​អ្វី ហើយ​អ្នកខ្លះ​ប្រាប់​ថា នឹង​យក​អ្វី​មក​សន្សំ ខណៈ​ការ​ចាយវាយ​ក្នុង​មួយ​ថ្ងៃ​ៗ​នៅ​មិន​គ្រប់គ្រាន់​ផង​នោះ តើ​នឹង​យក​ប្រាក់​ពី​ណា​មក​សន្សំ​ទៀត ។ ការ​ស្គាល់​ពី​សន្សំ គឺ​ស្គាល់​ពី​ការ​បញ្ឈប់ ស្គាល់​ពី​ភាព​គ្រប់គ្រាន់​ក្នុងថ្ងៃនេះ​សម្រាប់​ទុក​នៅ​ថ្ងៃក្រោយ ហើយ​ការ​សន្សំ​នោះ គឺ​សន្សំ​មួយ​ថ្ងៃ​បន្តិច មិនមែន​នៅ​ពេល​ត្រូវការ​ចាយប្រាក់ ទើប​ធ្វើការ​រហូត​អស់កម្លាំង ឬ​ធ្វើការ​ធ្ងន់​ៗ​ដើម្បី​ទទួល​បាន​ប្រាក់​ច្រើន​ឡើយ ។

មនុស្ស​មួយ​ចំនួន​គិត​ថា ខ្លួន​មាន​លទ្ធភាព ប្រសិនបើ​ត្រូវការ​ប្រាក់ គឺ​អាច​ធ្វើ​ការងារ​ពិសេស ឬ​បន្ថែម​ម៉ោង នឹង​ទទួល​បាន​ប្រាក់​ច្រើន​ហើយ ប៉ុន្តែ​ការ​មាន​ប្រាក់​ច្រើន និង​ការ​សន្សំ​ប្រាក់​នោះ​មិន​ដូច​គ្នា​ទេ ។ ការ​សន្សំ​ចាត់ទុកជា​ទស្សនៈ​នៃ​ការ​ប្រមូលផ្តុំ ផ្ទុយ​ពី​សង្គម​សព្វថ្ងៃ ដែល​មាន​តែ​នាំ​ទៅ​រក​ការ​ចាយវាយ​ទៅ​លើ​គ្រឿង​បរិភោគ  ទំនិញ​ហូរហៀរ រហូត​ដល់​អ្នក​ទាំងនោះ​ក្លាយជា​អ្នក​សម្ភារ​និយម ។ បច្ចុប្បន្ន មិនសូវ​ជា​មាន​អ្នក​ចាប់អារម្មណ៍​លើ​ការ​សន្សំ​ប្រាក់​ទេ គឺ​មាន​តែ​រក​ឱកាស​ចាយ​ច្រើន​ជាង ។

ការ​សន្សំ​ប្រាក់​មាន​ប្រយោជន៍​យ៉ាងដូច​ជា ៖
១-​មាន​ប្រាក់​ទុក​ចាយវាយ​នា​ពេល​អនាគត និង​ពេល​កើតហេតុ​បន្ទាន់​ដូច​ជា ឈឺ​ថ្កាត់ បាត់បង់​ការងារ ឬ​កើត​គ្រោះថ្នាក់​ជាយថាហេតុ ។
២-​ប្រមូល​ទុក​សម្រាប់​ថ្លៃ​ចាយវាយ​ជា​ប្រាក់​ដុំ ដូច​ជា ប្រាក់​ធានា​រ៉ាប់រង​អាយុជីវិត​ជាដើម ។
៣-​ត្រៀម​លើ​ការ​ចាយវាយ​ចាំបាច់​តាម​ឱកាស​ដូច​ជា ការ​ជួសជុល​លំនៅ​ឋាន ជួសជុល​រថយន្ត និង​ការ​ទិញ​គ្រឿងសង្ហារិម​ផ្សេង​ៗ ។
៤-​សម្រាប់​ការ​កម្សាន្ត​រយៈពេល​ខ្លី ដូច​ជា ទិញ​ទូរទស្សន៍ ឬ​ដំណើរ​កម្សាន្ត ។
៥-​សម្រាប់​ការ​វិនិយោគ​រយៈពេល​យូរ ដូច​ជា ការ​ទិញ​លំនៅ​ឋាន ទិញ​ដីធ្លី​ជាដើម ។

យើង​ឃើញ​ថា ទាំង​៥​ចំណុច​នេះ​ជា​ការ​ចំណាយ​ដែល​មិន​បាន​កើតឡើង​ប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ចំណាយ​តាម​ឱកាស និង​ពេលវេលា​ផ្សេង​គ្នា ។ បើសិនជា​មិន​ស្គាល់​ពី​ការ​សន្សំ​ក្នុងថ្ងៃនេះ ហើយ​ដល់​ពេល​ត្រូវ​ចាយវាយ​ដូច​ការ​រៀបរាប់​ខាងលើ តើ​នឹង​យក​ប្រាក់​មកពីណា? បើ​អ្នក​គិត​ថា​នឹង​ខ្ចីប្រាក់ គឺ​មិនមែន​ជា​គំនិតល្អ​ប៉ុន្មាន​ទេ ព្រោះ​ភាគច្រើន វា​មិន​បង្ក​ឱ្យ​កើត​ប្រាក់​ចំណូល​នា​ពេល​អនាគត​ឡើយ ថែម​ទាំង​មាន​ភារកិច្ច​បង់ការ​ប្រាក់​ទៀត ។ ដូច្នេះ គួរតែ​សន្សំ​ប្រចាំ​ថ្ងៃ ថ្ងៃមួយ​វា​នឹង​ច្រើន និង​ក្លាយជា​សាច់ប្រាក់​ដុំ​។ តិច​និក គឺ​កុំ​ព្យាយាម​សន្សំ​ក្នុង​ចំនួន​ប្រាក់​ច្រើន ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​ចំណាយ​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ការ​សន្សំ​នោះ​មិន​អាច​អនុវត្ត​ទៅ​បាន​ទៀងទាត់ ហើយ​ចុង​ក្រោយ ក៏​ត្រូវ​បញ្ឈប់ ។

ផលប្រយោជន៍​មួយទៀត​នៃ​ការ​សន្សំ​ប្រាក់​ដែល​មនុស្ស​ភាគច្រើន​គិត​មិន​ដល់ គឺ​ការ​សន្សំ​សម្រាប់​រង់ចាំ​ឱកាស ។ បច្ចុប្បន្ន ប្រាក់​អាច​ចូល​ទៅ​ធ្វើការ​នៅ​គ្រប់​ជ្រុង​នៃ​សកល​លោក តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ។ បើ​ថ្ងៃមួយ ការ​វិនិយោគ​កើតឡើង​មក ហើយ​យើង​ចង់​ចាប់​យក​ឱកាស​នោះ ប៉ុន្តែ​គ្មាន​សាច់ប្រាក់​ដុំ ឬ​ប្រាក់​សន្សំទុក គឺ​អាច​យឺត​ពេល​ទៅ​ហើយ ។ ផ្ទុយ​ទៅ​វិញ ការ​សន្សំ​ប្រាក់​ជា​រឿយ​ៗ ហើយ​នៅ​ពេល​ឱកាស​មក​ដល់ នឹង​អាច​យក​ប្រាក់​នោះ​ទៅ​វិនិយោគ​បាន​ភ្លាម​ៗ ។

អនាគត​មិន​ប្រាកដប្រជា ការ​មាន​ប្រាក់​សន្សំទុក គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ​។ ប្រយោជន៍​របស់​ការ​សន្សំ​ប្រាក់​មាន​ច្រើន ទាំង​ភាព​ចាំបាច់​លើ​ការ​ចាយវាយ​បន្ទាន់ និង​ផ្នែក​វិនិ​យោគ ។ ការ​សន្សំ​ប្រាក់ គឺ​ដូចនឹង​ការ​សន្សំ​កម្លាំង​ដើម្បី​បំពេញការងារ​ក្នុង​ការ​រស់នៅ​ដែរ​។ ការ​សន្សំ ជា​ការ​ស្គាល់​ពី​ការ​ប្រើប្រាស់ ស្គាល់​ការ​បញ្ឈប់ មិនមែន​ជា​មនុស្ស​ស្វិត​មិន​ចំណាយ​ប្រាក់ ហើយ​ក៏​មិន​ចាយវាយ​រហូត​ទាល់តែ​អស់​គ្មាន​សល់​នោះ​ទេ​។ ចូរ​សន្សំ​ប្រាក់​ចាប់ពី​ថ្ងៃនេះ ដើម្បី​ប្រយោជន៍​ទៅ​ថ្ងៃ​មុខ ៕